(ភ្នំពេញ)៖ បើទោះបីដំណើរការបានត្រឹមតែរយៈពេល៤ឆ្នាំក្តី ធនាគារ ប្រេដ (BRED BANK) បាននិងកំពុងបន្តភាពរីកចំរើនរបស់ខ្លួននៅកម្ពុជា ខណៈទើបបោះទុនបន្ថែម ៣៥លានដុល្លារទៀត ធ្វើឲ្យដើមទុនកើនឡើងដល់ជាង១០០លានដុល្លារ។

លោក មិន សុផា នាយកប្រតិបត្តិរងធនាគារ ប្រេដ បានថ្លែងថា កត្តាដែលធនាគារ ប្រេដ បោះទុនបន្ថែម ៣៥លានដុល្លារនៅកម្ពុជា ទោះបីមានការរីករាលដាលនៃជំងឺកូវីដ១៩ គឺធនាគារមើលឃើញពីសក្ដានុពល នៅកម្ពុជាក្នុងរយៈពេលខាងមុខ បូករួមនឹងធនាគារមានបទពិសោធន៍រយៈពេលវែងផងដែរ។

លោកបន្តថា «ធនាគារបន្ថែមដើមទុននេះ គឺសម្លឹងមើលរយៈពេលវែង ពីសក្ដានុពលរបស់កម្ពុជា។ តាំងពីឆ្នាំ២០១៧ ដោយធនាគារមានការរីកចម្រើន ប៉ុន្ដែយើងអាចនឹងធ្វើបានល្អជាមុនតាមរយៈការពង្រីកប្រតិបត្តិការ តាមរយៈការបង្កើនឥណទាន និងវិនិយោគទៅលើផលិតផល ហើយនឹងប្រព័ន្ធឌីជីថល ហើយការវិនិយោគលើឌីជីថលនៅកម្ពុជា គឺធនាគារព្យាយាមកាត់បន្ថយការជួបគ្នា ការចាយវាយតាមរយៈជាសាច់លុយទៅជាឌីជីថល»

ការបញ្ជាក់បែបនេះ ធ្វើឡើងក្នុងឱកាសដែលលោក មិន សុផា អញ្ជើញចូលរួមក្នុងកម្មវិធីភ្ញៀវពិសេសប្រចាំសប្ដាហ៍ របស់ទូរទស្សន៍ Fresh News។

លោកថ្លែងថា ទុនដែលធនាគារមានស្រាប់ចំនួន៧៥លានដុល្លារ ហើយបានបន្ថែម៣៥លានដុល្លារទៀត ដោយសរុបទាំងអស់បច្ចុប្បន្នធនគារ ប្រេដ មានទុនវិនិយោគសរុបចំនួន ១១០លានដុល្លារ។

លោកបន្តថា ទិសដៅធនាគារ ទោះបីកម្ពុជាជួបបញ្ហាជំងឺ និងពិភពលោកទាំងមូល មានបញ្ហាពិបាកពីជំងឺកូវីដ១៩ នេះក៏ដោយ ធនាគារប្រេដ បានឃើញសក្ដានុពលរយៈពេលវែង ដូច្នេះទើបធនាគារបន្ថែមទុនបន្ថែម ដើម្បីគាំទ្រអាជីវកម្មនៅកម្ពុជា។

លោកបញ្ជាក់ទៀតថា ការដាក់ដើមទុនបន្ថែមនៅនេះរំពឹងថា ចាប់ពីឆ្នាំ២០២២ ទៅការរីកចម្រើនរបស់ធនាគារ នឹងមានលឿនជាងមុន។