(ភ្នំពេញ)៖ មន្ត្រីនគរបាលម្នាក់បម្រើការងារ នៅនាយកដ្ឋានភស្តុភាសម្ភារៈបច្ចេកទេសក្រសួងមហាផ្ទៃ បាត់ស្លាប់បាត់បង់ជីវិត ដោយសារបើករថយន្តទៅបុករថយន្តដឹកដី ពេលកំពុងត្រឡប់មកពីការក្មួយនៅខេត្តកំពតនាម៉ោងប្រមាណ ៤៖៤៥នាទីទៀបភ្លឺថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៨ នៅលើកំណត់ផ្លូវជាតិលេខ៣ ភូមិពងទឹក សង្កាត់ពងទឹក ខណ្ឌដង្កោ។
មន្រ្តីនគរបាលចរាចរណ៍ ដែលបានចុះទៅកាន់កន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះ បានបើករថយន្តកាមរី ធ្វើដំណើរតាមផ្លូវជាតិលេខ៣ ពីត្បូងទៅជើង។ លុះដល់ចំណុចកើតហេតុ បានជ្រុលទៅបុកជាមួយរថយន្តដឹកដី ដែលបើកបញ្ច្រាស់ទិសគ្នាលាន់ឮដូចរន្ទះ កៀបជនរងគ្រោះជាប់ក្នុងរថយន្តបណ្តាលឲ្យស្លាប់តែម្តង។ ក្រោយកើតហេតុ បុរសបើកបររថយន្តដឹកដី បានរត់គេចខ្លួនបាត់។
ស្រ្តីជាភរិយាជនរងគ្រោះ បានប្រាប់ថា ប្តីរបស់គាត់បានទៅខេត្តកំពត ដើម្បីចូលរួមការក្មួយ ហើយក៏ប្រញាប់មកធ្វើការវិញ ងើបតាំងពីព្រឹកព្រលឹម។ គ្រោះថ្នាក់ចរាចរនេះ ត្រូវបានគេសង្ស័យថា បណ្តាលមកពីជនរងគ្រោះងងុយដេក ហើយជ្រុលចង្កូតទៅបុករថយន្តដឹកដី។
មន្រ្តីនគរបាលបានបន្តថា ជនរងគ្រោះមានឈ្មោះ កៅ សុខលាភ ភេទប្រុស អាយុ៤៩ឆ្នាំ បម្រើការនៅនាយកដ្ឋានភស្តុភាសំភារៈ បច្ចេកទេសក្រសួងមហាផ្ទៃ ជិះរថយន្តម៉ាកកាមរីហើម ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ 2Q-8248។
ក្រោយវាស់វែង សមត្ថកិច្ច បានប្រគល់រថយន្តរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំការដោះស្រាយតាមច្បាប់។ ចំណែកសពជនរងគ្រោះ ត្រូវបានប្រគល់ឲ្យក្រុមគ្រួសារ ធ្វើបុណ្យតាមប្រពៃណី៕
Posted by Fresh News Photo on Sunday, March 27, 2016