(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១នេះ បានអញ្ជើញជាអធិបតីបញ្ចុះបឋមសិលាសាងសង់ អគារមន្ទីរពិសោធន៍ ជាជំនួយឥតសំណងរបស់សាធារណរដ្ឋ កូរ៉េដល់វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ដោយមានការចូលរួមពីថ្នាក់ដឹកនាំទទួលបន្ទុក និងក្រុមអ្នកបច្ចេកទេសទទួលបន្ទុកការងារសាងសង់មួយចំនួននៅទីស្តីការក្រសួង។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានសម្តែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រសួងរៀបចំដែនដី ហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូននៃសាធារណរដ្ឋកូរ៉េ និងវិទ្យាស្ថានកូរ៉េ សំណង់ស៊ីវិល និងបច្ចេកវិទ្យាសាងសង់ (KICT) និងសាជីវកម្មផ្លូវល្បឿនកូរ៉េ ដែលបានផ្តល់ជាជំនួយឥតសំណងតាមរយ:គម្រោងនវានុវត្តន៍ប្រព័ន្ធសាងសង់ និងគ្រប់គ្រងផ្លូវថ្នល់ក្នុងប្រទេសកម្ពុជា និងវិទ្យាស្ថានតេជោសែនសាធារណការ និងដឹកជញ្ជូននៃក្រសួងសាធារណការ និងដឹកជញ្ជូន និងបានណែនាំឱ្យក្រុមប្រឹក្សាបច្ចេកទេស និងអ្នកសាងសង់ធ្វើយ៉ាងណាឱ្យសំណង់មានគុណភាពល្អ ដើម្បីទុកជាថ្នាលបណ្តុះបណ្តាល សិក្សាស្រាវជ្រាវ និងពិសោធន៍សម្រាប់កូនខ្មែរជំនាន់ក្រោយៗទៀត។
សូមជម្រាបជូនថា៖ អគារមន្ទីរពិសោធន៍នេះមានប្រវែងសរុប១៨ម៉ែត្រ x ២៥ម៉ែត្រ កម្ពស់ ២ជាន់ ក្នុងនោះ រួមមាន៖ បន្ទប់ពិសោធន៍កៅស៊ូ (Asphalt Test Lab) បន្ទប់ពិសោធន៍បេតុង (Concrete Test Lab) បន្ទប់ ថែទាំបេតុង (Curing Room) និងបន្ទប់រក្សាទុក និងបន្ទប់ការិយាល័យគ្រោងចំណាយថវិកាប្រមាណ ៥៨០ ០០០ដុល្លារអាមេរិក ជាជំនួយឥតសំណងរបស់ក្រសួងរៀបចំដែនដី ហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូន (MOLIT) នៃសាធារណរដ្ឋកូរ៉េ តាមរយៈវិទ្យាស្ថានកូរ៉េសំណង់ស៊ីវិល និងបច្ចេកវិទ្យាសាងសង់-Korea Institute of Civil Engineering and Building Technology (KICT) នៃគម្រោងនវានុវត្តន៍ប្រព័ន្ធសាងសង់ និងគ្រប់គ្រងផ្លូវថ្នល់ក្នុងប្រទេសកម្ពុជា - Renewal Project of Road Construction and Management System for Cambodia” ចំណាយរយ:ពេល ៧ខែសម្រាប់សាងសង់ ដែលគ្រោងនឹងបញ្ចប់នៅចុងខែមីនា ឆ្នាំ២០២២ខាងមុខនេះ។
សូមបញ្ជាក់ថា៖ វិទ្យាស្ថានតេជោសែនសាធារណការ និងដឹកជញ្ជូន បានទទួលជំនួយឥតសំណង តាមរយៈគម្រោងនវានុវត្តន៍ប្រព័ន្ធសាងសង់ និងគ្រប់គ្រងផ្លូវថ្នល់ក្នុងប្រទេសកម្ពុជា ដែលមានទឹកប្រាក់សរុបប្រមាណ ជាង ៣ ២០០ ០០០ ដុល្លារសហរដ្ឋអាមេរិច ស្មើនឹង ៣ ៩២០ ០០០ ០០០ វ៉ុន សម្រាប់រយៈពេល២០២០-២០២៣ ដោយផ្តោតជាសំខាន់លើ ១. ជំនួយឧបករណ៍ពិសោធន៍សម្រាប់វាយតម្លៃគុណភាពផ្លូវថ្នល់ ២. ផ្តល់អគារមន្ទីរពិសោធន៍បច្ចេកវិទ្យាសំណង់ សម្រាប់សិក្សាស្រាវជ្រាវ និងពិសោធន៍គុណភាពវត្ថុធាតុផ្លូវថ្នល់ ៣. រថយន្តអង្កេតផ្លូវថ្នល់ស្វ័យប្រវត្តិ (Automatic Survey Vehicle) សម្រាប់ប្រមូលទិន្នន័យគុណភាពផ្លូវថ្នល់ ៤. កម្មវិធីគ្រប់គ្រងផ្លូវថ្នល់(Pavement Management System–SMS and Pavement Quality Managment System–PQMS) និង ៥. ការបណ្តុះបណ្តាលបច្ចេកទេសហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ដល់មន្ត្រីជំនាញពាក់ព័ន្ធផងដែរ។
គម្រោងនេះមានគោលដៅបង្កើនប្រសិទ្ធភាពសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់កម្ពុជា តាមរយៈការពង្រឹងការគ្រប់គ្រងប្រព័ន្ធផ្លូវថ្នល់ ការបណ្តុះបណ្តាលអ្នកជំនាញជាន់ខ្ពស់ ការផ្តល់សម្ភារបច្ចេកទេស និងអគារមន្ទីរពិសោធន៍បច្ចេកវិទ្យាសំណង់ និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ លើវិស័យ ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់។
សូមបញ្ជាក់ផងដែរថា៖ អគារមន្ទីរពិសោធន៍នេះ នឹងបម្រើដល់ការសិក្សាស្រាវជ្រាវ និងពិសោធន៍ វត្ថុធាតុដើម ផ្លូវថ្នល់ និងជួយដល់ការបណ្តុះបណ្តាលធនធានវិស្វករ និងមន្ត្រីបច្ចេកទេសជាន់ខ្ពស់របស់វិទ្យាស្ថាន ដែលបច្ចុប្បន្ននិស្សិតជំនាន់ទី១ចំនួន ១៩១នាក់ បាននឹងកំពុងសិក្សាលើមុខជំនាញចំនួន៦ ក្នុងដេប៉ាតឺម៉ង់ ចំនួន៣ រួមមាន៖
*ទី១៖ ដេប៉ាតឺម៉ង់សំណង់សាធារណការ លើជំនាញផ្លូវថ្នល់ ផ្លូវល្បឿនលឿន ស្ពាន ផ្លូវដែក និងកំពង់ផែ និងជំនាញប្រព័ន្ធចម្រោះទឹកកខ្វក់
*ទី២៖ ដេប៉ាតឺម៉ង់គ្រប់គ្រងដឹកជញ្ជូន និងភស្តុភារកម្ម លើ មុខជំនាញសេដ្ឋកិច្ច និងគ្រប់គ្រងដឹកជញ្ជូនផ្លូវគោក និងជំនាញគ្រប់គ្រងភស្តុភារកម្ម និងខ្សែច្រវ៉ាក់ផ្គត់ផ្គង់
*ទី៣៖ ដេប៉ាតឺម៉ង់នាវាចរណ៍៖ លើមុខជំនាញបរិបាលនាវា និងម៉ាស៊ីននាវា។
កម្មវិធីសិក្សាមានរយៈពេលពេញមួយថ្ងៃ (ព្រឹក និងរសៀល) ៥ថ្ងៃក្នុងមួយសប្តាហ៍ ព្រឹកចាប់ពីម៉ោង ៧៖00 ព្រឹក ដល់ម៉ោង ១១៖00 និងរសៀលចាប់ពីម៉ោង ១៖00 ដល់ម៉ោង ៥៖00 និងថ្នាក់បំប៉នភាសារអង់គ្លេស ចន្ទ-ពុធ-សុក្រ ចាប់ពីម៉ោង៥៖៣០ ដល់ម៉ោង៧៖០០យប់៕