(ព្រះវិហារ)៖ លោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ រួមជាមួយថ្នាក់ដឹកនាំខេត្តជាច្រើនរូបទៀត នៅរសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១នេះ បានប្រគល់គ្រឿងឧបភោគបរិភោគ និងសម្ភារមួយចំនួនដល់អង្គភាពកងទ័ព កងពលតូចអន្តរាគមន៍លេខ៨ ដែលឈរជើងនៅសមរភូមិទិសទី១ ប្រាសាទព្រះវិហារ សម្រាប់ប្រើប្រាស់ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។
លោកអភិបាលខេត្តព្រះវិហារ បានថ្លែងថា ស្ថានជំងឺកូវីដ-១៩ កំពុងតែឆ្លងរាលដាលក្នុងសហគមន៍ ទូទាំងរាជធានីខេត្ត នៅក្នុងប្រទេសកម្ពុជា។ ដោយឡែកសម្រាប់ខេត្តព្រះវិហារ ក៏មានការឆ្លងរាលដាលផងដែរ។ ក្នុងទិសដៅចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ថ្ងៃនេះ អាជ្ញាធរខេត្ត បានប្រគល់គ្រឿង ឧបភោគបរិភោគ និងសម្ភារមួយចំនួន ជូនដល់កងទ័ពក្នុងអង្គភាពកងពលតូចអន្តរាគមន៍៨ សម្រាប់យកទៅប្រើប្រាស់។
លោក ប្រាក់ សុវណ្ណ បានថ្លែងថា អំណោយគ្រឿងឧបភោគ បរិភោគ និងសម្ភារ ដែលប្រគល់ជូនកងទ័ព ក្នុងអង្គភាពកងពលតូចអន្តរាគមន៍លេខ៨ នាពេលនេះ គឺបានមកពីការចូលរួមឧបត្ថម្ភ ពីក្រុមហ៊ុន សប្បុរសជននិងមន្ទីរ អង្គភាពជំវិញខេត្ត ជូនរដ្ឋបាលខេត្តសម្រាប់ប្រើប្រាស់ ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នៅក្នុងខេត្ត។
លោកអភិបាលខេត្ត ក៏បានណែនាំដល់កងទ័ពត្រូវការពារខ្លួន កុំឲ្យឆ្លងជំងឺកូវីដ-១៩ ដោយបន្តអនុវត្តន៍ឲ្យបានទៀងទាត់ តាមការណែនាំរបស់ក្រសួងសុខាភិបាល និងការណែនាំរបស់រាជរដ្ឋាភិបាល «៣កុំ និង៣ការពារ»។
អំណោយដែលប្រគល់ជូនកងទ័ព ក្នុងអង្គភាពកងពលតូចអន្តរាគមន៍លេខ៨ នាពេលនេះរួមមាន៖ មីខ្លាឃ្មុំចំនួន២០កេស មីម៉ាម៉ា២កេសធំ ត្រីខ២កេសធំ ទឹកបរិសុទ្ធ២០កេស និង៤០តួរ ទឹកក្រូចកូកាកូឡា១០កេស ស្ទីង២០កេស ម៉ាស់១០០ប្រអប់ អាក់កុល៦០លីត្រ និងប៉ៅអ៊ីបត់ចំនួន៣០ផងដែរ៕