(បន្ទាយមានជ័យ)៖ បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា បានបើកព្រំដែនឡើងវិញកាលពីថ្ងៃទី១៣ ខែសីហា ពលករខ្មែរត្រឡប់មកពីប្រទេសថៃជាបន្តបន្ទាប់ក្នុងចំនួនច្រើនផងដែរ។ ដើម្បីធានាថា ពលករខ្មែរមកពីថៃមិនចម្លងមេរោគកូវីដ១៩ ជាពិសេសមេរោគដែលតា ទៅកាន់ក្រុមគ្រួសារ និងសហគមន៍នោះ កងទ័ពដែលកំពុងឈរជើងនៅតាមបន្ទាត់ព្រំដែនក្នុងខេត្តបន្ទាយមានជ័យ បានយកចិត្តទុកដាក់ខ្ពស់ក្នុងការពិនិត្យសុខភាពពលករទាំងនោះ មុនបញ្ជូនពួកគេទៅកាន់មណ្ឌលចត្តាឡីស័ក។
ចាប់ពីរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១ មកដល់ព្រឹកថ្ងៃទី១៥ ខែសីហា នេះ មានពលករខ្មែរមកពីប្រទេសថៃ ជាង ៩០០នាក់ បានចូលមកប្រទេសកម្ពុជា តាមច្រកអូរបីជាន់ ក្នុងនោះរកឃើញអ្នកវិជ្ជមានកូវីដ១៩ សរុបចំនួន ១៥៩នាក់។
នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ ឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥ និងជាប្រធានគ្រប់គ្រងសន្តិសុខ សណ្តាប់ធ្នាប់ គោលដៅធ្វើចត្តាឡីស័ក ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ យោធភូមិភាគទី៥ បានចុះត្រួតពិនិត្យនូវការត្រួតពិនិត្យសុខភាព និងការយកសំណាកពលករខ្មែរ ដែលបានត្រឡប់មកពីប្រទេសថៃ នៅច្រកអូរបីជាន់ មុននឹងបញ្ជូនពួកគេទៅកាន់មណ្ឌលចត្តាឡីស័ក។
ឧត្តមសេនីយ៍ទោ សេង ធារិន បានគូសបញ្ជាក់ថា បន្ទាប់ពីបើកព្រំដែនឡើងវិញ ពលករខ្មែរមួយចំនួន បានវិលត្រឡប់មកស្រុកកំណើតវិញ តាមច្រកទាំង៣ក្នុងខេត្តបន្ទាយមានជ័យ ដែលបានកំណត់ និងមួយចំនួនចាញ់បោកមេខ្យល់ បន្តលួចឆ្លងចូលតាមតំបន់ដែលហាមឃាត់។ ប៉ុន្តែត្រូវបានកងកម្លាំងចម្រុះចាប់ឃាត់បានជាបន្តបន្ទាប់ បញ្ជូនទៅត្រួតពិនិត្យសុខភាព និងអនុវត្តន៍តាមវិធានការសុខាភិបាល។
ក្នុងដំណើរចុះត្រួតពិនិត្យស្ថានភាពនៅច្រកអូរបីជាន់ ឧត្តមសេនីយ៍ សេង ធារិន ក៏បានចុះសួរសុខទុក្ខកងកម្លាំងជួរមុខរបស់ទិសទី១បន្ទាយមានជ័យ និងដាក់បទបញ្ជាដល់កងម្លាំងទាំងអស់ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ក្នុងពេលបំពេញប្រតិបត្តិការទប់ស្កាត់ ការឆ្លងរីករាលដាលជំងឺកូវីដ១៩ និងមេរោគបម្លែងថ្មីដែលតា (Delta) នៅតាមបន្ទាត់ព្រំដែន ធ្វើយ៉ាងណាអនុវត្តន៍ឲ្យបានដាច់ខាត «៣កុំ ៣ការពារ» ធានាបានសុខសុវត្ថិភាព ផ្ទាល់ខ្លួន និងមិត្តរួមក្រុម។
លោកឧត្តមសេនីយ៍ទោ សេង ធារិន បានថ្លែងអំណរគុណ ដល់កងកម្លាំងទាំងអស់ ដែលខិតខំ ដោយមិនខ្លាចនឿយហត់ទាំងយប់ទាំងថ្ងៃ បំពេញបេសកកម្ម ក្នុងប្រតិបត្តិការទប់ស្កាត់ ការឆ្លងរីករាលដាលជំងឺកូវីដ១៩ និងមេរោគបម្លែងថ្មីដែលតា (Delta) នៅតាមបន្ទាត់ព្រំដែន ដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាជន៕