(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា ការធ្វើតេស្តរកមេរោគកូវីដ១៩ នៅតាមពេទ្យឯកជនមានតម្លៃថ្លៃ ដោយសារតែគេគិតបញ្ចូលទាំងថ្លៃសម្លៀកបំពាក់ពេទ្យពាក់ពេលធ្វើតេស្ត។ សម្តេចតេជោ បានណែនាំប្រជាពលរដ្ឋឱ្យទៅតេស្តរកមេរោគកូវីដ១៩ នៅតាមទីតាំងដែលរដ្ឋរៀបចំ ប្រសិនបើការតេស្តនៅតាមឯកជនមានតម្លៃថ្លៃ។
ការណែនាំរបស់សម្តេចតេជោ ជាការឆ្លើយតបទៅនឹងប្រជាពលរដ្ឋ ដែលបានលើកឡើងពីតម្លៃធ្វើតេស្តរកមេរោគកូវីដ១៩ នៅលើទំព័រហ្វេសប៊ុករបស់សម្តេច នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១នេះ។
ប្រជាពលរដ្ឋដែលមានគណនីហ្វេសប៊ុក «Bou Pheakdey» បានចោទសួរសម្តេចនាយករដ្ឋមន្ត្រីថា «ពេទ្យឯកធ្វើតេស្តកូវីដ១៩ អីក៏ថ្លៃម្ល៉េះ?»។
ឆ្លើយតបសំណួរនេះ សម្តេចតេជោ បានគូសបញ្ជាក់ថា ការធ្វើតេស្តនៅពេទ្យឯកជនថ្លៃ ដោយសារការធ្វើតេស្តនោះ គឺគិតទាំងថ្លៃឧបករណ៍ធ្វើតេស្ត និងថ្លៃសម្លៀកបំពាក់ដែលពេទ្យពាក់នៅពេលធ្វើតេស្តនោះ។ សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល ក៏បានណែនាំឱ្យទៅរកការធ្វើតេស្តនៅកន្លែងដែលរដ្ឋរៀបចំ ដែលជាការធ្វើតេស្តមិនមានគិតថ្លៃ។
សម្តេចតេជោ បានបញ្ជាក់យ៉ាងដូច្នេះ «ខ្ញុំក៏បានសួររឿងនេះដែរ។ ចម្លើយត្រឡប់មកវិញ គឺផ្នែកឯកជនមិនមែនគិតតែឧបករណ៍ធ្វើតេស្តទេ គឺគិតទាំងតម្លៃខោអាវពេទ្យ ដែលពាក់សម្រាប់ធ្វើតេស្តផងដែរ។ ចម្លើយនេះសមហេតុផល ព្រោះពេលធ្វើតេស្តត្រូវពាក់ខោអាវពេទ្យ ដើម្បីការពារខ្លួនរបស់គ្រូពេទ្យ។ ប្រសិនយល់ថា ពេទ្យឯកជនថ្លៃ សូមទៅយកសំណាកនៅកន្លែងរដ្ឋរៀបចំ»៕