(ភ្នំពេញ)៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បាននាំយកស្បៀង និងសំណេះសំណាលជាមួយកុមារ នៅអង្គការអាហ្វីស៊ីបកម្ពុជា ស្ថិតក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១នេះ។
ក្នុងឱកាសននោះ លោកស្រី ម៉ែន សំអន បាននាំមកនូវការផ្តាំសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់ក្មួយៗ និងចៅៗ នៅក្នុងអង្កការអង្គការអាហ្វីស៊ីបកម្ពុជា ដោយក្តីស្រឡាញ់ និងដោយក្តីនឹករលឹក។
ជាមួយគ្នានេះ លោកស្រី ម៉ែន សំអន បានកោតសសើរ និងថ្លែងអំណរគុណ ដល់លោកស្រី ម៉ម សូម៉ាលី ដែលជាគណៈគ្រប់គ្រងរបស់អង្គការអាហ្វីស៊ីបកម្ពុជា រួមជាមួយនឹងបុគ្គលិកអង្គការទាំងអស់ បានដឹកនាំ និងគ្រប់គ្រងអង្កការ ចាប់តាំងពីការចាប់ផ្តើម រហូតមកដល់បច្ចុប្បន្ននេះ ទទួលបានលទ្ធផលបានយ៉ាងល្អប្រសើរ គួរជាទីមោទនៈ តាមរយៈការជួយផ្តល់ដំណោះស្រាយ សម្របសម្រួលជួយដល់ក្រុមគោលដៅ ជាយុវនារី និងកុមារីជនរងគ្រោះ និងងាយរងគ្រោះ ដោយការជួញដូរ រំលោភបំពាន និងកេងប្រវញ្ច័ផ្លូវភេទ បានជាច្រើននាក់ ដោយរាប់ចាប់តាំងពីឆ្នាំ១៩៩៦ រហូតមកដល់បច្ចុប្បន្ននេះ ។
លោកស្រី ម៉ែន សំអន បានបន្តទៀតថា ចៅៗទាំងអស់ ទទួលបានកន្លែងស្នាក់នៅនេះ គឺដោយសារតែមានការយកចិត្តទុកដាក់ខ្ពស់ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលបានផ្តល់អគារស្នាក់នៅដ៏ស្រស់ស្អាត និងសមរម្យនាពេលនេះ។ ដើម្បីជាតម្លៃតបស្នងដល់សម្តេចទាំងទ្វេរចៅៗ ទាំងអស់គ្នា ត្រូវតែខិតខំរៀនសូត្រ បង្កើនចំណេះវិជ្ជា ចំណេះវិជ្ជាជីវៈ និងត្រូវចេះអភិវឌ្ឍន៍ខ្លួន ដើម្បីក្លាយជាទំពាំងស្នងឬស្សី និងជាសសរទ្រូងរបស់ប្រទេសជាតិ។
លោកស្រី ក៏បានផ្តាំផ្ញើថា ចៅៗទាំងអស់មិនត្រូវបាក់ទឹកចិត្តនោះទេ ត្រូវរក្សាជំហររបស់ខ្លួនឲ្យបានល្អ និងត្រូវគោរពតាមតាមបទបញ្ជា និងការណែនាំរបស់លោកគ្រូ អ្នកគ្រូ ដែលជាអាណាព្យាបាល ជាពិសេស ចៅៗទាំងអស់គ្នាត្រូវចូលរួមគោរពតាមវិធានការណ៍ របស់ក្រសួងសុខាភិបាល និងវិធានរបស់រាជរដ្ឋាភិបាល ៣ការពារ ៣កុំ ដើម្បីជៀសផុតពីជំងឺកូវីដ១៩ទាំងអស់គ្នា៕