(បន្ទាយមានជ័យ)៖ សាច់ និងគ្រឿងក្នុងជ្រូកចំនួន ១,៥០០គីឡូក្រាម ត្រូវបានមន្ត្រីជំនាញការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្មខេត្តបន្ទាយមានជ័យ សហការជាមួយកម្លាំងយោធាសឹករងស្រុកម៉ាឡៃ ចាប់បាននៅថ្ងៃទី១៤ ខែសីហា លើដងផ្លូវលំមួយ ជិតបន្ទាត់ព្រំដែន ក្នុងភូមិសន្តិភាព ឃុំទួលពង្រ ស្រុកម៉ាឡៃ។
មន្ត្រីជំនាញ បានប្រាប់ឲ្យដឹងថា សាច់ និងគ្រឿងក្នុងជ្រូក ដឹកតាមរថយន្តម៉ាកកូរ៉េ១គ្រឿង ពាក់ស្លាកលេខបាត់ដំបង ៣A-២៥៦១។ ក្នុងនោះ មានសាច់ និងគ្រឿងក្នុងជ្រូក ៣០កេសស្នោ ក្នុងមួយកេសមានទម្ងន់ ៥០គីឡូក្រាម។
ក្រោយឃាត់បានពុំមានជនណាម្នាក់ ចេញមុខទទួលខុសត្រូវលើទំនិញនេះះឡើយ។ ម្ចាស់រថយន្តដឹកសាច់ និងគ្រឿងក្នុងខាងលើ ឆ្លើយសារភាពថា ខ្លួនស៊ីឈ្នួលដឹកឱ្យគេទេ មិនស្គាល់ម្ចាស់ទំនិញឡើយ ហើយសាច់ទាំងនេះ គ្រោងដឹកទៅកាន់ខេត្តបាត់ដំបង។
លោក ហ៊ុយ ទូច ប្រធានការិយាផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្មខេត្ត ប្រាប់ឲ្យដឹងថា សាច់ទាំងនេះ គ្មានលិខិតអនុញ្ញាតពីក្រសួងឡើយ ហើយការវេចខ្ចប់នេះទៀតសោត ក៏មិនត្រឹមត្រូវតាមស្តង់ដា ឬបទដ្ឋានបច្ចេកទេសនោះដែរ។ បើការដឹកជញ្ជូនមានលក្ខណៈស្តង់ដា ឬតាមបទដ្ឋានបច្ចេកទេស តែអត់ច្បាប់ខាងលោក គ្រាន់តែធ្វើកាផាកពិន័យតែប៉ុណ្ណោះ។
លោកបន្តថា សាច់ និងគ្រឿងក្នុងជ្រូកទាំងនេះ បានរាយការណ៍ជូនលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ដើម្បីសុំគោលការណ៍ដុតកម្ទេចចោល។ លោក ហ៊ុយ ទូច បានគូសបញ្ជាក់ថា សាច់សត្វទាំងអស់នេះ អាចនាំចូលពីថៃ តាមច្រករបៀង៕