(ភ្នំពេញ)៖ យ៉ាងហោចណាស់មនុស្ស១៨នាក់ ត្រូវបានឃាត់ខ្លួន ពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀននៅទូទាំងប្រទេស នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៦ម្សិលមិញ នេះបើយោងតាមរបាយការណ៍ ដែលចុះផ្សាយដោយ គេហទំព័រអគ្គស្នងការនគរបាលជាតិ។
របាយការណ៍ដដែលដែលបានឲ្យដឹងថា នៅថ្ងៃទី២៧ ខែមីនាម្សិលមិញ កម្លាំងនគរបាលបានបង្ក្រាបបទល្មើសគ្រឿងញៀន (គិតត្រឹមម៉ោង៤៖០០នាទីរសៀល) រួមមានករណីជួញដូរ រក្សាទុក និងប្រើប្រាស់ ចំនួន៩ករណី ឃាត់មនុស្ស១៨នាក់ (ស្រី៣នាក់) ក្នុងនោះមុខសញ្ញាជួញដូរ ១៤នាក់ និងមុខសញ្ញាប្រើប្រាស់៤នាក់ ដកហូតវត្ថុតាងថ្នាំញៀន មេតំហ្វេតាមីន (ice) ស្មើ៨៥.៤៣ក្រាម (២កញ្ចប់ និង ១០កញ្ចប់តូច) និង មេតំហ្វេតាមីន(wy) ២៨គ្រាប់។
ប្រភពព័ត៌មានដដែលបញ្ជាក់ថា ការបង្ក្រាបនេះធ្វើឡើងនៅខេត្តបាត់ដំបង១ករណី ឃាត់ខ្លួន២នាក់, កំពតបង្រ្កាប១ករណី ឃាត់ខ្លួន៣នាក់, សៀមរាប បង្រ្កាប១ករណីឃាត់ខ្លួនម្នាក់, កំពង់ឆ្នាំង បង្រ្កាប ៣ករណី ឃាត់ខ្លួន៤នាក់ (ប្រុស), ព្រះសីហនុ បង្រ្កាប១ករណី ឃាត់ខ្លួន ៣នាក់ (ស្រី២នាក់), ក្រចេះបង្រ្កាប១ករណី ឃាត់ខ្លួន៣នាក់ (ប្រុស), បន្ទាយមានជ័យ បង្រ្កាប១ករណី ឃាត់ខ្លួន២នាក់ (ស្រីម្នាក់)៕