(ឧត្តរមានជ័យ)៖ ម្ចាស់ហាងខារ៉ាអូខេយីហោ «អូរស្មាច់៥៥៥» ២នាក់ប្តីប្រពន្ធ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១នេះ ត្រូវបានកម្លាំងនគបាលស្នងការនគបាលខេត្តឧត្តរមានជ័យធ្វើការឃាត់ខ្លួន តាមដីកាដីកាបញ្ជាឱ្យចូលខ្លួនលេខ០២៤ និង០២៥ ចុះថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ របស់អយ្យការអមសាលាដំបូងខេត្តឧត្តរមានជ័យ ទាក់ទងនឹងករណីមិនគោរពវិធានការរដ្ឋបាលបណ្តាលឱ្យមានការចម្លងជំងឺកូវីដ១៩ ក្នុងពេលអាជ្ញាធរខេត្តដាក់វិធានការរដឋ្បាលបណ្តោះអាសន្ន។

ម្ចាស់ហាងខារ៉ាអូខេយីហោ «អូរស្មាច់៥៥៥» ២នាក់ប្តី ប្រពន្ធនេះ រួមមាន៖ ទី១៖ ឈ្មោះ ខៀវ ជា ភេទប្រុស កេីតឆ្នាំ១៩៧៣ ជាប្តី និងទី២៖ ឈ្មោះ អង ស្រីលីន ភេទស្រី កេីតឆ្នាំ១៩៧៨ ជាប្រពន្ធ ទៅកាន់តុលាការ។

លោក តូច សុភក្តី បានបញ្ជាក់ប្រាប់អង្គភាពព័ត៌មាន Fresh News នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១នេះថា ការគ្រោងឃាត់ខ្លួនម្ចាស់ហាងខារ៉ាអូខេ ២នាក់ប្តីប្រពន្ធខាងនេះ គឺធ្វើឡើងតាំងពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ ក្រោយពីសមត្ថកិច្ចរកឃើញប្រភពចម្លងជំងឺកូវីដ១៩ ចេញហងខារ៉ាអូខេយីហោ «អូរស្មាច់៥៥៥» នៅចំណុចភូមិរួតចំបុី សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យនេះ ប៉ុន្តែរង់ចាំរហូតដល់បុគ្គលទាំង២នាក់នេះធ្វើចត្តាឡីស័កគ្រប់១៤ថ្ងៃ តាមវិធានការសុខាភិបាលរួចរាល់ និងបានធ្វេីតេស្តលទ្ធផលដោយអវិជ្ជមានទាំង២នាក់ ទើបធ្វើការឃាត់ខ្លួន។

នៅមុនដាក់ចេញវិធានការបិទខ្ទប់ទាំងស្រុង ដើម្បីទប់ស្កាត់មេរោគបំប្លែងថ្មី Delta រដ្ឋបាលខេត្តឧត្តរមានជ័យដែលស្ថិតនៅជាប់ព្រំដែនថៃ បានដាច់ចេញវិធានការរដ្ឋបាលជាបណ្តោះអាសន្ន រយៈពេល១៤ថ្ងៃ គិតចាប់ពីថ្ងៃទី២១ ខែកក្កដា ដល់ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ក្នុងភូមិសាស្រ្តខេត្តឧត្តរមានជ័យ។ អំឡុងពេលអនុវត្តវិធានការនេះ រដ្ឋបាលខេត្តបានហាមដាច់ខាតនូវរាល់ការលក់ ចែកចាយស្រា ស្រាបៀរ រួមនឹងភេសជ្ជៈដែលមានជាតិអាល់កុល (បណ្តាលឱ្យស្រវឹង) ក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ ក្នុងថិរវេលាកំណត់ដូចមានចែងក្នុងប្រការ១ ជាកំហិត ព្រមទាំងផ្អាកជាបណ្តោះអាសន្ននូវការរៀបចំពិធីមង្គលការ ពិធីជប់លៀង ការជួបជុំតាមបែបសាសនាដទៃទៀតផងដែរ។

របាយការណ៍សមត្ថកិច្ច បានបង្ហាញថា អំឡុងពេលដាក់ចេញវិធានការនេះ ក៏មានករណីផ្ទុះឡើងនូវជំងឺកូវីដជាសហគមន៍ នៅចំណុចភូមិរួតចំបុី សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ នៅថ្ងទី៣០ ខែកក្កដា ឆ្នាំ២០២១ បានផ្តើមចេញពីការធ្វើតេស្តគ្រូបង្រៀនក្រៅប្រព័ន្ធ២រូប ឃើញមានវិជ្ជមានកូវីដ១៩។ នៅថ្ងៃបន្ទាប់ក្រុមការងារស្រាវជ្រាវប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ បានបន្តតាមដានរកប្រភព និងបានស្វែងរកឃើញ បុគ្គលិកនៅក្នុងហាងខារ៉ាអូខេ «អូរស្មាច់៥៥៥» ភាគច្រើនបានឆ្លងជំងឺកូវីដ១៩។ ក្រោយពីលេញចេញបញ្ហានេះក្រុមការងារស្រាវជ្រាវប្រយុទ្ធប្រឆាំងកូវីត១៩ បានបន្តធ្វើសំណាកអ្នកពាក់ព័ន្ធបន្តទៀត ដោយបានរកឃើញវិជ្ជមានកូវីដ១៩ អ្នកពាក់ព័ន្ធរហូតដល់៤៩នាក់។

ស្នងការដ្ឋាននគបាលខេត្តឧត្តរមានជ័យ ដោយបានការឯកភាពពីព្រះរាជអាជ្ញា បានបើកការអង្កេតបឋមភ្លាមៗលើករណីនេះ ជាលទ្ធផលឃើញថាករណីឆ្លងនេះបានផ្តើមចេញពីហាងការ៉ាអូរខេឈ្មោះ «អូរស្មាច់៥៥៥» ដែលបានលួចបើកទទួលភ្ញៀវតាំងពីថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២១ បានបន្តរហូតមកដល់ថ្ងៃ២៩ ខែកក្កដា ឆ្នាំ២០២១ ដោយការបើកទទួលភ្ញៀវនេះ មានពេលខ្លះចូលក្នុងបន្ទប់តែមិនបើកភ្លេងច្រៀង និងអង្គុយផឹកសុីនៅខ្ចុះផ្នែកខាងក្រៅ ដោយមាននារីកំដរផងដែរ។

របាយការណ៍បានបញ្ជាក់ថា ក្នុងការស្រាវជ្រាវមន្ត្រីជំនាញបានរកឃើញតាមរយៈសាក្សី អ្នកបម្រើការនៅក្នុងនោះ និងអ្នកនៅេជិតនោះបានបំភ្លឺថា ម្ចាស់ហាងឈ្មោះ ខៀវ ជា អាយុ៤៣ឆ្នាំ និងប្រពន្ធឈ្មោះ អង ស្រីលីន អាយុ៤៤ឆ្នាំ បានលួចបើកទទួលភ្ញៀវ តាំងពីដើមខែកក្កដា ដោយបើករហូតដល់ម៉ោង២ទាបភ្លឺ ដោយមានភ្ញៀវចេញចូលច្រើន រហូតដល់មានករណីឆ្លងរីករាលដាលនេះទើបបិទ។

របាយការណ៍បានបញ្ជាក់បន្ថែមថា គិតមកដល់បច្ចុប្បន្ន អ្នកពាក់ព័ន្ធចូលទៅសុីផឹកក្នុងហាងខារ៉ាអូខេខាងលើ មានអ្នកវិជ្ជមានកូវីដ១៩ បំប្លែងថ្មី Delta រាប់រយនាក់ និងបន្តធ្វើសំណាកបន្តរទៀតនៅថ្ងៃនេះ។

ក្រោយករណីនេះ តំបន់អូរស្មាច់ ត្រូវបានរដ្ឋបាលខេត្តឧត្តរមានជ័យ សម្រេចដាក់ជាតំបន់ក្រហមផងដែរ៕