(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានថ្លែងថា កម្ពុជា បានឆ្លងកាត់យ៉ាងច្រើនដំណាក់កាលពីគ្មានអ្វីទាំង អស់ ទម្រាំឈានដល់ស្ថានភាពដូចបច្ចុប្បន្ននេះ។ សម្តេចតេជោ សង្ឃឹមថា ប្រជាពលរដ្ឋនឹងចងចាំនូវអ្វីជាអតីតកាល ដ៏លំបាករបស់ កម្ពុជានេះ។
ក្នុងឱកាសអញ្ជើញជាអធិបតីបើកការដ្ឋានសាងសង់កំណាត់ផ្លូវលេខលេខ២១ ប្រវែងប្រមាណ៦០គីឡូម៉ែត្រពីរង្វង់តាខ្មៅ ទៅស្រុកស្អាង ខេត្តកណ្តាល នាព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការវិវឌ្ឍន៍របស់កម្ពុជាពីដំណាក់ កាលមួយទៅដំណាក់កាលមួយ រហូតដល់មានការរីកចម្រើនដូចពេលបច្ចុប្បន្ននេះ មិនមែនកើតឡើងឯកឯង ដោយមិនបានធ្វើអ្វីនោះ ឡើយ។
សម្តេចនាយករដ្ឋមន្រ្តី បានថ្លែងយ៉ាងដូច្នេះ «គ្មានការមានបានណាមួយ ដែលបានមកពីការដែលយើងមិនធ្វើសកម្មភាពនោះទេ ដូចជាប្រទេសរបស់យើងពីដំណាក់កាលមួយទៅកាន់ដំណាក់កាលមួយ ហើយចាប់ផ្តើមពីប្រជាពលរដ្ឋ ដែលមានតែបាតដៃទទេ បែកពីប៉ុលពតមក តើយើងមានអ្វីខ្លះ ហើយមកដល់ពេលនេះយើងមានអ្វីខ្លះ? សង្ឃឹមថា ប្រជាពលរដ្ឋរបស់យើង នឹកឃើញ និងចងចាំនូវអ្វីជាអតីតកាល ដ៏លំបាករបស់យើង ហើយឈានឆ្ពោះមកកាន់ដំណាក់កាលថ្មី ដែលជាដំណាក់កាល នៃការអភិវឌ្ឍប្រទេសឲ្យកាន់ តែរីកចម្រើន»។
ប្រជាពលរដ្ឋ និងប្រទេសកម្ពុជា ត្រូវបានពិភពលោកដឹងថា បានរងនូវទុក្ខវេទនា សម្លាប់រង្គាល និងភាពខ្ទេចខ្ទាំយ៉ាងខ្លោចផ្សាបំផុត នៅក្នុងភ្នក់ភ្លើងសង្រ្គាមចាប់តាំងទស្សវត្សរ៍ឆ្នាំ៧០ ជាពិសេសនៅក្នុងរបបវាលពិឃាតប៉ុលពត ៣ឆ្នាំ ៨ខែ ២០ថ្ងៃ។ ក្នុងអំឡុងពេលកើតសង្រ្គាម និង របបប៉ុលពត មានប្រជាពលរដ្ឋខ្មែរច្រើនជាង ៣លាននាក់ ត្រូវបានស្លាប់ និង សម្លាប់។
រាជាណាចក្រកម្ពុជា ត្រូវបានស្រោចស្រង់ជាថ្មី ក្រោយរបបប៉ុលពត ដួលរលំនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។ ក្រោយដួលរលំ នៃរបបប៉ុលពត ប្រជាពលរដ្ឋកម្ពុជា និងប្រទេសកម្ពុជាទាំងមូល បានរើចេញពីបំណាស់ នៃភាពក្រីក្រវេទនា ជាជំហ៊ានយ៉ាងលំបាកវេទ នា រហូតរកឃើញពន្លឺថ្មី នៃភាពរីកចម្រើនរហូតដល់បច្ចុប្បន្ន និងអាចឈរលើឆាកអន្តរជាតិដោយស្មើមុខស្មើមាត់៕