(ភ្នំពេញ)៖ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃក្រសួងយុត្តិធម៌ នឹងធ្វើតេស្តរហ័ស រកមេរោគកូវីដ១៩ លើកទី២ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ខាងមុខនេះ។ នេះបើតាម សេចក្តីជូនដំណឹង ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

សេចក្តីជូនដំណឹងខាងលើ បានបញ្ជាក់ថា ដោយផ្អែកតាមសារាចររបស់រាជរដ្ឋាភិបាល ចុះថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ ស្តីពីការដាក់ចេញយុទ្ធនាការពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩, ក្រសួងយុត្តិធម៌នឹងបន្តរៀបចំឱ្យមានការធ្វើតេស្តរហ័សរកមេរោគកូវីដ-១៩ លើកទី២ ជូនថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់នៃក្រសួងយុត្តិធម៌ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃពុធ ទី១៨ ខែសីហា ឆ្នាំ២០២១ ចាប់ពីម៉ោង៧៖៣០នាទីព្រឹក នៅទីស្តីការក្រសួងយុត្តិធម៌ និងនៅតាមអង្គភាពទាំងអស់ចំណុះក្រសួងយុត្តិធម៌។

សូមថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់នៃក្រសួងយុត្តិធម៌ ទទួលការធ្វើតេស្តរហ័សរកមេរោគកូវីដ-១៩ តាមកាលបរិច្ឆេទ និងទីតាំងដែលបានកំណត់ខាងលើឱ្យបានគ្រប់ៗគ្នា ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។ អគ្គលេខាធិការដ្ឋាននឹងធ្វើការស្រង់វត្តមានថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៅថ្ងៃធ្វើតេស្ត ទៅតាមតារាងដែលបានសម្របសម្រួលជាមួយអង្គភាពទាំងអស់ចំណុះឱ្យក្រសួងយុត្តិធម៌។

សូមជម្រាបថា ក្រសួងយុត្តិធម៌ កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ បានធ្វើតេស្តរហ័សលើមន្រ្តីរបស់ខ្លួន ជិត ៥០០នាក់ ហើយជាលទ្ធផលបានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៣នាក់៕