(ព្រះសីហនុ)៖ កម្លាំងស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានបើកប្រតិបត្តិការចាប់ខ្លួនជនជាតិចិនចំនួន៤នាក់ បន្ទាប់ពីធ្វើសកម្មភាពប្រតាយប្រតប់ជាមួយជនជាតិចិនដូចគ្នាម្នាក់ និងបម្រុងចាប់បញ្ជូលរថយន្ដ។ ហេតុការណ៍នេះ បានបង្កឲ្យមានការភ្ញាក់ផ្អើល នៅរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១ នៅចំណុចម្តុំមន្ទីរពេទ្យថៃខាង ស្ថិតក្នុងភូមិ៣ សង្កាត់៤ ក្រុងព្រះសីហនុ។
ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានឲ្យដឹងថា បន្ទាប់ពីទទួលបានដំណឹងពីប្រជាពលរដ្ឋតាមប្រព័ន្ធទូរស័ព្ទ Hotline ភ្លាម កម្លាំងជំនាញផែនព្រហ្មទណ្ឌបានចុះទីដល់ទីតាំងកើតហេតុ ហើយបានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលសង្កាត់លេខ៤ និងកម្លាំងនគរបាលចរាចរណ៍ផ្លូវគោក ឃាត់ខ្លួនបានជនសង្ស័យចំនួន៤នាក់ (ប្រុស៣នាក់ និងស្រីម្នាក់) មកស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីសួរនាំ។
ជនរងគ្រោះក្នុងហេតុការណ៍នេះ ឈ្មោះ ZHANG GUO ភេទប្រុស អាយុ២៧ឆ្នាំ មុខរបររកស៊ី ស្នាក់នៅភូមិ២ សង្កាត់៤ ក្រុងព្រះសីហនុ។ ដោយឡែក ជនសង្ស័យចំនួន៤នាក់ រួមមាន ទី១៖ ឈ្មោះ GAO PAN ភេទស្រី អាយុ២៧ឆ្នាំ ស្នាក់នៅភូមិ១ សង្កាត់៣, ទី២៖ ឈ្មោះ ZHANG JIN WEI អាយុ២៨ឆ្នាំ មុខរបររកស៊ី (ម្ចាស់ភាគហ៊ុនសណ្ឋាគារហ៊ូវី), ទី៣៖ ឈ្មោះ LIU SHUIA អាយុ២៥ឆ្នាំ មុខរបរអ្នកគ្រប់គ្រងកាស៊ីណូវិមានខ្សាច់ស និងទី៤៖ ឈ្មោះ JIANG LIE QIANG អាយុ២១ឆ្នាំ មុខរបរបើកបររថយន្តឲ្យថៅកែកាស៊ីណូ។
ក្នុងនោះសមត្ថកិច្ចដកហូតបាន រថយន្ត១គ្រឿង ម៉ាក PORSCHE ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AI-2106។ ចំពោះករណីនេះ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ កំពុងបន្តនីតិវិធី៕