(ភ្នំពេញ)៖ ដូចការគ្រោងទុក អង្គជំនុំជម្រះតុលាការកំពូល បានបើកសវនាការលើបណ្តឹងសាទុក្ខក្នុងសំណុំរឿង ០០២/០២ ប្រឆាំងនឹង ខៀវ សំផន អតីតប្រធានគណៈប្រធានរដ្ឋនៃរបបកម្ពុជាប្រជាធិបតេយ្យ នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១។
សវនាការផ្តោតលើប្រធានបទសំខាន់ៗរួមមានទី១៖ ភាពត្រឹមត្រូវនៃកិច្ចដំណើរការនីតិវិធី, ទី២៖ ភាពត្រឹមត្រូវនៃយុត្តាធិការ, ទី៣៖ បទឧក្រិដ្ឋដែលខៀវ សំផនត្រូវសម្រេចដាក់ពិរុទ្ធភាព និងទី៤៖ វគ្គបិទសវនាការរួមបញ្ចូលបទបង្ហាញសង្ខេប បដិសេធរបស់មេធាវីការពារក្តី ព្រមទាំង ឱកាសសម្រាប់ខៀវ សំផន ថ្លែងទៅកាន់អង្គជំនុំជម្រះដោយ ផ្ទាល់នៅក្នុងអំឡុងពេលសវនាការលើបណ្តឹងសាទុក្ខ។
បើតាមលោក នេត្រ ភក្ត្រា ប្រធានផ្នែកកិច្ចការសាធារណៈនៃសាលាក្តីខ្មែរក្រហម បានថ្លែងថា៖ «ថ្ងៃនេះជាថ្ងៃដ៏មានសារៈសំខាន់បំផុតសម្រាប់យុត្តិធម៌អន្តរជាតិ សម្រាប់មនុស្សជាតិ ជាពិសេសសម្រាប់ជនរងគ្រោះនៃរបបខ្មែរក្រហមដែលអង្គជំនុំជម្រះតុលាការកំពូលនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាបានបើកសវនាការលើបណ្តឹងសាទុក្ខក្នុងសំណុំរឿង ០០២/០២ ប្រឆាំងនឹងខៀវ សំផន អតីតប្រធានគណៈប្រធានរដ្ឋនៃរបបកម្ពុជាប្រជាធិបតេយ្យតែម្នាក់គត់ ដែលនៅរស់រានមានជីវិត ដើម្បីឈានទៅការបញ្ជាក់ចុងក្រោយថាខៀវ សំផននឹងមានពិរុទ្ធភាពដូចអ្វីដែលអង្គជំនុំជម្រះសាលាដំបូងនៃ អ.វ.ត.ក រកឃើញ និងសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិតពីឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ និងឧក្រិដ្ឋកម្មសង្គ្រាមដែរ ឬទេ»។
ប្រធានផ្នែកកិច្ចការសាធារណៈរូបនេះ បានបន្តថា ខៀវ សំផន ត្រូវបានអង្គជំនុំជម្រះសាលាដំបូងនៃ អ.វ.ត.ក ជំនុំជម្រះក្តី និងរកឃើញថា មានពិរុទ្ធភាពចំពោះឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ និងឧក្រិដ្ឋកម្មសង្គ្រាម និងបានសម្រេចផ្តន្ទាទោសដាក់ព័ន្ធនាគារអស់មួយជីវិតកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨។ សវនាការលើអង្គសេចក្ដីក្នុងសំណុំរឿង០០២/០២ បានចាប់ផ្តើមនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៤។ ការបង្ហាញភស្តុតាងបានចាប់ផ្តើមនៅថ្ងៃទី៨ ខែមករា ឆ្នាំ២០១៥ និងបានបញ្ចប់នៅថ្ងៃទី១១ ខែមករាឆ្នាំ២០១៧។
សេចក្តីប្រកាសបិទបញ្ចប់ត្រូវបានធ្វើឡើងចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៧។ ការជំនុំជម្រះក្តី រួមទាំងការស្តាប់សេចក្តីសន្និដ្ឋានបិទបញ្ចប់កិច្ចពិភាក្សាដេញដោលផង លើសំណុំរឿង ០០២/០២ មានរយៈពេលសរុបចំនួន ២៨៣ថ្ងៃ។ ក្នុងអំឡុងពេលសវនាការនេះ អង្គជំនុំជម្រះសាលាដំបូងបានស្តាប់សក្ខីកម្មពីបុគ្គលសរុបចំនួន១៨៥នាក់ ក្នុងនោះមានសាក្សីបញ្ជាក់អង្គហេតុចំនួន ១១៤នាក់ ដើមបណ្តឹងរដ្ឋប្បវេណីចំនួន ៦៣នាក់ និងអ្នកជំនាញចំនួន ៨នាក់។ សវនាការនេះ មានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសាធារណជន ដោយមានសាធារណជនចូលរួមស្តាប់ និងតាមដានសវនាការនេះដោយផ្ទាល់សរុបជិត ១០ម៉ឺននាក់។
គួរបញ្ជាក់ថា សាលក្រមក្នុងសំណុំរឿង ០០២/០២ ត្រូវបានអង្គជំនុំជម្រះសាលាដំបូងប្រកាសនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ បានសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិតប្រឆាំងនឹងជនជាប់ចោទ នួន ជា និងខៀវ សំផន ពីបទឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ និងឧក្រិដ្ឋកម្មសង្គ្រាម។ ឧក្រដ្ឋកម្មទាំងនេះបានប្រព្រឹត្តឡើងនៅតាមទីកន្លែងនានានៅក្នុងប្រទេសកម្ពុជា អំឡុងពេលនៃរបបកម្ពុជាប្រជាធិបតេយ្យគ្រប់គ្រងប្រទេសពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ ១៩៧៩។
ក្រោយការសម្រេចសេចក្តីលើសំណុំរឿងនេះ អង្គជំនុំជម្រះសាលាដំបូងនៃ សាលាក្តីខ្មែរក្រហម បានរួមបញ្ចូលគ្នានៃការផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិតក្នុងសំណុំរឿង ០០២/០១ និងសំណុំរឿង ០០២/០២ ប្រឆាំងនឹងនួន ជា និងខៀវ សំផន ឱ្យជាការផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិតតែមួយសម្រាប់ជនជាប់ចោទម្នាក់។ ខៀវ សំផន និង នួន ជា បានប្រកាសប្តឹងសាទុក្ខទៅកាន់អង្គជំនុំជម្រះតុលាការកំពូល ហើយអង្គជំនុំជម្រះតុលាការកំពូលនៃ អ.វ.ត.ក បានចេញដីកា កំណត់កាលបរិច្ឆេទបើកសវនាការនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ ខាងមុខនេះ។ សវនាការ ដែលនឹងចាប់ផ្តើមពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ ដល់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ ហើយថ្ងៃសុក្រ ទី២០ ខែសីហា រក្សាជាថ្ងៃបម្រុងនៃសវនាការ។
នៅក្នុងបណ្តឹងសាទុក្ខរបស់ខ្លួន ជនជាប់ចោទ ខៀវ សំផន តាមរយៈមេធាវីការពារក្តីរបស់ខ្លួន បានស្នើសុំដល់អង្គជំនុំជម្រះតុលាការកំពូលមេត្តា៖ ១-ជាចម្បងកត់សម្គាល់ពីមោឃភាពនៃសាលក្រម របស់អង្គជំនុំជម្រះសាលាដំបូងដែលបានប្រកាសនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ ព្រមទាំងសំអាងហេតុដែលបានជូនដំណឹងដល់ភាគីនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩ ដោយរំលោភលើវិធាន ផ្ទៃក្នុង។ ២-ជាបន្ទាប់បន្សំ ធ្វើមោឃភាពសាលក្រម និងសំអាងហេតុសាលក្រមនៃសាលាដំបូង ដោយចេញសាលក្រមពីការគ្មានពិរុទ្ធភាពចំពោះបទចោទនីមួយៗ។ ខៀវ សំផន ត្រូវបានរកឃើញ ថាមានពិរុទ្ធភាពពីឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ប្រឆាំងនឹងជនជាតិវៀតណាម ឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ និង៣-ជាបន្ទាប់បន្សំបំផុត កែប្រែការផ្តន្ទាទោស និងប្រកាស ដាក់ទោសឱ្យេជាប់ពន្ធនាគារក្នុងរយៈពេលកំណត់មួយ។
ចំណែកការិយាល័យសហព្រះរាជអាជ្ញាមិនបានប្តឹងសាទុក្ខលើផ្នែកពិរុទ្ធភាពទេ តែបានប្តឹងសាទុក្ខពាក់ព័ន្ធនឹងការរៀបអាពាហ៍ដោយបង្ខំ ដោយបានស្នើសុំអង្គជំនុំជម្រះតុលាការកំពូលសន្និដ្ឋានថា អង្គជំនុំជម្រះសាលាដំបូងមានកំហុសនៅពេលដែលអង្គជំនុំជម្រះបានសន្និដ្ឋានថា បរុសដែលត្រូវបានបង្ខំឱ្យរួមដំណេកនៅអាពាហ៍ពិពាហ៍របស់ពួកគេ មិនមែនជាជនរងគ្រោះនៃឧក្រិដ្ឋកម្មប្រឆាំងនឹង មនុស្សជាតិនៃអំពើអមនុស្សធម៌ផ្សេងៗទៀតនោះទេ។ សហព្រះរាជអាជ្ញាស្នើថា ការរកឃើញដោយមានកំហុសនេះទុកមួយអន្លើសិន ហើយការផ្តន្ទាទោសចំពោះឧក្រិដ្ឋកម្មនៃអំពើអមនុស្សធម៌ ផ្សេងទៀតនេះ ត្រូវកែតម្រូវដោយរួមបញ្ចូលហិង្សាផ្លូវភេទលើជនរងគ្រោះជាបុរសដើម្បីឱ្យជនរងគ្រោះទាំងបុរសនិងទាំងស្រ្តីនៃអំពើបង្ខំឱ្យរួមដំណេកដូចគ្នានេះ ត្រូវបានទទួលស្គាល់យ៉ាងត្រឹមត្រូវ។ ការណ៍នេះ គឺត្រូវតាមវិធាន ១១០(៤) នៃវិធានផ្ទៃក្នុងដូចដែល ខៀវ សំផន ត្រូវបានផ្តន្ទាទោសរួចហើយចំពោះឧក្រិដ្ឋកម្មនៃអំពើអមនុស្សធម៌ផ្សេងទៀត។
ចំណែកសហមេធាវីនាំមុខតំណាងដើមបណ្តឹងរដ្ឋប្បវេណីស្នើសុំដោយសេចក្តីគោរពដល់អង្គជំនុំជម្រះតុលាការកំពូលមេត្តា៖ ១-ច្រាលចោលបណ្តឹងសាទុក្ខរបស់ជនជាប់ចោទ ខៀវ សំផន ទាំងស្រុង ២-តម្កល់ពិរុទ្ធភាព ខៀវ សំផន ទាំងអស់ និង ៣-តម្កល់ការផ្តន្ទាទោស ខៀវ សំផន ដាក់ពន្ធនាគារអស់មួយជីវិត។
លោក នេត្រ ភក្ត្រា បានបញ្ជាក់ថា ក្រោយពេលបើកសវនាការលើបណ្តឹងសាទុក្ខ អង្គជំនុំជម្រះតុលាការកំពូលដែលមានចៅក្រម ៧រូប រួមមានចៅក្រមកម្ពុជា ៤រូប និងចៅក្រមអន្តរជាតិ ៣រូប រំពឹងថានឹងប្រកាសសាលដីកាស្ថាពររបស់ខ្លួនលើសំណុំរឿង ០០២/០២ នៅត្រីមាសទី៤ ឆ្នាំ២០២២ ខាងមុខ។
លោក នេត្រ ភក្ត្រា បានថ្លែងថាសវនាការលើបណ្តឹងសាទុក្ខសំណុំរឿង ០០២/០២ ជាផ្នែកចុងក្រោយនៃសំណុំរឿង០០២ ប្រឆាំងនឹងអតីតមេដឹកនាំខ្មែរក្រហម ៤រូប។ ជនជាប់ចោទ ខៀវ សំផន អតីតប្រធានគណៈប្រធានរដ្ឋនៃរបបកម្ពុជាប្រជាធិបតេយ្យ បច្ចុប្បន្នមានអាយុ ៩១ឆ្នាំ។ ជនជាប់ចោទជាអតីតមេដឹកនាំខ្មែរក្រហម ៣រូបទៀត បានស្លាប់បាត់បង់ជីវិត ក្នុងនោះ ទី១៖ នួន ជា អតីតអនុលេខាបក្សកុម្មុយនិស្តកម្ពុជា និងជាប្រធានសភាតំណាងប្រជាជន ស្លាប់នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៩ ក្នុងអំឡុងពេលនៃដំណើរការបណ្តឹងសាទុក្ខក្នុងសំណុំ រឿង ០០២/០២ ដែលគាត់ត្រូវបានអង្គជំនុំជម្រះសាលាដំបូងសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត។ ទី២-អតីតឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសស្លាប់នៅខែមីនា ឆ្នាំ២០១៣ និង អៀង ធីរិទ្ធ អតីតរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច ស្លាប់នៅឆ្នាំ២០១៥៕