(ភ្នំពេញ)៖ ចំពេលពិភពលោកកំពុងចាប់អារម្មណ៍លើព្រឹត្តិការណ៍សង្គ្រាមនៅប្រទេសអាហ្វហ្កានីស្ថាន ជាពិសេសការដួលរលំនៃរដ្ឋាភិបាលមានអាមេរិកជាបង្អែកនោះ លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រវ័យក្មេងនៅកម្ពុជា បានរំលេចទស្សនៈរបស់ខ្លួនជុំវិញការការជ្រើសយកបន្ទាត់នយោបាយមួយ ដើម្បីឱ្យកម្ពុជាអាចរក្សាបាននូវអនាគតមួយល្អប្រសើរ និងចៀសផុតពីវិបត្តិធ្លាប់មានពីអតីតកាល។
ក្នុងសារលើទំព័រហ្វេសប៊ុក អមដោយព្រះឆាយាលក្ខណ៍ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ, ព្រះឆាយាលក្ខណ៍ព្រះមហាក្សត្រខ្មែរ រួមនិងរូបភាពសម្តេចតេជោ ហ៊ុន សែន ផងនោះ លោក ហ៊ុន ម៉ានី បានលើកឡើងថា ភាពជាម្ចាស់លើជោគវាសនាខ្លួនឯង គឺជាកត្តាកំណត់យ៉ាងពិតប្រាកដលើអនាគតរបស់កម្ពុជា។
អ្នកតំណាងរាស្ត្រវ័យក្មេងរូបនេះ ក៏បានលើកឡើងនូវនយោបាយ «កែទម្រង់ខាងក្នុង បង្កើនមិត្តខាងក្រៅ ក្នុងស្មារតីឯករាជ្យ» ដែលជាបន្ទាត់នយោបាយមួយដាក់ចេញដោយគណបក្សប្រជាជនកម្ពុជា។ សម្រាប់លោក ហ៊ុន ម៉ានី នយបាយនេះ មានន័យគ្រប់ជ្រុងជ្រោយសម្រាប់ខ្មែរគ្រប់រូបបានជ្រូតជ្រាបថា អនាគតកម្ពុជា ដាច់ខាតត្រូវស្ថិតក្នុងដៃកម្ពុជាខ្លួនឯង។
លោក ហ៊ុ ន ម៉ានី ក៏បានគូសរំលេចផងដែរពីការដាក់ចេញនយោបាយរបស់គណបក្សប្រជាជនកម្ពុជា គឺនយោបាយ «កែទម្រង់ខាងក្នុង បង្កើនមិត្តខាងក្រៅ ក្នុងស្មារតីឯករាជ្យ»។ អ្នកតំណាងរាស្ត្ររូបនេះ បានបន្ថែមថា នយាបាយនេះ មានន័យគ្រប់ជ្រុងជ្រោយសម្រាប់ខ្មែរគ្រប់រូបជ្រូតជ្រាបថា អនាគតកម្ពុជា ដាច់ខាតត្រូវស្ថិតក្នុងដៃកម្ពុជាខ្លួនឯង។
លោក ហ៊ុន ម៉ានី បានគូសបញ្ជាក់យ៉ាងដូច្នេះ «មានមេរៀនច្រើនណាស់ក្នុងប្រវត្តិសាស្រ្ត ទាំងចាស់ ទាំងថ្មី ដែលបង្រៀនយើងឱ្យយល់ថា ភាពជាម្ចាស់លើជោគវាសនាខ្លួនឯង ជាកត្តាកំណត់យ៉ាងពិតប្រាកដលើអនាគតប្រទេស ខណៈដែលវិសាលភាពនៃមិត្តភាព ជាកាតាលីករជំរុញឲ្យភាពជាម្ចាស់នោះកាន់តែរឹងមាំ ស្របគ្នានឹងកិច្ចប្រឹងប្រែងខាងក្នុងរបស់ខ្លួន។ ទៅមុខ យើងត្រូវរួមគ្នាអនុវត្តនយោបាយនេះឲ្យបានខ្ជាប់ខ្ជួន ដើម្បីអនាគតរបស់កូនចៅយើង»។
សាររបស់លោក ហ៊ុន ម៉ានី បានធ្វើឡើងនៅចំពេលដែលរដ្ឋាភិបាលអាហ្វហ្កានីស្ថានមានសហរដ្ឋអាមេរិកជាបង្អែក បានដួលរលំដោយក្រុមសកម្មប្រយុទ្ធតាលីបង់ នៅពេលសហរដ្ឋអាមេរិកឈប់ធ្វើជាបង្អែក។ រូបភាពនៃការដួលរលំរបស់រដ្ឋាភិបាលអាហ្វហ្កានីស្ថាននាពេលនេះ ក៏បាននាំឱ្យគេនឹកទៅដល់ការដួលរលំនៃរបបរបស់សាធាណរដ្ឋនៅឆ្នាំ១៩៧៥ ក្រោយពេលអាមេរិកឈប់ធ្វើជាបង្អែកផងដែរ។
សារគូសរំលេចដោយអ្នកតំណាងរាស្ត្រវ័យក្មេងរបស់កម្ពុជានាពេលនេះ ត្រូវបានគេមើលឃើញថា ធ្វើឡើងក្នុងចេតនាក្រើនរំលឹកដល់ប្រជាពលរដ្ឋកុំប្រកាន់នូវឥរិយាបថពឹងផ្អែកលើប្រទេសនេះ ឬប្រទេសនោះ ដែលទីបំផុតឈានដល់វិបត្តិ ឬការដួលរលំដូចមានជាគំរូក្នុងប្រទេសអាហ្វហ្កានីស្ថាន ក៏ដូចជារបបសាធារណរដ្ឋខ្មែរ៕