(កំពង់ឆ្នាំង)៖ សាច់ជ្រូកបង្កកចំនួន ៦៥ក្បាល ទម្ងន់សរុប ៤២០គីឡូ អត់ច្បាប់ ដែលលួចដឹកពីថៃ ទៅកាន់រាជធានីភ្នំពេញ ត្រូវបានកម្លាំងអគ្គនាយកដ្ឋានសុខភាពសត្វ សហការជាមួយមន្ត្រីការិយាល័យផលិតកម្មបសុព្យាបាលខេត្តកំពង់ឆ្នាំង ស្ទាក់ចាប់បាននៅទៀបភ្លឺថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ តាមបណ្ដោយផ្លូវជាតិលេខ៥ ចំណុចភូមិអូររូង ឃុំឈូកស ស្រុកកំពង់ត្រឡាច។

មន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា កម្លាំងការិយាល័យផលិតកម្មបសុព្យាបាលខេត្ត បានឃាត់រថយន្ត១ គ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌សលាយក្រហម ជាប្រភេទរថយន្តដឹកទំនិញ២តោនកន្លះ ពាក់ស្លាកលេខ ចង្កូតស្ដាំ PSHN0319 ដឹកសត្វជ្រូកបង្កក (ពូជជ្រូកកណ្តុរ) ចំនួន ៣ធុងធំៗ ស្មើនឹង ៦៥ក្បាល មានទម្ងន់ ៤២០គីឡូ និងគ្រឿងក្នុងជ្រូកទម្ងន់៣០គីឡូ ដឹកមកពីប្រទេសថៃ។

មន្ត្រីបន្តថា ជ្រូកបង្កកនេះដឹកចូលកម្ពុជា ដោយពុំមានលិខិតស្នាម គឺជាការដឹកជញ្ជូនខុសច្បាប់។ សាច់ជ្រូកបង្កកនេះ ត្រូវបានមន្ត្រីជំនាញយកទៅរក្សាទុក នៅកន្លែងចត្តាឡីស័កសត្វ របស់ការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំង ដើម្បីយកសំណាកទៅពិនិត្យ និងកសាងសំណុរឿងតាមនីតិវិធីច្បាប់៕