(ភ្នំពេញ)៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានអនុគណៈកម្មាការអប់រំ បណ្តុះបណ្តាល និងទំនាក់ទំនងសាធារណៈ បានឲ្យដឹងជាថ្មីម្ដងទៀតថា ស្ថានភាពរាតត្បាត នៃជំងឺកូវីដ១៩ នៅលើសកលលោកមិនទាន់មានការថមថយនៅឡើយទេ ជាពិសេសជាមួយនឹងវត្តមាន នៃវីរុសបំប្លែងថ្មីជាបន្តបន្ទាប់ ដែលបង្កជាហានិភ័យ នៃការឆ្លងរាតត្បាតមកក្នុងប្រទេសកម្ពុជា។
ការលើកឡើងរបស់លោកស្រី ឱ វណ្ណឌីន ធ្វើឡើងនៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១នេះ ក្នុងឱកាសអញ្ជើញចូលរួម ក្នុងពិធីប្រកាសបើកយុទ្ធនាការជាតិ
«រួមគ្នាទទួលខុសត្រូវទប់ស្កាត់ ការចម្លងវីរុសកូវីដ-១៩» នៅទីស្ដីការក្រសួងសុខាភិបាល។
មន្ដ្រីជំនាញសុខាភិបាលរូបនេះ បានគូសបញ្ជាក់ថា វិធានការការពារទប់ស្កាត់ការចម្លង គឺមិនមានការប្រែប្រួលទេ ដោយត្រូវអនុវត្តវិធានការសុខាភិបាល ៣ការពារ និង៣កុំឲ្យបានម៉តចត់ និងការទៅទទួលវ៉ាក់សាំងឲ្យបានលឿនបំផុត នៅពេលដល់វេនរបស់អ្នក។ អ្វីដែលខុសពីមុនគឺ យើងបានរៀនសូត្រអំពី សកម្មភាពដែលបានធ្វើកន្លងមក យើងសង្កេតឃើញថា សាធារណៈជនមានការយល់ច្រឡំដូចជា ថាគាត់មានហានិភ័យទាបក្នុងការចម្លង ការយល់ឃើញមិនត្រឹមត្រូវ ចំពោះវិធានការការពារ និងអន្តរាគមន៍នានា និងការធ្វេសប្រហែសក្នុងការអនុវត្តវិធានការការពារ និងភាពនឿយណាយ ជាមួយនឹងការផ្ទុះរាតត្បាត ហើយក៏មិនសូវចាប់អារម្មណ៍លើបញ្ហាចម្លងវីរុសកូវីដ-១៩នេះ ខ្លាំងដូចពេលមុនដែរ។
បើតាមលោកស្រី ឱ វណ្ណឌីន ការចូលរួមរបស់អាជ្ញាធរ ស្ថាប័នពាក់ព័ន្ធជាពិសេសសេវាឯកជន នៅមិនទាន់បានពេញលេញនៅឡើយ ដោយសារមិនទាន់យល់ដឹង អំពីតួនាទី និងការទទួលខុសត្រូវរបស់ខ្លួន ក្នុងការការពារការចម្លងវីរុសកូវីដ-១៩ ដោយពឹងផ្អែកទៅលើផ្នែកសុខាភិបាល ក្នុងការអប់រំ ផ្សព្វផ្សាយ និងចុះតាមដានការ អនុវត្តអន្តរាគមន៍នានា ជាពិសេសវិធានការមិនប្រើប្រាស់ឱសថ (NPIs) និងការទទួលខុសត្រូវពីសេវាឯកជនផ្ទាល់ជាដើម។
ដូច្នេះការប្រកាសយុទ្ធនាការពេលនេះ ដើម្បីពញ្ញាក់ស្មារតីអំពីគ្រោះថ្នាក់ នៃការរាតត្បាតការចម្លងវីរុសកូវីដ-១៩ ដែលអាចផ្ទុះឡើងទ្រង់ទ្រាយធំ ក្នុងសហគមន៍បានគ្រប់ពេលវេលា ដែលទាមទារឲ្យមានការចូលរួមទទួលខុសត្រូវទាំងអស់គ្នា ពីបុគ្គល គ្រួសារ សហគមន៍ ស្ថាប័នពាក់ព័ន្ធ សេវាឯកជននានា ដើម្បីទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ មុននឹងអ្វីៗយឺតពេល។ បុគ្គលម្នាក់ៗ គ្រួសារនីមួយៗ មានតួនាទីសំខាន់បំផុតដូចគ្នាក្នុងការទប់ស្កាត់ការចម្លងវីរុសកូវីដ១៩។
ទន្ទឹមនឹងនេះ អនុគណៈកម្មការអប់រំ បណ្តុះបណ្តាល និងទំនាក់ទំនងសាធារណៈ បានរៀបចំបន្ថែមនូវសេចក្តីណែនាំអនុវត្តន៍យុទ្ធនាការជាតិ «រួមគ្នាទទួលខុសត្រូវទប់ស្កាត់ ការចម្លងវីរុសកូវីដ១៩» មានគោលបំណងដូចតទៅ៖
* ទី១៖ បង្កើនការចូលរួមរបស់បុគ្គល គ្រួសារ ជាពិសេសស្ត្រី ក្នុងការអនុវត្តវិធានការ «៣ការពារ និង៣កុំ»
* ទី២៖ លើកកម្ពស់គុណតម្លៃសង្គម និងសាមគ្គីភាពសង្គម ក្នុងការរួមចំណែកទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩
* ទី៣៖ បង្កើនការចូលរួមអំពីស្ថាប័នពាក់ព័ន្ធ ជាពិសេសស្ថាប័នឯកជន ក្នុងការទទួលខុសត្រូវ អនុវត្តវិធានការមិនប្រើប្រាស់ឱសថ NPIs (សេវាកម្មមាន សុវត្ថិភាព ទីកន្លែងធ្វើការមានសុវត្ថិភាព)
* ទី៤៖ បង្កើនការទទួលខុសត្រូវរបស់អាជ្ញាធរ សហគមន៍ ក្នុងការជំរុញការចូលរួមរបស់សហគមន៍ ក្នុងការតាមដានការអនុវត្តវិធានការសុខាភិបាល និងអន្តរាគមន៍ផ្សេងៗ នៅក្នុងតំបន់។
យុទ្ធនាការនេះតម្រូវឲ្យមានយុទ្ធសាស្ត្រពីរ គឺ៖ ទី១៖ ទំនាក់ទំនងអន្តរបុគ្គល ដែលរួមមានតម្រូវឲ្យមានការលើកទឹកចិត្តដល់ ស្ថាប័នរាជរដ្ឋាភិបាល អាជ្ញាធរ សង្គមស៊ីវិលបណ្តុះបណ្តាលធនធាន (អ្នកផ្តល់សេវា មិត្តអប់រំមិត្ត អ្នកស្ម័គ្រចិត្ត) ឲ្យចូលរួមផ្សព្វផ្សាយសម្ភារៈសារ តាមរយៈការផ្តល់សេវា ការប្រើប្រាស់ សម្ភារៈអប់រំ ការជួបជុំក្នុងសហគមន៍ និងការផ្សព្វផ្សាយផ្ទាល់បង្កើតជាជនបង្គោលសហគមន៍សម្រាប់ផ្សព្វផ្សាយ និងទី២៖ យុទ្ធនាការតាមរយៈប្រព័ន្ធផ្សព្វផ្សាយ ដូចជាបណ្តាញសង្គម និងប្រព័ន្ធផ្សព្វផ្សាយនានា តាមរយៈទូរស័ព្ទ។ល។ និងតម្រូវឲ្យធ្វើឡើងព្រមៗគ្នាគ្រប់ស្ថាប័ន សេវាឯកជន និងថ្នាក់ក្រោមជាតិ៕