(ភ្នំពេញ)៖ អង្គការសុខភាពពិភពលោកប្រចាំកម្ពុជា (WHO) និងក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១នេះ បានរៀបចំសិក្ខាសាលា តម្រង់ទិសការពង្រឹងការចូលរួមសហគមន៍ ក្នុងការទប់ស្កាត់ការចម្លងកូវីដ-១៩ នៅក្នុងខេត្ដចំនួន៩ រូមមានសៀមរាប បន្ទាយមានជ័យ បាត់ដំបង ពោធិសាត់ កំពង់ធំ ស្វាយរៀង តាកែវ កំពត និងកែប តាមប្រព័ន្ធវីដេអូ។

សិក្ខាសាលានេះ មានការអញ្ជើញចូលរួមពី លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានអនុគណៈកម្មការ អប់រំ បណ្តុះបណ្តាល និងទំនាក់ទំនងសាធារណៈ, លោកស្រីវេជ្ជបណ្ឌិត Li Ailan តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា, អភិបាលរងនៃគណៈអភិបាលខេត្តទាំង៩, ប្រធានមន្ទីរសុខាភិបាលខេត្តទាំង៩ និងអ្នកចូលរួមមួយចំនួនទៀត។

ក្នុងឱកាសនោះ លោកស្រី ឱ វណ្ណឌីន បានថ្លែងថា ការរៀបចំសិក្ខាសាលាថ្ងៃនេះជាសមិទ្ធិផលមួយដែលកើតឡើងអំពីកិច្ចប្រឹងប្រែង រវាងក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ដើម្បីធ្វើឱ្យប្រសើរឡើងនូវសុខភាពសហគមន៍ ដោយជំរុញការចូលរួមរបស់ បុគ្គល គ្រួសារ និងសហគមន៍ ក្នុងការទទួលខុសត្រូវទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩ ក្នុងសហគមន៍ ស្របពេលដែលយុទ្ធនាការជាតិ «រួមគ្នាទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩» កំពុងតែដំណើរការ។

តួនាទីរបស់សហគមន៍ ក្នុងការទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩ គឺជាយុទ្ធសាស្ត្រគន្លឹះមួយ ដោយសហគមន៍មានតួនាទីសំខាន់ណាស់ ក្នុងការ អប់រំផ្សព្វផ្សាយ ការតាមដានអនុវត្តវិធានការសុខាភិបាល និងវិធានការ នានា ក្នុងភូមិស្រុករបស់ខ្លួន ការគាំទ្រគ្នាទៅវិញទៅមក ការធ្វើចត្តាឡីស័ក ការតាមរកករណី និងការថែទាំព្យាបាលជាដើម។ ការចូលរួមរបស់សហគមន៍ អាចមានប្រសិទ្ធភាពទៅបានលុះត្រាតែយើងមានបណ្តាញ និងយន្តការចូលរួមរបស់សហគមន៍មួយច្បាស់លាស់ ប្រកបដោយសមត្ថភាព និងមានការគាំទ្រត្រឹមត្រូវ។

លោកស្រី ឱ វណ្ណឌីន ថ្លែងបន្ដថា កាលពីឆ្នាំ២០២០កន្លងមក ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក បានរួមគ្នាចុះពិនិត្យតាមដានទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩នៅតាមបណ្ដាខេត្ត ដើម្បីជំរុញការចូលរួមរបស់សហគមន៍ និងស្វែងយល់ពីបញ្ហាផ្សេងៗទៀត ដើម្បីឆ្លើយតបនឹងជំងឺកូវីដ-១៩ បានទាន់ពេលវេលា។

លោកស្រីវេជ្ជបណ្ឌិតបញ្ជាក់ថា «មកដល់ពេលនេះ យើងឃើញថា យើងបានមកដល់ដំណាក់ការនៃការរាតត្បាតច្រើនជាងឆ្នាំ២០២០ ប៉ុន្តែយើងនៅមានឱកាសក្នុងការទាញស្ថានការណ៍នេះ មិនឲ្យធ្លាក់ទៅកាន់គ្រោះមហន្តរាយនៃការរាតត្បាតសហគមន៍ទ្រង់ទ្រាយធំ ប្រសិនបើយើងមានការចូលរួមរបស់សហគមន៍ ក្នុងការទទួលខុសត្រូវទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩។ តាមរយៈបេសកកម្មរួមគ្នារវាងគ្នានេះ យើងក៏បានរៀនសូត្រអំពីការងារពង្រឹងការចូលរួមរបស់សហគមន៍ ដែលបានធ្វើកន្លងមកនៅតាមខេត្តនានា និងការលំបាកដែលខេត្តបានជួបដូចជា មិនទាន់មានការណែនាំច្បាស់អំពីតួនាទី និងយន្តការសហគមន៍ក្នុងការទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩ ខ្វះកិច្ចសហការល្អរវាងអ្នកពាក់ព័ន្ធ ខ្វះសមត្ថភាពក្នុងចំនោមបណ្តាញសហគមន៍ និងខ្វះខាតធនធានជាដើម»

ដូច្នេះ ក្រសួងសុខាភិបាល ដែលមានមជ្ឈមណ្ឌលលើកកម្ពស់សុខភាពជាសេនាធិការ បានរៀបចំជាគម្រោងពង្រឹងយន្តការសហគមន៍ក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩នេះឡើង ដោយមានការគាំទ្រពី WHO ដើម្បីពង្រឹងយន្តការជំរុញការចូលរួមរបស់សហគមន៍ ជាពិសេសយន្តការដែលមានស្រាប់ ដូចជា ក្រុមទ្រទ្រង់សុខភាពភូមិ គណៈកម្មការគ្រប់គ្រងមណ្ឌលសុខភាព គណៈកម្មការពិគ្រោះយោបល់ស្ត្រី និងកុមារ ក្រុមប្រឹក្សាឃុំសង្កាត់ អជ្ញាធរភូមិ និងជនបង្គោលសហគមន៍ផ្សេងៗទៀត ដើម្បីឲ្យយន្តការនេះធ្វើការជាមួយគ្នាដោយរលូន ស៊ីសង្វាក់គ្នា គាំទ្រគ្នាទៅវិញទៅមក មានប្រព័ន្ធរាយការណ៍ និងតាមដានច្បាស់លាស់ ដើម្បីប្រសិទ្ធភាពការងារ។

លោកស្រីរដ្ឋលេខាធិការបន្ដថា នៅពេលដែលយើងមានប្រព័ន្ធជំរុញការចូលរួមរបស់សហគមន៍មួយរឹងមាំ នោះមិនត្រឹមតែមានប្រយោជន៍ក្នុងការទប់ស្កាត់ការចម្លងជំងឺកូវីដ១៩ទេ តែអាចជួយយើងឲ្យឆ្លើយតបបញ្ហាសុខភាពសាធារណៈផ្សេងៗទៀត ឬការរាតត្បានៃជំងឺឆ្លងនាពេលខាងមុខប្រកបដោយប្រសិទ្ធភាព។ តាមរយៈគម្រោងនេះ រួមាន៖

១៖ បណ្តាញសហគមន៍រឹងមាំជាងមុន ក្នុងការអប់រំផ្សព្វផ្សាយ តាមដានពាក្សចចាមអារ៉ាម ព័ត៌មានមិនពិតក្នុងសហគមន៍ ការផ្ទុះជំងឺ ស្ថានភាពធ្វើចត្តាឡីស័កនៅតាមផ្ទះ និងឆ្លើយតបទាន់ពេលវេលា
២៖ ពង្រឹងទំនាក់ទំនងនិងការរាយការណ៍ រវាងបណ្តាញសហគមន៍ និងសេវាសុខាភិបាល
៣៖ ពង្រឹងការទទួលខុសត្រូវរបស់អជ្ញាធរមូលដ្ឋានក្នុងគិតគូរនិងអនុវត្តការងារសុខាភិបាល
៤៖ ពង្រឹងសមត្ថភាពអជ្ញាធរមូលដ្ឋាន ក្នុងការទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩ និងតាមដានការអនុវត្តវិធានការសុខាភិបាល។