(ស្វាយរៀង)៖ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១នេះ បានបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដូសជំរុញ ឬដូសទី៣ ប្រភេទអាស្ត្រាហ្សេនីកា ជូនដល់សមាជិកសមាគមអតីតយុទ្ធជន និងកងកម្លាំង នៃស្នងការនគរបាលខេត្ត្ត។
ពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសទី៣នេះ មានការចូលរួមពីសំណាក់លោកឧត្តមសេនីយ៍ទោ កឹង ឃន ស្នងការនគរបាលខេត្ត និងជាប្រធានសមាគមអតីតយុទ្ធជនខេត្ត ស្នងការរងនគរបាលខេត្ត មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត ព្រមទាំងសមាជិកអតីយុទ្ធជន និងលោកគ្រូ អ្នកគ្រូពេទ្យជួរមុខមួយចំនួនទៀត។
លោកអភិបាលខេត្តបន្តថា ក្រោមការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការកៀរគរវ៉ាក់សាំង ដើម្បីជំរុញដល់សុខុមាលភាពរបស់ប្រជាជនកម្ពុជាទាំងមូល ក្នុងនោះខេត្តស្វាយរៀង គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ខេត្ត ក៏បានរៀបចំចាក់ដូសទី៣ ដែលជាដូសជំរុញអង់ទីគ័រ ក្នុងការបង្ការការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងមេរោគបំប្លែងខ្លួនថ្មី ដែលកំពុងមានវត្តមានមួយចំនួននៅខេត្តស្វាយរៀងរៀង។
លោកបន្តថា បើតាមការបញ្ជាក់ពីលោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានលើកឡើងអំពីសារប្រយោជន៍នៃការចាក់វ៉ាក់សាំងដូសទី៣ រួមមាន៖
*ទី១៖ ធ្វើអង់ទីគ័រប្រឆាំងជាមួយនឹងមេរោគឡើងខ្ពស់
*ទី៖ ២ជំរុញឱ្យសរីរាង្គកាន់តែរឹងមាំថែមទៀត
*ទី៣៖ អាចការពារ និងវាយបកនូវវីរុសកូវីដ១៩
*ទី៤៖ ជួយជំរុញឱ្យខ្លួនរបស់យើងមានភាពស៊ាំនឹងមេរោគដែលចូលខ្លួនយើងកុំឱ្យធ្លាក់ខ្លួនឈឺធ្ងន់ ឬដល់ស្លាប់
និងទី៥៖ ធ្វើឲ្យក្នុងខ្លួនយើងមានប្រព័ន្ធការពារអាចការពារមេរោគផ្សេងៗនៅពេលដែលអ្នកឆ្លងមេរោគ។
លោកក៏បានអំពាវដល់សមាជិកសមាគមអតីតយុទ្ធជននៅទូទាំងខេត្តក្រោយទទួលបានការចាក់សាំងការពារជំងឺកូវីដ១៩ រួចហេីយ ត្រូវបន្តចូលរួមប្រកាន់ភ្ជាប់នូវវិធានការ «៣ការពារ និង៣កុំ» របស់ប្រមុខរាជរដ្ឋាភិបាលឱ្យបានខ្ជាប់ខ្ជួន៕