(ភ្នំពេញ)៖ លោកស្រី មូរ សុខហួរ តំណាងរាស្រ្តមកពីគណបក្សសង្រ្គោះជាតិ បានឲ្យដឹងថា ស្វាមីរបស់លោកស្រី បានទទួលមរណភាព នៅម៉ោងប្រមាណ១០៖៣០នាទីយប់ ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៦ (ម៉ោងនៅកម្ពុជា) ដោយសារជំងឺមហារីក។
លោកស្រី មូរ សុខហួរ បានបញ្ជាក់នៅលើ Facebook របស់លោកស្រីថា «ស្វាមីខ្ញុំបានស្លាប់នៅយប់មិញម៉ោង ១០៖៣០ នាទីម៉ោងនៅប្រទេសកម្ពុជា។ ស្វាមីរបស់ខ្ញុំគាត់ថាគាត់ចង់ប្រើប្រាស់ពេលវេលាចុងក្រោយនៅខេត្តកំពត ប្រទេសកម្ពុជា តែជាអកុសលវេលានិងស្ថានភាពជំងឺមហារីកធ្ងន់ធ្ងរពេក ទើបធ្វើឲ្យគាត់មិនបានមកកម្ពុជា»។
លោកស្រី មូរ សុខហួរ បានបញ្ជាក់ថា លោកស្រី នឹងយកធាតុស្វាមីរបស់លោកស្រី មកប្រទេសកម្ពុជា។
ស្វាមីលោកស្រី មូរ សុខហួរ មានឈ្មោះ ស្កុត ឡេពឺត ជាជនជាតិអាមេរិកកាំង។ លោកស្រី មូរ សុខហួរ និងស្វាមី បានជួបគ្នាពេលបម្រើការងារ នៅក្នុងជំរំឫទ្ធីសែន ក្នុងប្រទេសថៃ នាអំឡុងឆ្នាំ១៩៨៣។ ចំណងអាពាហ៍ពិពាហ៍នេះ ទទួលបានកូនស្រីចំនួន ៣នាក់៕