(កោះកុង)៖ លោក ម៉ក់ ណុច ប្រធានគ្រប់គ្រងផ្សារដងទង់ បានបើកទ្វារផ្សារឲ្យអាជីវករចូលប្រកបអាជីវកម្មលក់ដូរឡើងនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ ដោយមិនទាន់មានសេចក្តីជូនដំណឹងពីអាជ្ញាធរក្រុងខេមរភូមិន្ទ ដែលបង្ហាញថាមិនបានចូលរួមទប់ស្កាត់ជំងឺឆ្លងកូវីដ១៩នោះឡើយ។
ក្រុមអាជីវករលក់ដូរនៅក្នុងផ្សារ បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តកោះកុងថា កាលពីថ្ងៃម្សិលមិញ វេលាម៉ោង ៥ជាង ខាងប្រធានគ្រប់គ្រងផ្សារ បានដើរប្រាប់ថានឹងបើកដំណើរការវិញថ្ងៃទី១៦ ខែសីហា សូមអាជីវករចូលលក់ដូរវិញតាមតូបរៀងៗខ្លួនវិញ។
លោក ឈេង សុវណ្ណដា អភិបាលក្រុង បានឲ្យដឹងថា ការបើកផ្សារឡើងវិញដើម្បីឲ្យអាជីវករលក់ដូរវិញខាងលើនេះ លោកមិនទាន់បានទទួលសេចក្តីជូនដំណឹងពីរដ្ឋបាលខេត្តនៅឡើយទេ ហើយការបើកផ្សារឲ្យអាជីវករ ចូលលក់ដូរវិញនេះ អាជ្ញាធរក្រុងមិនទាន់អនុញ្ញាតឲ្យបើលក់ដូរឡើយ ពីព្រោះខុសគោលការណ៍របស់រដ្ឋបាលខេត្ត។
លោកបានបន្ថែមថា «មុនបើកផ្សារឲ្យអាជីវករចូលប្រកបអាជីវកម្មលក់ដូរឡើងវិញ លុះត្រាតែមានសេចក្តីជូនដំណឹងពីរដ្ឋបាលខេត្តជាមុន ទើបអាជ្ញាធរក្រុងជូនដំណឹងឲ្យអ្នកគ្រប់គ្រងផ្សារឲ្យបើកលក់ជាធម្មតាឡើយវិញ»។
លោកបន្តថា សម្រាប់ព័ត៌មានដែលថាអ្នកគ្រប់គ្រងផ្សារបានប្រាប់ឲ្យអាជីវករចូលលក់ដូរវិញនោះ គឺខុសគោលការណ៍របស់រដ្ឋបាលខេត្ត ដែលបានបិទខ្ទប់បណ្តោះអាសន្នដើម្បីការពារ នៃការរីករាលដាលជំងឺឆ្លងកូវីដ១៩ ជាពិសេសមេរោគបំប្លែងថ្មីដែលតា។
លោកបានបញ្ជាក់ថា «បើអាជ្ញាធរខេត្តរកឃើញថាអាត្រាឆ្លងមានការថយចុះ នោះរដ្ឋបាលខេត្ត នឹងសម្រេចឲ្យបើកថ្ងៃណា គឺនឹងជូនដំណឹងភ្លាមៗដោយមិនទុកយូរនោះឡើយ ក្រោយបានបិទផ្សារដងទង់ជាបណ្តោះអាសន្ននេះ មានរយៈពេលជាង១ខែមកហើយ ក្រោយរកឃើញមេរោគបំប្លែងថ្មីដែលតា កើតមានឡើង ហើយក្រុមអាជីវករទាំងអស់តម្រូវឲ្យយកសំណាក»។
លោក សំ ឃិតវៀន អភិបាលរងខេត្តកោះកុង កាលពីពេលថ្មីៗនេះ បានថ្លែងថា ការបើកផ្សារឲ្យដំណើរការឲ្យអាជីវករលក់ដូរឡើងវិញ អាជ្ញាធខេត្តនឹងបើកការប្រជុំគណៈកម្មការស្រាវជ្រាវប្រយុទ្ធប្រឆាំងកូវីដ១៩ ហើយបើករកឃើញថាមានអាត្រាឆ្លងថយចុះ និងគ្មានការឆ្លងមេរោគបំប្លែងថ្មីដែលតាទៀត នោះអាជ្ញាធរនឹងអនុញ្ញាឲ្យបើកឡើងវិញ៕