(ភ្នំពេញ)៖ ឃាតកជាជនជាតិវៀតណាម ដែលរំលោភ ហើយសម្លាប់ក្មេងស្រី អាយុ១៥ឆ្នាំម្នាក់ កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៦ ស្ថិតនៅមាត់ទន្លេ ភូមិទួលរការ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ត្រូវបានកម្លាំងនគរបាល តាមចាប់ខ្លួនបានហើយ។
លោក តេង ស៉ីណូ អធិការនគរបាលខណ្ឌមានជ័យ បានបញ្ជាក់ថា ប្រតិបត្តិការតាមចាប់ជនសង្ស័យរូបនេះ បានធ្វើឡើងក្រោម កិច្ចសហការរវាងកម្លាំង នគរបាលខណ្ឌមានជ័យ កម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ នៃនាយដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ , កម្លាំងនគរបាលខេត្តតាកែវ , កម្លាំងនគរបាលស្រុកគីរីវង្ស និងកម្លាំងនគរបាលវរៈសេនាតូចលេខ ៦០៣។
លោកអនុសេនីយ៍ឯក ហ៊ួរ ម៉េងវ៉ាង អធិការរងខណ្ឌមានជ័យ ទទួលផែនព្រហ្មទណ្ឌ បានប្រាប់ភ្នាក់ងារ Fresh News នៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៦នេះថា ជនសង្ស័យរូបនេះមានឈ្មោះ ដាង យុំាងដូ ហៅ រីដូ , ហៅ ធា , ភ័ក្រ្ត ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិវៀតណាម មុខរបរ ជាងបាញ់ថ្នាំតុ.ទូ ស្នាក់នៅផ្ទះលេខ២១៩អា ផ្លូវលំមាត់ទន្លេបាសាក់ ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ពីបទឃាតកម្ម (រំលោភសម្លាប់) ត្រូវបានចាប់ខ្លួននៅរសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៦ នៅចំណុចភូមិសា ឃុំភ្នំឌិន ស្រុកគីរីវង្ស ខេត្តតាកែវ ។
សូមបញ្ជាក់ថា ជនរងគ្រោះឈ្មោះ ជួប ស្រីពៅ អាយុ១៥ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ត្រូវបានជននេះរំលោភ ហើយសម្លាប់ចោល កាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៦ វេលាម៉ោង៤រសៀលនៅចំណុច ច្រាំងទន្លេបាសាក់ ផ្លូវលំ ក្រុមទី២៨ ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។
ករណីនេះបានកើតឡើង ខណៈដែលជនរងគ្រោះដើរម្នាក់ឯង មកលេងផ្ទះសាច់ញាតិ (នៅក្បែរកន្លែងកើតហេតុ) ហើយជនសង្ស័យ បានដើរបុកជនរងគ្រោះ ខណៈនោះជនរងគ្រោះស្តីបន្ទោស ជនសង្ស័យខឹងក៏បានធ្វើសកម្មភាពច្របាច់កសម្លាប់រួចរំលោភសេពសន្ថវៈ តែម្តង ។
ក្រោយការចាប់ខ្លួន កម្លាំងសមត្ថកិច្ចបានចាប់យកវត្ថុតាង ៖ ស្បែកជើងផ្ទាត់ ពណ៌ខៀវ លេខដប់កន្លះ ចំនួន០១គូរ (ជារបស់ជនសង្ស័យបន្សល់ទុក នៅកន្លែងកើតហេតុ) ៕