(ពោធិ៍សាត់)៖ ពិតជាំរូដ៏ល្អមែន លោកគ្រូ២រូប បង្រៀនៅខេត្តពោធិ៍សាត់ ដែលមានវិជ្ជមានជំងឺកូវីដ១៩ ទោះស្ថិតក្នុងមណ្ឌលសម្រាកព្យាបាលក្តី ក៏ឆ្លៀតបង្រៀនសិស្សតាមប្រព័ន្ធអេឡិចត្រូនិច Online «Group Google Meet និង Zoom» ទៅតាមលទ្ធភាព ដែលគាត់អាចធ្វើបាន។
បើតាមលោក តាន់ សំបូរ ប្រធានការិយាល័យអប់រំក្រុងពោធិ៍សាត់ បានឱ្យដឹង នាព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១នេះថា លោកគ្រូ សឹង ចាន់ថន និងលោកគ្រូ សាំង សៅរក្សា បច្ចុប្បន្នបង្រៀននៅវិទ្យាល័យទាចំរ៉ាត់ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។ បន្ទាប់ពីមានការស្រាវជ្រាវរកឃើញថា គាត់មានការពាក់ព័ន្ធជាមួយអ្នកវិជ្ជមានកូវីដ១៩ សមត្ថកិច្ចបានធ្វើតេស្តរហ័ស បង្ហាញថាគាត់បានឆ្លងជំងឺកូវីដ១៩ ហើយត្រូវបានបញ្ជូនពួកគាត់ទៅទទួល ការព្យាបាល នៅមណ្ឌលព្យាបាលវិទ្យាល័យ ហ៊ុន សែន ក្រគរ និងមណ្ឌលព្យាបាលការដ្ឋានទី១០ ក្នុងឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។
លោកប្រធានការិយាល័យអប់រំក្រុងពោធិ៍សាត់ បានបន្តថា ដោយមានវិជ្ជាជីវៈជាគ្រូបង្រៀន ប្រកបដោយមនសិការ ថ្វីត្បិតរូបពួកគាត់ ស្ថិតក្នុងមណ្ឌលសម្រាកព្យាបាលក៏ដោយ ក៏ពួកគាត់នៅឆ្លៀតឱកាស ដើម្បីបង្រៀនសិស្សរបស់លោកពីចម្ងាយ តាមរយៈប្រព័ន្ធអេឡិចត្រូនិច Online «Group Google Meet និង Zoom» ទៅតាមលទ្ធភាព ដែលគាត់អាចធ្វើបាន ពីព្រោះនៅតាមមណ្ឌលព្យាបាល ទាំងសមត្ថកិច្ច និងក្រុមគ្រូពេទ្យ ពិតជាបានខិតខំមើលថែទាំ និងផ្តល់ឱកាសឱ្យពួកគាត់អាចធ្វើកិច្ចការបង្រៀនសិស្សបាន។ ចំពោះប្រជាពលរដ្ឋដទៃទៀត ក៏ទទួលបានការថែទាំ និងព្យាបាល ទាំងការប្រើប្រាស់ថ្នាំ ការទទួលទានអាហារ ការហាត់ប្រាណ និងការសម្រាក ឱ្យមានលក្ខណៈជារួម និងច្បាស់លាស់ផងដែរ។
លោក តាន់ សំបូរ បានបន្ថែមថា ក្នុងនាមការិយាល័យអប់រំ យុវជន និងកីឡាក្រុង លោកសូមគោរព និងកោតសរសើរពួកគាត់ទាំង២រូប ដែលបានធ្វើកិច្ចការប្រកបដោយវីរភាព និងជាគម្រូដ៏ល្អប្រកបដោយគុណតម្លៃ ហើយក៏សូមអរគុណចំពោះសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ជាពិសេសលោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ ដែលបានគិតគូរខ្ពស់ដល់សុខទុក្ខប្រជាពលរដ្ឋរបស់លោក ជាពិសេសក្រុមគ្រូបង្រៀន ដែលតែងចាត់ទុកលោក គឺជារៀមច្បង ដែលពោរពេញទៅដោយគុណធម៌ និងព្រហ្មវិហារធម៌៕