(ឧត្តរមានជ័យ)៖ រដ្ឋបាលខេត្តឧត្តរមានជ័យ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១នេះ បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន ១២៤ករណីបន្ថែមទៀត ខណៈអ្នកជំងឺ ៥៨នាក់ បានព្យាបាលជាសះស្បើយ។ អ្នកជំងឺរកឃើញថ្ងៃនេះ មាន ១០០នាក់ ជាពលករទើបវិលត្រឡប់មកពីប្រទេសថៃតាមច្រកអូរស្មាច់។

រដ្ឋបាលខេត្ត អំពាវនាវដល់ប្រជាពលរដ្ឋដែលមានការពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោល ជាមួយបុគ្គលវិជ្ជមានកូវីដ១៩ទើបរកឃើញនេះ ត្រូវដាក់ខ្លួនដាច់ដោយឡែករយៈពេល១៤ថ្ងៃ។ ក្នុងករណីមានរោគសញ្ញា ក្អក ផ្តាសាយ ហៀរសំបោរ ឈឺបំពង់ក ថប់ដង្ហើម ក្ដៅខ្លួនខ្លាំង ឬរោគសញ្ញាសង្ស័យផ្សេងៗទៀត ត្រូវទាក់ទងក្រុមការងារប្រចាំការ និងយកសំណាកនៅ មន្ទីរពេទ្យបង្អែកខេត្ត និងមន្ទីរពេទ្យបង្អែកអន្លង់វែង ឬទំនាក់ទំនងសាកសួរព័ត៌មានផ្សេងៗតាមរយៈលេខទូរសព្ទ ០១២ ៤៩៩ ១៩២។

រដ្ឋបាលខេត្ត បានឱ្យដឹងថា មកទល់ពេលនេះ ខេត្តឧត្តរមានជ័យរកឃើញអ្នកជំងឺកូវីដ១៩ សរុប ៥,៦៩៧នាក់។ ក្នុងនោះករណីនាំចូលពីបរទេស ៤,៧៣១នាក់ និងករណីព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ៩៦៥នាក់។

ជាមួយគ្នានេះអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន ២,២៨៦នាក់ ព្យាបាលជាសះស្បើយ, ស្លាប់ ៩នាក់ និងកំពុងព្យាបាល ៣,៤០២នាក់៕