សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជា-កូរ៉េខាងត្បូង ជាដន្លងនឹងគ្នា ដោយមានកូនកាត់ជិត១ម៉ឺននាក់
28-03-2016 10:48
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា ប្រទេសកម្ពុជា និងប្រទេសកូរ៉េខាងត្បូង គឺជាដន្លងនឹងគ្នា ដែលមានកូនកាត់ប្រមាណជិត១ម៉ឺននាក់ នាពេលបច្ចុប្បន្ន។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងបែបនេះ នៅក្នុងកម្មវិធីសម្ពោធបើកការដ្ឋានសាងសង់ឡើងវិញ នូវផ្លូវជាតិលេខ២១ នៅខេត្តកណ្តាល នាព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៦នេះ។ គម្រោងផ្លូវនេះ ត្រូវបានសាងសង់ឡើង ក្រោមប្រាក់កម្ចីសម្បទាន របស់សាធារណរដ្ឋកូរ៉េ។
សម្តេចតេជោ បានលើកឡើងថា «យើងជាប្រទេសដន្លងទៅហើយឥឡូវនេះ ដោយសារតែមានកូនកាត់ច្រើនណាស់ កូនកាត់នេះនៅត្រង់ថា ស្រ្តីរបស់កម្ពុជារៀបការជាមួយកូរ៉េច្រើនណាស់ ឆ្នាំទៅក្នុងការប្រជុំរវាងអាស៊ាន-កូរ៉េ ខ្ញុំព្រះករុណាខ្ញុំ ក៏បានទស្សនកិច្ច ហើយពេលនោះ បើយើងពិនិត្យអំពីចំនួន កូនកាត់ ឥឡូវមានប្រហែលជាជិត១ម៉ឺននាក់»។
រដ្ឋាភិបាលកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ជាមួយកូរ៉េខាងត្បូង តាំងពីឆ្នាំ ១៩៩៦ ដើម្បីភ្ជាប់ទំនាក់ទំនងការទូតឡើងវិញ ក្រោយបញ្ចប់សង្រ្គាមស៊ីវិលនៅកម្ពុជា។ តាំងពីពេលនោះមកកូរ៉េខាងត្បូងបានក្លាយជាដៃគូល្អមួយ សម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី លើគ្រប់វិស័យ។
រដ្ឋាភិបាលកូរ៉េខាងត្បូង ក៏ផ្តល់ឱកាសដល់ពលករខ្មែរ រាប់ពាន់នាក់ក្នុងមួយឆ្នាំៗ ដើម្បីទៅធ្វើការងារនៅប្រទេស របស់ពួកគេផងដែរ៕