(ភ្នំពេញ)៖ ការិយាល័យភូមិបាលខណ្ឌកំបូល ក្រុមការងារវាលទី៧ បានសហការជាមួយជាមួយអាជ្ញាធរភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ បានបន្តចុះរៀបចំចុះផ្សព្វផ្សាយ សេចក្តីប្រកាសជាតំបន់ធ្វើការវិនិច្ឆ័យ ដែលមានលក្ខណ:ជា ប្រព័ន្ធ ជូនដល់បងប្អូនប្រជាពលរដ្ឋ និងអ្នកមានក្បាលដីពាក់ព័ន្ធដើម្បីត្រៀមលក្ខណ:ចូលរួមក្នុងដំណើរការចុះបញ្ជីដីធ្លីដែលមានលក្ខណ:ជាប្រព័ន្ធ ជាមួយក្រុមការងារវាលទី៧ ដែលនឺងចាប់ផ្តើមដំណើរការចុះវាស់វែង នៅសប្តាហ៍ក្រោយ។
ការរៀបចំចុះផ្សព្វផ្សាយខាងលើនេះ បានធ្វើឡើងនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១នេះ ស្ថិតនៅក្នុងភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ។
ក្រុមការងារ នឹងប្រើរថយន្តមានឧបករណ៍បំពងសម្លេង បើកតាមផ្លូវភូមិផ្សព្វផ្សាយសេចក្តីជូនដំណឹង ដោយយោងតាមសេចក្តីជូនដំណឹងស្តីពី កិច្ចប្រជុំផ្សព្វផ្សាយសេចក្តីប្រកាសកំណត់តំបន់ ធ្វើការវិនិច្ឆ័យដែលមានលក្ខណ: ជាប្រព័ន្ធលេខ ០៨០/២០សជណ ចុះថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ របស់រដ្ឋបាលរាជធានីភ្នំពេញ។
លោក ប៉ុក បញ្ញាធិ ប្រធានការិយាល័យរៀបដែនដី នគររូបនីយកម្ម សំណង់ និងភូមិបាលខណ្ឌកំបូល បានឲ្យដឹងថា ដោយមានការណែនពីលោក សារិន វណ្ណា នាយកទីចាត់ការគម្រោងរដ្ឋបាលដីធ្លីរាជធានីភ្នំពេញ និងជាប្រធានមន្ទីរ រៀបចំ ដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានីភ្នំពេញ យើងចុះអនុវត្តន៍នៅក្នុងការងារនេះដោយគោរពតាមវិធានការរបស់ក្រសួងសុខាភិបាល គឺការណែនាំមិនអនុញ្ញាតមិនឲ្យមានការប្រមូលផ្តុំជួបនោះទេ។
ការងារនេះជំនួសដោយក្រុមការងាររៀបចំដើរផ្សព្វផ្សាយតាមផ្លូវក្នុងភូមិ ដោយប្រើរថយន្ត និងប្រដាប់បំពងសម្លេងឃោសនាស័ព្ទ ដើម្បីផ្សព្វផ្សាយតាមផ្លូវរយៈពេល១សប្តាហ៍ នៅក្នុងភូមិដែលយើងមានគំរោងចុះវាស់វែងនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១នេះ។
លោក ប៉ុក បញ្ញាធិ បានឲ្យបន្តទៀតថា ក្រុមការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ សូមជម្រាបជូនដំណឹងដល់សាធារណៈជន ដែលជាអ្នកកាន់កាប់លំនៅឋាន ដីសាងសង់ទាំងអស់ដែលមានទីតាំងនៅភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ ឲ្យបានជ្រាបថាក្រុមការងារចុះបញ្ជីដីធ្លី និងចុះកំណត់ព្រំវាស់វែង និងប្រមូលទិន្នន័យចាប់ពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១តទៅ។
លោក ប៉ុក បញ្ញាធិ បានបន្តថា សេចក្តីដូចបានជម្រាបជូនខាងលើ សូមបងប្អូនដែលមានលំនៅដ្ឋានដីសាងសង់ព្រមទាំងអ្នកពាក់ព័ន្ធការកាន់កាប់ដីដែលមានក្បាលដីស្ថិតនៅក្នុងភូមិគោកខ្សាច់ សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ សូមអញ្ជើញចូលរួមផ្តល់ព័ត៌មាន និងឯកសារដែលមានទីតាំងនៅបរិវេណសាលាបឋមសិក្សាទួលកីចាប់ពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ៨រាល់ថ្ងៃធ្វើការ។
ជាមួយគ្នានេះដែរ លោក ប៉ុក បញ្ញាធិ ក្រុមគ្រប់គ្រងតំបន់វិនិច្ឆ័យក្រុមវាលទី៧ នៅតែគោរពបាន និងរក្សារបានយ៉ាងល្អខ្ជាប់ខ្ជួនវិធាការការពារជំងឺកូវីដ១៩ និងអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមចេះការពារខ្លួនពីជំងឺកូវីដ១៩ «៣កុំ និង៣ការពារ» ឲ្យបានគ្រប់គ្នា៕