(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១នេះ បានប្រកាសបើកផ្លូវការ យុទ្ធនាការថ្នាក់ជាតិ ក្រោមប្រធានបទ «រួមគ្នាទទួលខុសត្រូវ ទប់កាត់ការចម្លងវីរុស កូវីដ១៩»។ ពិធីប្រកាសបើកយុទ្ធនាការនេះ ធ្វើឡើងក្រោមអធិបតីភាព លោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្ដរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩។

ថ្លែងក្នុងឱកាសនោះ លោក ម៉ម ប៊ុនហេង បានធ្វើការណែនាំដល់អភិបាលរាជធានី-ខេត្ត ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការអនុវត្តយុទ្ធនាការអប់រំផ្សព្វផ្សាយ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួនដូចជា៖

* ចាត់ចែងរៀបចំពិធីយុទ្ធនាការ ដោយធ្វើការផ្សព្វផ្សាយតាមរយៈឧឃោស្សនស័ព្ទ ទូងស្គ ការបិទតាំងរូបភាពផ្ទាំងធំ ចែកចាយខិតបណ្ណ ការផ្សព្វផ្សាយតាម ទូរទស្សន៍ វិទ្យុ និងបណ្ដាញសង្គមដល់ប្រជាជនឲ្យបានឆាប់រហ័សទៅដល់គ្រប់ភូមិគោលដៅ និងបន្ដសហការជាមួយដៃគូពាក់ព័ន្ធ សង្គមស៉ីវិល ក្នុងរាជធានី-ខេត្ត ទាំងអស់ ដើម្បីបោះពុម្ពចែកចាយសម្ភារអប់រំសុខភាពឲ្យបានទូលំទូលាយទាំងរាជធានី-ខេត្ត ជាពិសេសដល់សហគមន៍ងាយរងគ្រោះ និងសហគមន៍ក្រីក្រជាដើម

* ណែនាំ និងចាត់វិធានការដល់អាជីវកម្មដែលមានហានិភ័យខ្ពស់ ក្លឹបកម្សាន្ដ អាជីវកម្មម៉ាស្សា ហាងលក់គ្រឿងស្រវឹង ព្រមទាំងភោជនីយដ្ឋាន ទីកន្លែង លក់អាហារ ទីផ្សារ ផ្សារទំនើប ធនាគារ និងកន្លែងប្រកបអាជីវកម្មផ្សេងៗ ត្រូវពង្រឹង និងយកចិត្តទុកដាក់បន្ថែមនូវការអនុវត្តវិធានការសុខាភិបាល ដើម្បីបង្ការការឆ្លងជាយថាហេតុនូវវីរុសកូវីដ១៩ នៅពេលជួបជាមួយអតិថិជនទូទៅនៅក្នុងទីតាំងអាជីវកម្មរបស់ខ្លួន។ ចាត់វិធានការបិទជាបណ្ដោះអាសន្ន នូវទីតាំងអាជីវកម្មណា ដែលមិនគោរពតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល

* ណែនាំ និងការចាត់វិធានការតាមដានការអនុវត្តវិធានការសុខាភិបាល នៅសហគមន៍ ដូចជា ចាត់តាំងអាជ្ញាធរភូមិ ឃុំ ស្រុក និងតំណាងសហគមន៍ ត្រួតពិនិត្យ និងណែនាំការអនុវត្តគម្លាតសុវត្ថិភាពបុគ្គលពីម្នាក់ទៅម្នាក់ឲ្យបាន ១.៥ម៉ែត្រឡើងទៅ នៅតាមទីសាធារណៈនានា។ អនុវត្តគម្លាតសុវត្ថិភាពសង្គមឲ្យបានម៉ត់ចត់ ដោយហាមឃាត់ ឬកាត់បន្ថយឲ្យបានជាអតិប្បរិមានូវការជួបជុំគ្នាក្នុងសង្គម ដូចជា ការរៀបអាពាហ៍ពិពាហ៍ ពិធីបុណ្យនានា មានដូចជាការជួបជុំគ្នា ក្នុងពិធីបុណ្យជាតិ ពិធីបុណ្យសាសនា ពិធីបុណ្យប្រពៃណី ឬពិធីបុណ្យផ្សេងៗ ការប្រគុំតន្ដ្រី ការដើរលេងជួបជុំ បរិភោគអាហារជាមួយមិត្តភ័ក្រខាងក្រៅផ្ទះ ការជួបជុំក្នុងពិធីខួបកំណើត ឬការធ្វើពិធីឡើងផ្ទះក្នុងទ្រង់ទ្រាយធំ ការធ្វើដំណើរកម្សាន្ដប្រមូលផ្ដុំគ្នាច្រើនជាដើម

* ណែនាំ និងចាត់វិធានការជំរុញប្រជាជនក្នុងសហគមន៍ឲ្យបានយកចិត្តទុកដាក់រក្សាអនាម័យឲ្យបានស្អាតជានិច្ច ដោយលាងដៃដោយប្រើទឹកស្អាត ជាមួយសាប៊ូ ឬអាល់កុល ឬទឹកជែលលាងដៃឲ្យបានញឹកញាប់ ប្រើប្រាស់ម៉ាស់ឲ្យបានត្រឹមត្រូវជាប្រចាំនៅក្នុងករណីចាំបាច់ ឬប្រើកន្សែង ឬក្រម៉ា ឬក្រដាសជូតមាត់ ដើម្បីខ្ទប់មាត់ និងច្រមុះពេលក្អក កណ្ដាស់

* ណែនាំដល់អ្នកដែលមានហានិភ័យខ្ពស់ នៃការចម្លង់ជំងឺ ដូចជាជនចាស់ជរា ជនដែលមានជំងឺប្រចាំកាយ ស្ដ្រីមានផ្ទៃពោះ និងកុមារតូចៗជាដើម ជៀសវាងចេញពីផ្ទះបើមិនចាំបាច់។

ជាមួយគ្នានេះ រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង សូមអំពាវនាវដល់ក្រសួងពាក់ព័ន្ធ អង្គភាពសាធារណៈដទៃទៀត អាជ្ញាធរថ្នាក់ក្រោមជាតិ រដ្ឋអំណាចមូលដ្ឋាន គ្រប់លំដាប់ថ្នាក់ មន្ទីរ អង្គភាពជំនាញនានា អង្គការអន្ដរជាតិ អង្គការមិនមែនរដ្ឋាភិបាល សេវាឯកជន មេត្តាចូលរួមជួយគាំទ្រនូវសកម្មភាពរបស់យុទ្ធនាការ ដោយធ្វើការផ្សព្វផ្សាយសារយុទ្ធនាការតាមគ្រប់មធ្យោបាយដែលមាន និងធ្វើការតាមដានជាប្រចាំនូវឥរិយាបថរបស់ប្រជាជន ព្រមទាំងរួមគ្នា រកដំណោះស្រាយក្នុងតំបន់ ដើម្បីបន្ដជំរុញការអនុវត្តនូវការអនុវត្តវិធានការសុខាភិបាល និងអន្ដរាគមន៍នានាប្រកបដោយប្រសិទ្ធភាព៕