(កំពង់ស្ពឺ)៖ មន្ត្រីរាជការទាំងអស់ក្នុងជួររដ្ឋបាលខេត្តកំពង់ស្ពឺ បានទទួលចាក់វ៉ាក់សាំងដូសទី៣ (AstraZeneca) នាព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ ២០២១ នៅសាលាខេត្តដើម្បីការពារនៃជំងឺឆ្លងកូវីដ១៩ ដើម្បីបង្កើនមានប្រសិទ្ធិភាព ថែមទៀត ក្នុងការទប់ស្កាត់ការឆ្លងជំងឺកាចសាហាវនេះ។

លោក វ៉ី សំណាង អភិាលខេត្តកំពង់ស្ពឺ ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត និងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលបានផ្ដល់វ៉ាក់សាំងដូសទី៣ ជូនមន្រ្តីរាជការ និងកងកម្លាំងទាំងអស់។

នាឱកាសនោះដែរ លោកអភិបាលខេត្ត បានអំពាវនាវដល់មន្ត្រីរាជការជួរមុខ ដែលទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសទី៣ ទាំងអស់ សូមកុំធ្វេសប្រហែសឱ្យសោះនូវវិធានការពារជំងឺកូវីដ១៩ ដោយត្រូវប្រកាន់ឱ្យបាន នូវការណែនាំរបស់ក្រសួងសុខាសភិបាល និងវិធានការ «៣ការពារ និង៣កុំ» របស់រាជរដ្ឋាភិបាល ឱ្យបានខ្ជាប់ខ្ជួន៕