(ភ្នំពេញ)៖ ថ្លែងពីខេត្តកណ្តាល ទីដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា អញ្ជើញសម្ពោធបើកការដ្ឋានសាងសង់ផ្លូវលេខ២១ បានឲ្យដឹងថា កូរ៉េខាងត្បូងជាប្រទេស ដែលបានយកចិត្តទុកដាក់ផ្តល់ប្រាក់ជំនួយឥតសំណង និងប្រាក់កម្ចីដល់ប្រទេសកម្ពុជាជាច្រើន ប៉ុន្តែទោះបីយ៉ាងណាសម្តេចតេជោ បានលើកឡើងថា ថវិកាផ្តល់ជំនួយលើកមុនរបស់កូរ៉េខាងត្បូង នៅមិនទាន់គ្រប់ទេ ដោយស្នើសុំលោកស្រី ប្រធានាធិបតីកូរ៉េខាងត្បូង Park Geun-hye ជួយផ្តល់បន្ថែមនូវឥណទាន ដែលនៅខ្វះប្រមាណជាង១០លានដុល្លារទៀត ដើម្បីកសាងផ្លូវថ្នល់ដំណាក់កាលទី២ ដែលនៅសល់ប្រមាណ៨-១០គីឡូមែត្រទៀត។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងទៀតថា ការស្នើសុំនេះសូមផ្តាំផ្ញើតាមរយៈឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូង ប្រចាំនៅកម្ពុជា ដើម្បីជំរាបជូនលោកស្រី Park Geun-hye ជាប្រធានាធិបតី។ សម្តេចតេជោ បានបញ្ជាក់ប្រាប់លោកឯកអគ្គរដ្ឋទូតថា ជួយផ្តាំផ្ញើផង ជួយឥណទានដែលនៅ ខ្វះប្រមាណជាង១០លានដុល្លារនេះ សូមកុំកាត់ចេញពីគម្រោងជំនួយផ្សេងៗអី។
សម្តេចតេជោ ហ៊ុន សែន បានអះអាងនៅលើវេទិកាសាធារណៈថា សម្តេចមានមោទនភាពជាមួយនឹង នយោបាយការបរទេស ដែលសម្តេចប្តូរផ្តាច់ នឹងបង្កើតឡើងនូវទំនាក់ទំនងរវាងកម្ពុជា និងកូរ៉េខាងត្បូង។ សម្តេចតេជោ បានបញ្ជាក់ថា នឹងធ្វើកិច្ចការនេះឲ្យខានតែបាន។
សូមជំរាបថា ព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញសម្ពោធបើកការដ្ឋានសាងសង់ឡើងវិញ នូវផ្លូវជាតិលេខ២១ នៅខេត្តកណ្តាល ដែលគម្រោងស្តារឡើងវិញនូវផ្លូវជាតិលេខ២១នេះ ជាកម្ចីសម្បទានពីសាធារណរដ្ឋកូរ៉េ ក្រោមចំណាយថវិកា ៦១,៦លានដុល្លារ សហរដ្ឋអាមេរិក ក្នុងនោះថវិកាកម្ចីសម្បទានពីសាធារណរដ្ឋកូរ៉េ ៥២,៥៤លានដុល្លារសហរដ្ឋអាមេរិក និងថវិកាបដិភាគ ៩,០៩លាន ដុល្លារសហរដ្ឋអាមេរិក។
គម្រោងសាងសង់ផ្លូវលេខ២១នេះ មានប្រវែង៥៥គីឡូម៉ែត្រ និងស្ពានចំនួន៤២ស្ពាន ដែលត្រូវចំណាយរយៈពេលសាងសង់ ៣៦ខែ ក្រោមការត្រួតពិនិត្យ បច្ចេកទេសពីក្រុមហ៊ុន Dasan និងសាងសង់ដោយក្រុមហ៊ុន Hanshin របស់កូរ៉េ៕