(ភ្នំពេញ)៖ អ្នកជំនាញអារ្យធម៌ខ្មែរ លោក រត្ន័ សណ្ដាប់ បានថ្លែងកត់សម្គាល់ថាចំពោះប្រវត្ដិពាក្យ «ចត្ដាទ្បីស័ក» ដែលជាពាក្យដ៏ពេញនិយមនិងកំពុងតែប្រើក្នុងបរិបទកូវីដ -១៩នេះ ត្រូវបានអ្នកស្រាវជ្រាវមួយចំនួនបានលើកមកបកស្រាយអះអាងស្ដីអំពីប្រវត្ដិពាក្យ «ចត្ដាទ្បីស័ក» ជាភាសាអង់គ្លេសហៅថា «គ្វ័ររ៉ាន់ទីន-Quarantine» មានប្រភពដើមចេញពីភាសាអ៉ីតាលីហៅថា «គ័ររ៉ាន់ទីណូ- Quarantino» ដែលបាននឹងកំពុងតែផ្សព្វផ្សាយយ៉ាងទូលំទូលាយនៅក្នុងបណ្តាញសង្គមសព្វថ្ងៃនេះ គឺពុំមានមូលដ្ឋានត្រឹមត្រូវនោះទេ ! ចំពោះពាក្យត្រឹមត្រូវគឺ «គ័ររ៉ាន់តេណា- Quarantena» ពីព្រោះ៖
- ពាក្យ «Quarantino» គឺសំដៅទៅលើការវិវត្ដនៃរុក្ខជាតិក្នុងរយ:ពេលខ្លី។
- ពាក្យ «Quarantena» គឺ៤០ថ្ងៃ សំដៅទៅលើការកំណត់រយ:ពេលធម្មតានៃការដាក់ឲ្យនៅដាច់ដោយទ្បែកដើម្បីទប់ស្កាត់ពីការឆ្លងរីករាលដាល នៃស្ថានភាពជំងឺដ៏កាចសាហាវ។
លោក រត្ន័ សណ្ដាប់ បន្ដថាចំពោះប្រវត្ដិពាក្យ «ចត្ដាទ្បីស័ក» «Quarantena» នេះទៀតសោតគឺត្រូវបានគេយកមកអនុវត្ដក្នុងការដាក់ឲ្យនៅដាច់ដោយទ្បែក ទៅលើអ្នកដំណើរនិងនាវិកនៅលើកប៉ាល់ បន្ទាប់ពីបានរកឃើញថា មានជំងឺប៉េស្ដដែលកប៉ាល់នោះ បានមកពីតំបន់ ដែលទទួលរងដោយជំងឺដ៏កាចសាហាវនេះនាស.វ.ទី១៤ នៅទីក្រុងវេនីស្ដ Venezia ប្រទេសអ៉ីតាលី។ ហើយទីក្រុងនេះទៀតសោតក៏បានកសាងមន្ទីរពេទ្យដាច់ដោយទ្បែកមុនគេបង្អស់នៅក្នុងឆ្នំា១៤០៣ ហើយក៏ជាអ្នកដំបូងគេដែលចេញវិធានការ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺប៉េស្ដដ៏កាចសាហាវនេះ។
ក្រោយមកទីក្រុងយ៉េណូអា-Genoa ប្រទេសអ៉ីតាលី ក៏បានធ្វើតាមគំរូទីក្រុងវេនីស្ដ Venezia ហើយរហូតបន្ដដល់អ៉ឺរ៉ុប។ ក្រោយមកនៅតំបន់អ៉ឺរ៉ុបបានរៀបចំអនុសញ្ញាជាអន្ដរជាតិ ក្នុងគោលបំណងឲ្យរដ្ឋាភិបាលនៃប្រទេសនីមួយៗប្រទាក់ក្រឡាគ្នា ដើម្បីភ្ជាប់ទៅនឹងសកម្មភាពចាត់វិធានការ ក្នុងការទប់ស្កាត់នៃជំងឺឆ្លងនេះ។
លោក រត្ន័ សណ្ដាប់ បន្ដទៀតថាម្យ៉ាងទៀតចំពោះប្រភពមេរោគដ៏កាចសាហាវនេះនៅសម័យនោះ ក៏គ្មានច្បាប់ណាអាចដាក់ទោសទៅលើមេរោគនេះបានឡើយ ពីព្រោះវាគ្មានរូបរាង គ្មានក្លិន គ្មានរសជាតិ តែវាមានអំណាចនិងឥទ្ធិពលក្នុងការចរាចរណ៍ឆ្លងដែន ឆ្លងទ្វីបទៅចម្លងបំផ្លាញសុខភាព និងសម្លាប់គេឯងយកអាយុជីវិត មនុស្សលោកដោយមិនរើសមុខ ឬឋាន: បុណ្យស័ក្ត ដោយពុំចំាបាច់សុំទិដ្ឋាការ (Visa) អ្វីឡើយ។ គឺមិនខុសពីប្រភពមេរោគកាចសាហាវផ្សេងៗក្នុងសម័យទំនើប ពិសេសដូចជាមេរោគ Covid-19។
ទន្ទឹមនឹងនេះចំពោះសង្គមខ្មែរ បើនិយាយអំពីប្រភេទជំងឺឆ្លងដាក់ឲ្យដាច់ដោយទ្បែកពីអ្នកដទៃនោះ មានតំាងពីសម័យបុរាណមកម៉្លេះគឺជំងឺ «ឃ្លង់» ដោយវិធីព្យាបាលមន្ទីរពេទ្យក៏គេរៀបចំដាក់អ្នកជំងឺ ឲ្យនៅដាច់ដោយឡែកពីអ្នកជំងឺដទៃទៀតផងដែរ។
បច្ចុប្បន្នចំពោះវិធានការចត្ដាទ្បីស័ក ក្នុងពេលផ្ទុះកូវីដ-១៩ដំបូងក្នុងឆ្នំា២០១៩ យើងឃើញនៅខេត្ដ ហូប៊ី ប្រទេសចិន ដែលមានប្រជាជនប្រមាណជាង៦០លាននាក់ បានអនុវត្ដវិធានការទប់ស្កាត់មេរោគកូវីដ-១៩នេះ ដាក់ឲ្យដាច់ដោយទ្បែកពីគេដែលពុំធ្លាប់មានក្នុងសម័យទំនើបយើងនេះ រហូតអនុវត្ដបន្ដទូទំាងពិភពលោក។
សរុបសេចក្តីចំពោះប្រវត្ដិពាក្យ «ចត្ដាទ្បីស័ក» ជាភាសាអង់គ្លេសហៅថា «Quarantine» គឺមានប្រភពដើមចេញពីភាសាអ៉ីតាលីហៅថា «QUARANTENA» គឺពុំមែន «Quarantino» ទេ!៕