(ត្បូងឃ្មុំ)៖ លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ ព្រឹកថ្ងៃ១៦ ខែសីហា ឆ្នាំ២០២១នេះ បានបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់កុមារនិងយុវវ័យដែលមានអាយុចាប់ពី១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ ចំនួនប្រមាណជាង ១០ម៉ឺននាក់ ទូទាំងខេត្តត្បូងឃ្មុំ នូវវ៉ាក់សាំងប្រភេទ ស៊ីណូវ៉ាក់ ( sinovac)។
ដែលពិធីនេះប្រព្រឹត្តិទៅក្នុងមូលដ្ឋានស្រុកអូររាំងឪ ខណៈចំនួន៦ក្រុង-ស្រុកផ្សេងទៀត ចាប់ដំណើរការចាក់ដូចគ្នា ចាប់ពីថ្ងៃ១៦ ដល់៣០ ខែសីហា ឆ្នាំ២០២១ ចាប់ពីម៉ោង៨ ដល់ម៉ោង១១ព្រឹក និងរសៀលម៉ោង១ ដល់ម៉ោង៤។
នាឱកាសនោះ លោក ជាម ច័ន្ទសោភ័ណ បានថ្លែងថា «ក្តីសង្ឃឹមរបស់កុមារ និងយុវ័យអាយុ១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ និងទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ១៩ ហើយរយៈមិនយូរ និងបានចូលសាលារៀនវិញ នៅពេលដែលជំងឺលែងឆ្លង»។
លោក ជាម ច័ន្ទសោភ័ណ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ចំពោះជោគជ័យនៃយុទ្ធសាស្ត្រវ៉ាក់សាំង និងយុទ្ធនាការប្រយុទ្ធទប់ស្កាត់កូវីដ១៩ របស់សម្តេចដោយជឿជាក់យ៉ាងមុតមាំលើចលនាជាតិ ក្រោមមគ្គុទេ្ទសក៏ដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន ថាយើងពិតជាប្រយុទ្ធឈ្នះកូវីដ១៩ ដើម្បីអនាគតភ្លឺស្វាងរបស់ប្រទេសជាតិ និងប្រជាជនយើងជាក់ជាមិនខាន។
លោកអភិបាលខេត្ត បានធ្វើការអំពាវនាវដល់កុមារ និងយុវវ័យដែលមានអាយុចាប់ពី១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំទូទាំងអស់ ទូទាំងខេត្តត្បូងឃ្មុំ ក្រោយទទួលបានការចាក់សាំងការពារជំងឺកូវីដ១៩រួចហើយ ត្រូវបន្តចូលរួមប្រកាន់ភ្ជាប់ នូវវិធានការ «៣ការពារ និង៣កុំ» របស់ប្រមុខរាជរដ្ឋាភិបាលឱ្យបានខ្ជាប់ខ្ជួន។
សូមបញ្ជាក់ថា ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនដល់កុមារ និងយុវវ័យដែលមានអាយុចាប់ពី ១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ ក្នុងមូលដ្ឋានស្រុកអូររាំងឪ ចាប់ផ្តើមពីថ្ងៃទី១៦ ដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១នេះតទៅ ចាប់ម៉ោងព្រឹកម៉ោង៨ដល់ម៉ោង១១ រសៀលម៉ោង១ ដល់ម៉ោង៤ ចំនួន១០ទីតាំងទី១៖ មន្ទីរពេទ្យបង្អែកស្រុកអូរាំងឪ, ទី២៖ មណ្ឌលសុខភាពមៀន, ទី៣៖ មណ្ឌលសុខភាពអំពិលតាពក, ទី៤៖ មណ្ឌលសុខភាពព្រះធាតុ, ទី៥៖ មណ្ឌលសុខភាពពានជាំង, ទី៦៖ មណ្ឌលសុខភាពស្រែស្ពៃ, ទី៧៖ មណ្ឌលសុខភាពថ្នលកែង, ទី៨៖ មណ្ឌលសុខភាពទួលសូភី, ទី៩៖ មណ្ឌលសុខភាពចក និងទី១០៖ មណ្ឌលសុខភាពដំរិល។
ដោយឡែក ស្រុក/ក្រុងទាំង៦ទៀត មានមណ្ឌលសម្រាប់ចាក់វ៉ាក់សាំងការពារកូវីដ១៩ រួមមាន៖ ស្រុកពញាក្រែក មាន១១មណ្ឌល ស្រុកត្បូងឃ្មុំ មាន១៦មណ្ឌល ស្រុកតំបែរ មាន៦មណ្ឌល ស្រុកក្រូចឆ្មារ មាន៦មណ្ឌល ស្រុកមេមត់ មាន១៤មណ្ឌល និងក្រុងសួង មាន៣មណ្ឌល។
បើតាមរបាយការណ៍របស់ មន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ នៅក្នុងខេត្តត្បូងឃ្មុំ មានកុមារដែលមានអាយុចន្លោះពី១២ ទៅដល់ក្រោម១៨ឆ្នាំ គឺមានបចំនួនប្រមាណជាង ១០ម៉ឺននាក់ ផងដែរ៕