(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានថ្លែងថា ការភ្ជាប់ទំនាក់ទំនងជាមួយ ប្រទេសកូរ៉េខាងត្បូង ក្នុងរយៈពេល២០ឆ្នាំកន្លងមកនេះ បាននាំអត្ថប្រយោជន៍យ៉ាងច្រើនសម្រាប់កម្ពុជា។ សម្តេចតេជោ ហ៊ុន សែន ក៏បានបង្ហាញមោទនភាពផងដែរ ចំពោះនយោបាយការបរទេសរបស់សម្តេច ក្នុងការនាំកម្ពុជា ទៅភ្ជាប់ទំនាក់ទំនងជាមួយកូរ៉េខាងត្បូង ដែលមិនធ្លាប់មានពីមុនមកនោះ។
ក្នុងពិធីបើកការដ្ឋានសាងសង់កំណាត់ផ្លូវលេខលេខ២១ ប្រវែងប្រមាណ៦០គីឡូម៉ែត្រពីរង្វង់តាខ្មៅ ទៅស្រុកស្អាង ខេត្តកណ្តាល ដែលជាជំនួយរបស់កូរ៉េខាងត្បូង នាព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ចាប់តាំងពីកម្ពុជា ភ្ជាប់ទំណាក់ទំនងជាមួយកូរ៉េខាងត្បូង នៅឆ្នាំ១៩៩៦មក កូរ៉េខាងត្បូង បានវិនិយោគ ផ្តល់ជំនួយ និងកម្ចីយ៉ាងច្រើន ដើម្បីអភិវឌ្ឍកម្ពុជា ខណៈដែលបច្ចុប្បន្នចំនួនភ្ញៀវទេសចរកូរ៉េខាងត្បូង ក៏បានកើនឡើងច្រើនផងដែរ។
សម្តេចតេជោ បានហៅការភ្ជាប់ទំនាក់ទំនងនេះ គឺជានយោបាយការបរទេស ដ៏ត្រឹមត្រូវ និងជោគជ័យរបស់សម្តេច។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះ «ខ្ញុំព្រះករុណាខ្ញុំ មានមោទនភាពជាមួយនយោបាយការបរទេសរបស់ខ្ញុំ ដែលខ្ញុំបានប្តូរផ្តាច់ ដើម្បីបង្កើតឡើងនូវទំនាក់ទំនងរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង)។ ព្រោះកូរ៉េមានពីរ មានកូរ៉េខាងជើង និងកូរ៉េខាងត្បូង កាលពីអតីតកាលយើង មានទំនាក់ទំនងតែជាមួយកូរ៉េខាងជើងទេ តែអត់មានទំនាក់ទំនងជាមួយកូរ៉េខាងត្បូង ខ្ញុំព្រះករុណាខ្ញុំ ត្រូវធ្វើកិច្ចការមួយនេះឲ្យខានតែបាន»។
សម្តេចបានរំលឹកផងដែរ បន្ទាប់ពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀង នៃទំនាក់ទំនងជាមួយកូរ៉េខាងត្បូង នៅឆ្នាំ១៩៩៧ ជាមួយប្រ ធានាធិបតី គឹម យ៉ុងសាន សម្តេច ក៏បានបំពេញទស្សនកិច្ចទៅកាន់កូរ៉េខាងត្បូង ដែលនោះជាដំណើរជាដំណើរទស្សនកិច្ច លើកដំបូង របស់ប្រមុខដឹកនាំខ្មែរ។ បន្ទាប់ពីនោះ ប្រធានាធិបតីកូរ៉េខាងត្បូងពីររូបហើយ បានមកបំពេញទស្សនកិច្ចនៅកម្ពុជា គឺលោកប្រធានាធិបតី រ៉ូ ប៊ុនយុង និងលោក លី យ៉ុងបាក់ សម្តេចតេជោ ក៏រំពឹងថា ប្រធានាធិបតីកូរ៉េខាងត្បូង នាពេលបច្ចុប្បន្ន គឺលោកស្រី បាក គីនហេ ក៏នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជាផងដែរ ដើម្បីពង្រឹងទំនាក់ទំនងប្រទេសទាំងពីរ ឲ្យកាន់តែល្អប្រសើរថែមទៀត។
សូមបញ្ជាក់ថា ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងកូរ៉េខាងត្បូង បានកើនឡើងជាបន្តបន្ទាប់ ក្នុងនោះនៅឆ្នាំ២០១៣ ទំហំពាណិជ្ជកម្មប្រ ទេសទាំងពីរ បានកើនដល់ប្រមាន ៧៥០លានដុល្លារអាមេរិក៕