(ម៉ូស្គូ)៖ បន្ទាប់បានព្រមព្រៀងគ្នាជាមួយអាមេរិក ក្នុងការដកទ័ពអាកាសរុស្ស៊ីចេញពីស៊ីរី កាលពីពេលថ្មីៗនេះ រដ្ឋាភិបាលរុស្ស៊ី បានធ្វើការបញ្ជូនជំនួយមនុស្សធម៌ ដែលមានទម្ងន់សរុប ៦០តោន ទៅកាន់មូលដ្ឋានទ័ពអាកាស Hmeymim របស់ប្រទេសស៊ីរី។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នៅមុននេះ បន្តិចនាព្រឹកថ្ងៃចន្ទ ទី២៨ ខែមីនា ឆ្នាំ២០១៦។
ចំពោះមូលដ្ឋានទ័ពអាកាស Hmeymim ក៏ជាទីតាំងឈរជើងរបស់រុស្ស៊ីមួយផងដែរក្នុងទឹកដីស៊ីរី ស្ថិតនៅភាគពាយ័ព្យប្រទេស។ ប្រេសិតតំណាងស៊ីរី ដែលដឹកនាំជំនួយនេះ បាននាំយកជំនួយទៅចែកជូន អ្នកភូមិទាំងអស់ ដែលបានចូលរួមជាមួយកងកម្លាំងរដ្ឋាភិបាល ដើម្បីវាយបណ្តេញពួកបះបោរកន្លងមក ដោយមានកិច្ចសហការជាមួយនឹងអាជ្ញាធរស៊ីរី។
គួរបញ្ជាក់ថា កិច្ចព្រមព្រៀងឈប់បាញ់គ្នាត្រូវបានបង្កើតឡើងដោយអាមេរិក និងរុស្ស៊ី កាលពីថ្ងៃទី២៧ ខែកុម្ភៈកន្លងទៅនេះ ដែលភាគីទាំងពីរជឿជាក់ថានឹងអាចដោះស្រាយជម្លោះបង្ហូរឈាមគ្នាក្នុងប្រទេស មជ្ឈិមបូព៌ាមួយនេះ ដែលបានអូសបន្លាយមក ៥ឆ្នាំហើយ៕