<៊p>

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា ប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ ដែលមិនទាន់បានចាក់វ៉ាក់សាំងការពារកូវីដ១៩ អាចទៅស្វែងរកការចាក់នៅតាមមន្ទីរពេទ្យរដ្ឋ។

ការបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន ធ្វើឆ្លើយតបទៅនឹងប្រជាពលរដ្ឋម្នាក់ ដែលបានសាកសួររកទីតាំងចាក់វ៉ាក់សាំងក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១នេះ។

សម្តេចតេជោ បានបញ្ជាក់យ៉ាងដូច្នេះ «គេកំពុងចាក់រាល់ថ្ងៃតាមមន្ទីរពេទ្យរដ្ឋសម្រាប់បងប្អូនដែលមិនទាន់បានចាក់។ សាកសួរគេទៅដឹងហើយ»

សម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំឱ្យបង្កើនការផ្សព្វផ្សាយពីទីតាំងចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋផងដែរ។ សម្តេចតេជោ បានអំពាវនាវយ៉ាងដូច្នេះ «សូមឱ្យក្រសួងសុខាភិបាល គណៈកម្មការចំពោះកិច្ចសម្រាប់ចាក់វ៉ាក់សាំង សាលារាជធានីភ្នំពេញ និងបណ្តាញផ្សព្វផ្សាយព័ត៌មាន ជួយផ្សព្វផ្សាយឱ្យបានច្រើន ដើម្បីឱ្យប្រជាពលរដ្ឋបានជ្រាប និងនាំគ្នាទៅចាក់វ៉ាក់សាំងបានគ្រប់ៗគ្នា»

សូមបញ្ជាក់ថា គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំង ក៏ដូចជារដ្ឋបាលរាជធានីភ្នំពេញ នៅពេលថ្មីៗនេះ បានបើកកន្លែងចាក់វ៉ាក់សាំងចំនួន៣កន្លែង សម្រាប់ចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ដែលមិនទាន់បានចាក់។ ទីតាំងទាំង៣នោះរួមមាន មន្ទីរពេទ្យព្រះអង្គឌួង មជ្ឈមណ្ឌលគាំពារសុខភាពមាតា និងទារក និងមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ។

នេះជាការបើកឱកាសលើកទី២ហើយ ជូនដល់អ្នកដែលមិនទាន់បានចាក់វ៉ាក់សាំងក្នុងព្រឹត្តិការណ៍ចាក់វ៉ាក់សាំងនៅរាជធានីភ្នំពេញ ដែលបានធ្វើឡើងតាំងពីខែឧសភាមកនោះ៕