(ខេត្តប៉ៃលិន)៖ ចុងសប្ដាហ៍នេះ លោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងលោក សៅ សារ៉ាត់ តំណាងរាស្ត្រមណ្ឌលប៉ៃលិន បានដឹកនាំមន្ត្រីជំនាញ ចុះពិនិត្យដំណើរការស្ថាបនាផ្លូវឡើងរមនីយដ្ឋានទឹកធ្លាក់អូរតាវ៉ៅ ហៅភ្នំខៀវ ដែលស្ថាបនាចាក់បេតុងអាមេជិតរួចរាល់។
ផ្លូវនេះមានប្រវែងជាង ២ពាន់ម៉ែត្រ។ នៅតាមដងផ្លូវចូលទៅក្នុងរមណីយដ្ឋាន ក៏បានកែលម្អធ្វើសួនច្បារដាំផ្កាភ្ញីបន្ថែម និងតុបតែងផ្កាសិប្បនិម្មិតមួយចំនួន គឺទុកតែដើមឈើហូបផ្លែធំៗ ដូចជាដើមស្វាយ ដើមសាវម៉ាវ និងដើមឈើមានតម្លៃជាដើម សម្រាប់ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិនាពេលបញ្ចប់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ខាងមុខ។
លោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា គឺបានខិតខំកសាង និងឣភិវឌ្ឍប្រទេសជាតិឱ្យមានការរីកចម្រើនលើគ្រប់វិស័យ។ ជាពិសេសគឺការកសាងហេដ្ឋារចនាសម័ន្ធនានាដូចជា សាលារៀន ស្ពាន ផ្លូវថ្នល់ មន្ទីរពេទ្យជាដើម។
លោកស្រីអភិបាលខេត្ត បន្តទៀតថា បច្ចុប្បន្ននេះ រដ្ឋបាលខេត្តប៉ៃលិន ក៏បានខិតខំកែលម្អរ ហេដ្ឋារចនាសម័ន្ធសាធារណ:នានាជាច្រើន ជាពិសេសឣភិវឌ្ឍតំបន់រមណីយដ្ឋានទេសចរណ៍នៅក្នុងខេត្ត ឱ្យកាន់តែល្អប្រសើរឡើង ដើម្បីទាក់ទាញភ្ញៀវជាតិ និងឣន្តរជាតិចូលមកលេងកំសាន្តនាឱកាសបុណ្យទានផ្សេងៗ ដូចជាបុណ្យចូលឆ្នាំចិន បុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ និងរដូវភ្ជុំបិណ្ឌជាដើម ក្នុងខេត្តប៉ៃលិនយើងឱ្យកាន់តែច្រើនឡើង ធ្វើឱ្យជីវភាពប្រជាពលរដ្ឋកាន់តែធូរធារជាងមុនផងដែរ។
ជាមួយគ្នាជាការទាក់ទាញភ្ញៀវទេសចរ លោកស្រីអភិបាលខេត្ត ក៏បានក្រើនរំលឹកដល់មន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ ត្រូវយកចិត្តទុកដាក់ និងទទួលខុសត្រូវខ្ពស់ ព្រមទាំងសហការគ្នា ចុះធ្វើការអប់រំផ្សព្វផ្សាយ និងណែនាំបងប្អូនប្រជាពលរដ្ឋឲ្យយល់ដឹងពីតំលៃនៃធន់ធានធម្មជាតិនាំគ្នាថែរក្សាព្រៃឈើនិងសត្វព្រៃពិសេសគឺនៅតំបន់អភិរក្សនៅជុំវិញរមណីយដ្ឋានទឹកធ្លាក់ភ្នំខៀវនេះតែម្តង។
សូមបញ្ជាក់ផងដែរថា រមណីយដ្ឋានធម្មជាតិទឹកធ្លាក់អូរតាវ៉ៅ ហៅភ្នំខៀវមានចម្ងាយចេញពីផ្លូវជាតិលេខ៥៧ ប្រមាណ ៧ ទៅ ៨គីឡូម៉ែត្រ ស្ថិតនៅភូមិកូនខ្លុង សង្កាត់ឣូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។ រមណីយដ្ឋាននេះ មានទេសភាពល្អស្រស់ស្អាតជាងគេបំផុតនៅទូទាំងខេត្តប៉ៃលិន មានទឹកជ្រោះ រហូតដល់៧ជាន់ ពេលភ្ញៀវទេសចរចូលទៅងូតលេងកម្សាន្ត ធ្វើឱ្យត្រជាក់ បំបាត់ទុក្ខកង្វល់ និងមានអារម្មណ៍ស្រស់ថ្លាថែមទៀត៕