(ភ្នំពេញ)៖ អតីតថ្នាក់ដឹកនាំ នៃអតីតគណបក្សសង្រ្គោះជាតិ (CNRP) ចំនួន២រូបទៀត ដែលជាប់បម្រាមតុលាការ ត្រូវបានព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី មហាក្សត្រនៃកម្ពុជា ត្រាស់បង្គាប់ផ្តល់នីតិសម្បទានយោបាយឡើងវិញ បន្ទាប់ពីមានសំណើទូលថ្វាយរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។ នេះបើតាមព្រះរាជក្រឹត្យ២ដាច់ដោយឡែកពីគ្នា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

អតីតថ្នាក់ដឹកនាំ CNRP ២រូបនេះ រួមមាន លោក ឃឹម ឡាគី អតីតអ្នកតំណាងរាស្រ្តមណ្ឌលខេត្តកណ្តាល និង លោក ម៉ៅ សុផល អតីតប្រធានប្រតិបត្តិគណបក្សសង្គ្រោះជាតិ ដែលត្រូវបានហាមឃាត់ធ្វើសកម្មភាពនយោបាយសម្រាប់រយៈពេល៥ឆ្នាំ ដោយតុលាការកំពូល តាមរយៈសាលដីកាមួយ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១។

ក្នុងឱកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងដល់កុមារ និងយុវវ័យអាយុចន្លោះពី១២ ដល់១៧ឆ្នាំ នៅវិមានសន្តិភាព កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ធ្លាប់បានប្រកាសរឹតបន្តឹងលើការស្នើសុំនីតិសម្បទា ធ្វើនយោបាយរបស់អតីតថ្នាក់ដឹកនាំ នៃអតីតគណបក្សសង្រ្គោះជាតិ មួយចំនួនទៀតដែលជាប់បម្រាមតុលាការ ដោយសម្តេចបញ្ជាក់ថា ចាប់ពីពេលនេះតទៅ សំណើរបស់អ្នកទាំងនោះ នឹងត្រូវទុកពេលពិចារណាមួយរយៈសិន។

អំឡុងពេលដែលមានការប្រកាសរឹតបន្តឹងនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានបដិសេធ មិនស្នើសុំនីតិសម្បទានយោបាយដល់ អតីតថ្នាក់ដឹកនាំ CNRP ដែលជាប់បម្រាមផងដែរ ដោយសារតែពួកគេមិនបានអនុវត្តឱ្យបានត្រឹមត្រូវតាមអំណាចសាលដីការរបស់តុលាការ។

ទោះជាយ៉ាងនេះក្តី រហូតមកដល់ពេលនេះ មានអតីតថ្នាក់ដឹកនាំ នៃអតីតគណបក្សសង្រ្គោះជាតិ ចំនួន២៦រូបហើយ ត្រូវបានព្រះមហាក្សត្រ និងប្រមុខរដ្ឋស្តីទី ផ្តល់នីតិសម្បទានយោបាយឡើងវិញ ដែលក្នុងនោះរួមមាន ទី១៖ លោក គង់ គាំ អតីតទីប្រឹក្សាជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ ទី២៖ លោក គង់ បូរ៉ា អតីតតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ ទី៣៖ លោក ស៊ីម សុវណ្ណនី និងទី៤៖ លោក រៀល ខេមរិន្ទ ដែលជាអតីតតំណាងរាស្រ្ត នៃអតីតគណបក្សសង្រ្គោះជាតិ, ទី៥៖ លោក អ៊ូ ច័ន្ទរ័ត្ន, ទី៦៖ លោកស្រី ទេព សុទ្ធី, ទី៧៖ លោក កង គឹមហាក់ ទី៨៖ លោក ជីវ កត្តា និង ទី៩៖ លោក ច័ន្ទ សិលា ទី១០៖ លោក សុន ឆ័យ ទី១១៖ លោក តាវ គឹមឈន, ទី១២៖ លោកវ៉ា សាម៉ុន, ទី១៣៖ លោក ស៊ុន សុភ័ក្រ, ទី១៤៖ លោកស្រី លី ស្រីវីណា, ទី១៥៖ លោក ថាច់ សេដ្ឋា, ទី១៦៖ លោក យ៉ែម បុញ្ញឫទ្ធិ, ទី១៧៖ លោក មុត ចន្ថា នាយកខុទ្ទកាល័យលោក កឹម សុខា, ទី១៨៖ លោក ជុំ ច័ន្ទដារិន, ទី១៩៖ លោក ទួត យឿត, ទី២០៖ លោក ឡាត់ លិតេយ្យ, ទី២១៖ លោក ឡុង គឹមឃន, ទី២២៖ លោកស្រី យង់ ផាន់ណេត, ទី២៣៖ លោក ប៉ុល ហំម ទី២៤៖ លោក ផាន់ ច័ន្ទសាក់, ទី២៥៖ លោក ឃឹម ឡាគីនិង ទី២៦៖ លោក ម៉ៅ សុផល ផងដែរ៕