(កំពត)៖ លោក ជាវ តាយ ក្នុងនាមប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកំពត បានដាក់ចេញនូវការងារយុទ្ធសាស្ត្រសំខាន់ៗមួយចំនួន ជូនដល់ថ្នាក់ដឹកនាំ មន្ត្រី និងសមាជិកសមាជិកា នៅតាមបណ្តាក្រុងស្រុក សំដៅអនុវត្តឱ្យ បានល្អ តាមគោលការណ៍របស់គណបក្សដែលបានបានដាក់ចេញ ធ្វើយ៉ាងណាដើម្បីបន្តយកយកជ័យជម្នះ ជុំវិញការបោះឆ្នោតឃុំសង្កាត់ និងតំណាងរាស្រ្តឆ្នាំ២០២២-២០២៣ ខាងមុខនេះ។
ការដាក់ចេញយុទ្ធសាស្ត្រ និងការងារសំខាន់ៗមួយចំនួននេះ ខណៈលោក ជាវ តាយ ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកំពត បានដឹកនាំក្នុងកិច្ចប្រជុំពេញអង្គ របស់គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពត នាថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តកំពត។ កិច្ចប្រជុំនេះក៏មានការចូលរួមពីលោក ជឹង ផល្លា ប្រធានគណៈប្រចាំការ គណបក្សប្រជាជនខេត្ត ព្រមទាំងសមាជិក សមាជិកា គណបក្សពាក់ព័ន្ធជាច្រើនរូប។
លោក ជាវ តាយ បានបន្តថា គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន ជាប្រធានសំណាក់បក្សប្រជាជនកម្ពុជា បានអភិវឌ្ឍប្រទេសជាតិ និងជួយលើកកម្ពស់សេដ្ឋកិច្ចសង្គម និងគ្រួសារប្រជាពលរដ្ឋមានការរីកចម្រើនលើគ្រប់វិស័យដូចសព្វថ្ងៃនេះ។ ដោយឡែកសម្រាប់ខេត្តកំពត កន្លងមកការចូលរួមអនុវត្តកិច្ចការងាររបស់ថ្នាក់ដឹកនាំ សមាជិក សមាជិកា គណបក្សគ្រប់លំដាប់ថ្នាក់ ក៏តែងតែទទួលបានលទ្ធផលល្អប្រសើរ ស្របតាមគោលការណ៍ណែនាំរបស់គណបក្សថ្នាក់កណ្ដាល។
លោកបានបន្តថា ប៉ុន្តែដើម្បីបន្តទទួលបានការគាំទ្រពីប្រជាពលរដ្ឋ និងទទួលបានជ័យជំនះលើការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ ឆ្នាំ ២០២២ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តឆ្នាំ២០២៣ ខាងមុខនេះ ថ្នាក់ដឹកនាំ សមាជិក សមាជិកាគណបក្សតាមបណ្តាក្រុង ស្រុកត្រូវតែយកចិត្តទុកដាក់អនុវត្តការងារសំខាន់ៗ រួមមាន៖ ការស្រង់ស្ថិតិ និងធ្វើបច្ចុប្បន្នភាពមន្ត្រីបក្សឲ្យបានច្បាស់លាស់ ការត្រៀមលក្ខណៈបំពេញផែនការ ចំណូលចំណាយ ដោយតាមបណ្តា ក្រុង ស្រុក នីមួយៗ ត្រូវមានថវិកាបម្រុងឲ្យបានគ្រប់គ្រាន់យ៉ាងតិចមួយរយលានរៀល ចំណែកមន្ទីរគណបក្សថ្នាក់ខេត្ត ក៏ត្រូវមានយ៉ាងតិច១លានដុល្លារ ដើម្បីត្រៀមលក្ខណៈសម្បត្តិ សម្រាប់ការបោះឆ្នោតនៅពេលខាងមុខនេះ។
ជាមួយនឹងផែនការសកម្មភាពនេះដែរ លោក ជាវ តាយ បានបញ្ជាក់ថា ត្រូវរៀបចំតម្លើងស្លាកគណបក្សថ្មី ឲ្យបានស្អាត ដាក់នៅតាមទីតាំងប្រជុំជន ពិសេសផ្លូវជាតិ ផ្លូវបេតុង និងផ្លូវកៅស៊ូជាដើម។ ត្រូវរៀបចំបញ្ជូលសមាជិកបក្សថ្មី ទៅតាមនិតិវិធីផ្អែកលើគោលការណ៍គណបក្ស ឲ្យស្របនឹងការណែនាំដែលគណបក្សដាក់ចុះ។ ការរៀបចំពិនិត្យ និងកែសម្រួលបញ្ជីឈ្មោះបេក្ខជនដែលត្រូវដាក់ឲ្យឈរឈ្មោះក្នុងការបោះឆ្នោតឃុំសង្កាត់ ឲ្យបានល្អ (បេក្ខជនមានសមត្ថភាព សុខភាព លទ្ធភាព ប្រជាប្រិយភាព) និងត្រៀមឯកសារសម្រាប់ការបោះឆ្នោត ព្រមទាំងជំរុញការធ្វើអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋឲ្យបានហើយ និងឆាប់រហ័ស និងត្រូវរៀបចំស្នាក់ការគណបក្សនៅតាមមូលដ្ឋានឃុំ សង្គាត់ឲ្យបានរួចរាល់នៅក្នុងឆ្នាំ២០២១នេះ (គ្រប់ឃុំសង្កាត់ចាំបាច់ត្រូវតែមានទីស្នាក់ការ)។
លោក ជាវ តាយ ក៏បានក្រើនរំឭក និងស្នើដល់មន្ត្រីថ្នាក់ដឹកនាំ សមាជិក សមាជិកាគ្រប់លំដាប់ថ្នាក់នៅក្នុងខេត្ត ត្រូវបន្តរក្សានូវសាមគ្គីភាព ឯកភាពផ្ទៃក្នុងល្អ សហការចូលរួមអនុវត្តកិច្ចការ ដែលគណបក្សដាក់ជូន ដោយភាពទទួលខុសត្រូវ និងសេចក្តីថ្លៃថ្នូរ នោះទើបគណបក្សយើងទួលបានជ័យជំនះជាក់ជាពុំខានឡើយ៕