(ព្រះសីហនុ)៖ ជនទំនើងម្នាក់ត្រូវបានកម្លាំងស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ចាប់ខ្លួនភ្លាមៗ បន្ទាប់បានធ្វើសកម្មភាពបើករថយន្ដវ៉ាជែងចុះឡើង និងកាក់ម៉ូតូហើយចុះវាយបុរសម្នាក់នៅតាមដងផ្លូវសាធារណៈ ដែលបង្កឲ្យមានការភ័យខ្លាចដល់ប្រជាពលរដ្ឋផ្សេងទៀត នៅចំណុចមុខសាលាគរុកោសល្យ ស្ថិតនៅក្រុមទី១៥ ភូមិ២ សង្កាត់៣ ក្រុងព្រះសីហនុ។

លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានឲ្យដឹងនៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១នេះថា ហេតុការណ៍នេះ បង្កឡើងដោយជនសង្ស័យម្នាក់ នៅរសៀលថ្ងៃទី១៣ ខែសីហា បានធ្វើបើករថយន្ត០១គ្រឿង ម៉ាក MAZDA3 ពណ៌ទឹកប៊ិចចាស់ ពាក់ផ្លាកលេខភ្នំពេញ 2AB-8801 យ៉ាងលឿនវ៉ាជែងគេពេញផ្លូវ ជាហេតុធ្វើឲ្យប្រជាពលរដ្ឋមួយចំនួនមានការមិនពេញចិត្ត ក៏បានស៊ីផ្លេរដាក់ ព្រមទាំងស្រែកជេរផងដែរ។

លុះពេលជនសង្ស័យបើករថយន្តដល់ចំណុច មុខសាលាគរុកោសល្យ ស្ថិតនៅក្រុមទី១៥ ភូមិ២ សង្កាត់៣ ក្រុងព្រះសីហនុ ក៏បានកាក់ម៉ូតូ០១គ្រឿង ដែលមានបុរសជនជាតិខ្មែរម្នាក់ កំពុងជិះម៉ូតូមិនបានដឹងខ្លួនឲ្យឈប់ បន្ទាប់មកជនសង្ស័យបានចុះពីរថយន្ត រួចប្រើដៃរុញទៅបុរសដែលជិះម៉ូតូនោះ ឲ្យដួលទៅលើដី ហើយបានវាយទៅលើបុរសដែលជិះម៉ូតូនោះថែមទៀត បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ភ្លាមៗនោះកម្លាំងជំនាញផែនការងារ នគរបាលព្រហ្មទណ្ឌ បានចុះទៅដល់កន្លែងកើតហេតុធ្វើការឃាត់ខ្លួនជនសង្ស័យតែម្តង។

ជនរងគ្រោះក្នុងហេតុការណ៍នេះ ឈ្មោះ ម៉ា ផាន់ណា អាយុ៣១ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ រងរបួសហើមថ្គាមទាំងសងខាង និងហើមប្រអប់ដៃខាងស្តាំ។ ដោយឡែក ជនបង្កឈ្មោះ មុត រ៉ាវុធ អាយុ២៩ឆ្នាំ មុខរបររត់តាក់ស៊ី មានទីលំនៅភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ។

ក្នុងនោះវត្ថុតាងចាប់យកបាន រថយន្ត០១គ្រឿង ម៉ាក MAZDA3 ពណ៌ទឹកប៊ិចចាស់ ពាក់ផ្លាកលេខភ្នំពេញ 2AB-8801។ ចំពោះជនសង្ស័យ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីផ្តន្ទាទោសតាមច្បាប់៕