(ប៉ៃលិន)៖ លោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងជាប្រធានអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្របខណ្ឌទូទាំងខេត្តប៉ៃលិន បានបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដល់កុមារ និងយុវវ័យ ចាប់ពីអាយុ១២ឆ្នាំ ដល់អាយុក្រោម១៨ឆ្នាំ ចាប់ពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ នេះតទៅ នៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ស្ថិតក្នុងសង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

ថ្លែងក្នុងឱកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ សម្រាប់កុមារ និងយុវជន នៅមន្ទីរពេទ្យបង្អែកខេត្ត លោកស្រី បាន ស្រីមុំ បានថ្លែងថា យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដែលបានប្រព្រឹត្តិទៅនៅថ្ងៃនេះ គឺជាការគិតគូរដោយយកចិត្តទុកដាក់បំផុតរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋាភិបាលកម្ពុជា ជូនដល់ក្មួយៗ ដែលជាទំពាំងស្នងឫស្សី ដើម្បីឱ្យមានសុខភាពមាំមួន ក្នុងការបង្កើនភាពស៊ាំ និងអង់ទីគ័រ ការពារប្រឆាំងនឹងជំងឺឆ្លងរាតត្បាតជំងឺកូវីដ១៩។

លោកស្រីអភិបាលខេត្ត ក៏បានកោតសរសើរ ចំពោះប្រជាពលរដ្ឋ ដែលមានស្មារតីចូលរួមមកទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដែលមានចំនួនយ៉ាងច្រើនផុលផុស ទាំងនេះបានបង្ហាញឱ្យឃើញពីជំនឿជឿជាក់របស់ប្រជាពលរដ្ឋយើង មកលើការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលសម្ដេចបានខិតខំស្វះស្វែងរកវ៉ាក់សាំង ដើម្បីផ្ដល់ជូនប្រជាពលរដ្ឋដោយមិនគិតថ្លៃ និងមិនមានការរើសអើង រួមទាំងកុមារ និងយុវជនផងដែរ ក្នុងគោលដៅរួមគ្នាប្រយុទ្ធប្រឆាំង និងបង្ការទប់ស្កាត់ការចម្លងរីករាលដាលនៃជំងឺកូវីដ១៩។

ក្នុងឱកាសនោះផងដែរ លោកស្រី បាន ស្រីមុំ បានក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋគ្រប់គ្នា បើទោះបីបានចាក់វ៉ាក់សាំងការពាររួចរាល់ហើយក្តី កុំភ្លេចខ្លួន និងមានការធ្វេសប្រហែស ហើយត្រូវបន្តចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការនានារបស់ក្រសួងសុខាភិបាល និងវិធានការណ៍ការពារ «៣ការពារ និង៣កុំ» របស់សម្តេចតេជោ ហ៊ុនសែន ដើម្បីកាត់ផ្តាច់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ នៅក្នុងសហគមន៍របស់យើង។

ប្អូនៗកុមារ និងយុវវ័យ ដែលមានអាយុចាប់ពី ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំដែលមកទទួលវ៉ាក់សាំងនាពេលនេះ បានថ្លែងអំណរគុណដល់សម្ដេចដែលយកចិត្តទុកដាក់តាំងពីដល់សាលារៀនដល់ពួកគាត់ បានរៀនសូត្របានចំណេះដឹងផ្ដល់សុខសន្តិភាពជាពិសេសពេលប្រទេសជាតិកំពុងតែជួបហានិភ័យចំពោះមេរោគដ៏កាចសាហាវកូវីដ១៩ សម្ដេចបានផ្ដល់វ៉ាក់សាំងជូនពួកគាត់ទៀតដោយមិនរើសអើងពូជសាសន៍ ឬស្រទាប់វណ្ណៈអ្នកមានអ្នកក្រនោះទេ គឺតម្លាភាព៕