(រតនគិរី)៖ អធិការនគរបាល ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី លោក ម៉ៅ សាន់ បានប្រាប់ឲ្យដឹងថាលំនៅដ្ឋាន មួយខ្នងសង់ពីឈើប្រក ស័ង្កសី មានទំហំ៩x១២ម៉ែត្រ ត្រូវបានអគ្គិភ័យឆេះហ្មត់។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១២យប់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៦ ត្រង់ចំណុចភូមិប៉ក់ធំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ។
លោកធិការរូបនោះបន្តទៀតថា អគ្គិភ័យឆេះលំនៅដ្ឋានខាងលើនេះ បណ្តាលមកពីភ្លើងចង្ក្រាន ដោយសារម្ចាស់ផ្ទះធ្វេសប្រហែស ព្រោះបន្ទាប់ពីចំអិនអាហារពេលយប់រួច ពុំបានពន្លត់ភ្លើងចង្ក្រាន។
លោក ម៉ៅ សាន់ បញ្ជាក់ថា ម្ចាស់ផ្ទះមានឈ្មោះ ពួយ ឈិន អាយុ៥៥ឆ្នាំ ជនជាតិច្រាយ មុខរបរលក់ចាប់ហួយបន្តិចបន្តួច ប៉ុន្តែសំណាងល្អពុំមាន បង្កគ្រោះថ្នាក់ដល់សមាជិកក្រុមគ្រួសារនិងរាលដាលឆេះដល់ផ្ទះអ្នកជិតខាង ពោលគឺសមត្ថកិច្ចមូលដ្ឋាន និងប្រជាពលរដ្ឋនៅក្បែរនោះជួយ ទាន់ពេលវេលា។
ចំណែកទ្រព្យសម្បត្តិនៅក្នុងផ្ទះរួមមាន ឆេះស្រូវចំនួន៥តោន លុយ១ពាន់ដុល្លារ ប្រាក់ចំនួន៣០ម៉ឺនរៀល ម៉ាស៊ីនភ្លើង២គ្រឿង និងម៉ាស៊ីកាត់ស្មៅមួយគ្រឿង ត្រូវអគ្គីភ័យលេបត្របាក់អស់។
លោកអធិការបានបន្តទៀតថា មូលហេតុដែលធ្វើការជួយពន្លត់មិនទាន់នោះ គឺរថយន្តពន្លត់អគ្គីភ័យស្នងការខេត្ត មកជួយដែរតែជួយ មិនទាន់មានចំងាយឆ្ងាយ ពីខេត្ត៧០គីឡូម៉ែត្រ។
ម្ចាស់ផ្ទះរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុកូននឹងប្រពន្ធ របស់គាត់បាននាំគ្នាចូលដេកអស់ហើយ ស្រាប់តែដល់ពេល កើតហេតុនោះ មានភ្លើងឆេះចេញពីចង្ក្រានបាយខាងក្រោយផ្ទះ ធ្វើឲ្យពួកគាត់ភ័យឆោឡោ ម្ចាស់ផ្ទះបញ្ជាក់ថាភ្លើងដែលឆេះនេះ មូលហេតុកើតចេញពីភ្លើងចង្ក្រាន ដែលគាត់ដាំបាយពីល្ងាចភ្លេច ចាប់ធ្យូងចេញពីចង្ក្រាន ទើបបង្កឲ្យមានភើ្លងឆេះតែម្តង៕