Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋបាលខេត្តក្រចេះ បើកយុទ្ធនាការចាក់វ៉ាក់សាំងដូសទី៣ ជូនថ្នាក់ដឹកនាំ និងមន្ត្រីជួរមុខ

15-08-2021 14:58

(ក្រចេះ)៖ លោក វ៉ា ថន អភិបាលខេត្តក្រចេះ និងជាប្រធានអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ បានបើកយុទ្ធនាការចាក់វ៉ាក់សាំង AstraZeneca ដូសទី៣ (ជាដូសជំរុញ) ចំនួន ៨,៧៩០ដូស ជូនដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ ក្រុមគ្រូពេទ្យ និងកងកម្លាំងនគរបាលជាមន្ត្រីជួរមុខ។

ជួសមុខឲ្យមន្រ្តីរាជការ និងកងកម្លាំងនគរបាល ដែលជាមន្រ្តីជួរមុខទាំងអស់ លោក វ៉ា ថន បានគោរពថ្លែងអំណរគុណ ជូនចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលបានផ្តល់វ៉ាក់សាំង AstraZeneca សម្រាប់ចាក់ដូសទី៣បន្ថែម ដើម្បីជួយការពារសុខភាពមន្ត្រីជួរមុខពីមេរោគកូវីដ១៩ ជាពិសេសមេរោគបំប្លែងថ្មី «ដែលតា»។

លោកអភិបាលខេត្ត ក៏បានថ្លែងអំណរគុណ ដល់បុគ្គលិកពេទ្យ ក្រុមយុវជន កងកម្លាំងសមត្ថកិច្ច និងមន្ត្រីស៊ីវិលជួរមុខ ដែលបានលះបង់អស់កម្លាំងកាយចិត្ត និងធនធានផ្ទាល់ខ្លួន ចូលរួមយ៉ាងសកម្ម គ្រប់សកម្មភាព ក្នុងមូលដ្ឋានរបស់ខ្លួន ជាពិសេសក្នុងពេលបិទខ្ទប់នេះ គឺពិតជាមានការលំបាកច្រើនចំពោះមន្ត្រី ក៏ប៉ុន្តែវាជាឱកាសក្នុងការបម្រើជាតិ និងបម្រើរាស្ត្រ ដែលមិនអាចគេចវេសពីតួនាទីភារកិច្ចការងារនេះបានឡើយ៕