(អ៊ីស្លាម៉ាបាដ)៖ ចំនួនមនុស្សស្លាប់ ដែលបង្កឡើងដោយការបំផ្ទុះគ្រាប់បែកនៅកណ្តាលទីក្រុង ឡាហ័រ (Lahor) ភាគខាងកើតប្រទេសប៉ាគីស្ថាននោះ បានកើនឡើងដល់ ៧២នាក់ហើយ ស្របដែលមនុស្សប្រមាណ ៣១៥នាក់ទៀត បានទទួលរងរបួសធ្ងន់ និងស្រាល ដែលជាហេតុនាំឲ្យមនុស្សស្លាប់នឹងអាចកើនឡើងជាបន្ត បន្ទាប់ទៀត។ នេះបើតាមការផ្សាយរបស់ស៊ិនហួរ ចេញផ្សាយ Update នៅមុននេះបន្តិច នារសៀលថ្ងៃចន្ទ ទី២៨ ខែមីនា ឆ្នាំ២០១៦។
លោក Zaeem Qadri អ្នកនាំពាក្យនៃមន្ទីររដ្ឋបាលក្នុងខេត្តផាន់ចាប់ (Punjab) បានលើកឡើងថា ក្នុងចំណោមមនុស្សស្លាប់ទាំងអស់មាន ២៩នាក់គឺជាកុមារតូចៗ និងកុមារសរុបជាង ៥០នាក់ផ្សេងទៀត ក៏បានទទួលរងរបួសផងដែរ អំឡុងពេលដែលមនុស្សម្នាក៏ច្រើនកកកុញ បានចូលពិធីបុណ្យនៃ សាសនាគ្រឹស្តដ៏ធំមួយក្នុងទីក្រុងនៃខេត្តផាន់ចាប់ ខាងលើនេះ ហើយក៏មានជនមិនស្គាល់មុខមួយរូប បានសម្រុកចូលទៅបំផ្ទុះខ្លួនឯងនាពេលល្ងាចថ្ងៃអាទិត្យនោះតែម្តង។
គួរបញ្ជាក់ផងដែរថា ករណីបំផ្ទុះគ្រាប់បែកអត្តឃាតនេះគឺជាទង្វើរបស់ក្រុមឧទ្ទាម Jamaat-ul-Ahrar ដែលជាសម្ព័ន្ធមិត្តរបស់ក្រុមឧទ្ទាមតាលីបង់ និង ISIS៕