(ភ្នំពេញ)៖ អគ្គនាយកបណ្តាញព័ត៌មាន Fresh News លោក លឹម ជាវុត្ថា នៅព្រឹកថ្ងៃចន្ទ ទី១៦ ខែសីហា ឆ្នាំ២០២១នេះ បានដឹកនាំបុគ្គលិកបម្រើការងារនៅទីស្នាក់កណ្តាល និងតាមបណ្តាខណ្ឌនានាសរុបជាង១០០នាក់ ទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសទី៣ ដែលជាដូសជំរុញ នៅមន្ទីរពេទ្យកុមារជាតិ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានចាត់ទុកអ្នកសារព័ត៌មានជាជនអាទិភាពក្នុងការទទួលបានវ៉ាក់សាំង ដើម្បការពារជំងឺកូវីដ១៩ ដ្បិតអ្នកព័ត៌មានក៏ជាអ្នកដែលធ្វើសកម្មភាពច្រើននៅក្នុងសង្គមផងដែរ។ អាស្រ័យហេតុនេះហើយទើបអ្នកព័ត៌មាន ត្រូវបានអនុញ្ញាតឱ្យចាក់វ៉ាក់សាំង ជាអាទិភាពតាំងពីដូសទី១មកម្ល៉េះ។
អ្នកព័ត៌មានដែលទទួលបានឱកាសចាក់វ៉ាក់សាំងដូសទី៣នេះ សុទ្ធតែបង្ហាញនូវអារម្មណ៍រីករាយ និងធ្វើឱ្យពួកគេមានទំនុកចិត្តខ្ពស់បន្ថែមទៀត ក្នុងការការពារជំងឺកូវីដ១៩។ លោក លឹម ជាវុត្ថា បានចាត់ទុកការទទួលបានឱកាសចាក់វ៉ាក់សាំងនេះ ដើម្បីបង្កើនប្រសិទ្ធភាពប្រឆាំងនឹងមេរោគកូវីដ១៩ ទោះបីប្រភេទណាក៏ដោយ (Delta) និងបង្កើនភាពស្រាំក្នុងសហគមន៍របស់យើង ដើម្បីឈានឆ្ពោះទៅបើកដំណើរការសេដ្ឋកិច្ចរបស់ប្រទេសឡើងវិញ។
លោក លឹម ជាវុត្ថា បានថ្លែងយ៉ាងដូច្នេះថា៖ «ដូសទី៣ Astra Zeneca (UK) រួចរាល់ហើយព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ ! សូមបងប្អូនប្រជាពលរដ្ឋនាំគ្នាទៅ ចាក់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញ ដើម្បីបង្កើនភាពប្រសិទ្ធភាពប្រឆាំងនឹងមេរោគកូវីដ១៩ ទោះបីប្រភេទណាក៏ដោយ (Delta) និងបង្កើនភាពស្រាំក្នុងសហគមន៍របស់យើង។
ខ្ញុំបាទតំណាងឲ្យបណ្តាញព័ត៌មាន Fresh News សូមគោរពថ្លែងអំណរគុណយ៉ាងអនេក ចំពោះគុណបំណាច់ដ៏ធំធេងមិនអាចកាត់ថ្លៃបានរបស់ ប្រមុខរាជរដ្ឋាភិបាលដ៏ឆ្នើមបំផុតគ្មានពីររបស់កម្ពុជាគឺ សម្តេចតេជោ ហ៊ុន សែន ដែលបានគិតគូរយកចិត្តទុកដាក់ជាទីបំផុត លើកិច្ចការសុខុមាលភាពសាធារណៈ ជូនប្រជាពលរដ្ឋ ដោយប្រញាប់ប្រញាល់ស្វះស្វែងរកវ៉ាក់សាំងពីគ្រប់ទិសទី ជុំវិញពិភពលោក មកចាក់ជូនពលរដ្ឋដោយឥតគិតថ្លៃ។
កងទ័ពអាវសដ៏មោះមុតរបស់យើងទាំងផ្នែកក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានដើរតួនាទីយ៉ាងសំខាន់បំផុតនាពេលនេះ ដើម្បីរំដោះប្រទេសឲ្យចេញផុត ពីសង្រ្គាមវីរុសដ៏កាចសាហាវ។ ខ្ញុំជឿជាក់ថា «កត្តាស្លាប់រស់របស់ប្រទេស» គឺការចាក់វ៉ាក់សាំងតែម្តង ប្រសិនបើការចាក់វ៉ាក់សាំងមានភាពយឺតយ៉ាវតែបន្តិច ក៏អាចធ្វើឲ្យប្រទេសទាំងមូល និងប្រជាជនជួបគ្រោះថ្នាក់ ព្រមទាំងជួបប្រទះវិបត្តិសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ» នេះជាការបញ្ជាក់របស់លោក លឹម ជាវុត្ថា៕