(សៀមរាប)៖ រដ្ឋបាលខេត្តសៀមរាប បានប្រកាសរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន ៨២នាក់បន្ថែមទៀត ខណៈអ្នកជំងឺម្នាក់ បានស្លាប់ និង ១៧២នាក់ បានជាសះស្បើយនៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១។
រដ្ឋបាលខេត្តបានឱ្យដឹងដែរថា អ្នកវិជ្ជមានជំងឺកូវីដ១៩ ដែលរកឃើញថ្មីនេះ ករណីទី១ ដល់ទី៨ ជាករណីមានប្រភពចម្លងចេញពីផ្សារកំពង់ឃ្លាំង, ករណីទី៩ ជាករណីមានប្រភពចម្លងចេញពីផ្សារកំពង់ក្ដី, ករណីទី១០ ដល់ទី១២ ជាករណីមានប្រភពចម្លងចេញពីផ្សារចារឈូក និងករណទី១៣ ដល់ករណីទី២៨ ជាករណីមានប្រភពចម្លង និងឆ្លងបន្តពីអ្នកដំណើរមកពីខេត្តកំពង់ចាម ខេត្តបាត់ដំបង និងអាជីវករដឹកផ្លែឈើ និងគ្រឿងសមុទ្រមកពីច្រកឡែម។
ករណីទី២៩ ដល់ករណីទី៦១ មានប្រភពចម្លងចេញពីផ្សារពួក និងករណីទី៦២ ដល់ទី៨២ គឺជាករណីពុំទាន់អាចសន្និដ្ឋានពីប្រភពចម្លងច្បាស់លាស់នៅឡើយ។
ដោយឡែកករណីជាសះស្បើយទាំង ១៧២នាក់ ត្រូវបានក្រុមគ្រូពេទ្យអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មណ្ឌលចត្តាឡីស័កគរុកោសល្យ និងវិក្រឹតការខេត្ត វិទ្យាល័យអង្គរ វិទ្យាល័យហ៊ុន សែន វត្តស្វាយ និងវិទ្យាល័យដំដែកត្រឡប់ទៅលំនៅឋានវិញ ដោយត្រូវបន្តការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ។
អ្នកវិជ្ជមានជំងឺកូវីដ១៩ ដែលបានស្លាប់បាត់បង់ជីវិត មានឈ្មោះ ដុក ឌន់ ភេទប្រុស អាយុ ៧៤ឆ្នាំ អាសយដ្ឋានភូមិទទា សង្កាត់ក្របីរៀល ក្រុងសៀមរាប។ បុរសរូបនេះ ត្រូវបានរកឃើញវិជ្ជមានជំងឺកូវីដ១៩ នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ និងបានស្លាប់នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង០៦៖១០នាទី ដោយសារជំងឺរលាកសួត បង្កដោយមេរោគកូវីដ-១៩។
សូមបញ្ជាក់ថា មកដល់ពេលបច្ចុប្បន្ននេះខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន ៦,១១១នាក់។ ក្នុងនោះ បានព្យាបាលជាសះស្បើយចំនួន ៤,១៧៩នាក់ ស្លាប់ ៧០នាក់ និង ១,៨៦២នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មណ្ឌលចត្តាឡីស័កគរុកោសល្យ និងវិក្រឹតការខេត្ត វិទ្យាល័យអង្គរ វិទ្យាល័យ ហ៊ុន សែន វត្តស្វាយ និងវិទ្យាល័យដំដែក។
រដ្ឋបាលខេត្តសៀមរាប អំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោល ជាមួយអ្នកវិជ្ជមានខាងលើ សូមរួសរាន់ធ្វើចត្តាឡីស័កតាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួនឱ្យបានគ្រប់១៤ថ្ងៃ ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត ក្នុងករណីមិនអនុវត្តកាតព្វកិច្ចចត្តាឡីស័ក រដ្ឋបាលខេត្តនឹងចាត់វិធានការផ្លូវច្បាប់ចំពោះបុគ្គលទាំងឡាយណាដែលលើ្មសនឹងវិធានសុខាភិបាលនេះ។ ប្រសិនបើមានការប្រែប្រួលសុខភាព សូមផ្តល់ព័ត៌មានមកកាន់លេខទូរស័ព្ទ០១២ ៩៥៥ ៤៧៤/០៧៧ ៧៨៩ ០០៧ដើម្បីក្រុមការងារចាត់វិធានការក្នុងការយកសំណាកធ្វើតេស្តស្រាវជ្រាវ។
រដ្ឋបាលខេត្តសៀមរាប សង្ឃឹមយ៉ាងមុតមាំថា ប្រជាពលរដ្ឋទាំងអស់ចូលរួមអនុវត្តឱ្យបានម៉ឺងមាត់ និងអនុវត្តនូវវិធានការការពាររបស់រាជរដ្ឋាភិបាល និងការណែនាំរបស់ក្រសួងសុខាភិបាល៕