(ភ្នំពេញ)៖ អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ ហៅកាត់ថា អ.ប.ព (ACU) បានប្រកាសនៅយប់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១នេះថា ក្នុងរយៈពេលពីរថ្ងៃនេះ ACU បានឃាត់ខ្លួនជនសង្ស័យពីរនាក់ ក្នុងករណីពីរខុសគ្នាដែលក្លែងខ្លួនជាមន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយទៅទារលុយពីជនរងគ្រោះ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។
កន្លងមកនេះមានលេចឮព័ត៌មានជាបន្តបន្ទាប់ នៅកន្លែងនេះ នៅកន្លែងនោះថាមានមន្ត្រី អ.ប.ព ទូរស័ព្ទទៅដើម្បីសុំលុយ ឬក៏ទារប្រាក់ជាថ្នូរនឹងការបិទបាំងនូវអំពើពុករលួយ។ ព័ត៌មានចុងក្រោយ គឺមានអំពើទារលុយនេះរហូតដល់ប៉ះមកលើអ្នកគ្រូនាយិកាសាលា និងមុខសញ្ញាមួយចំនួនទៀត។
អ.ប.ព បានប្រមូលកម្លាំងធ្វើប្រតិបត្តិការយ៉ាងរហ័សរហូតប្រមូលបានភស្តុតាងរឹងមាំជាក់លាក់លើករណីពីរខុសគ្នាដែលករណីមួយក្លែងជាអនុប្រធានអង្គភាព ប្រឆាំងអំពើពុករលួយ អ្នកនោះគឺជាអតីតសមាជិកក្រុមប្រឹក្សាសង្កាត់ចោមចៅទី១ ឯករណីទី២ ជានាយកសាលាមួយរូបតាំងពីឆ្នាំ២០១៥។
អ.ប.ព មានក្តីហួសចិត្តជាខ្លាំង ដែលនាយកសាលា បែរជាប្រព្រឹត្តអំពើមកលើនាយកសាលាដូចគ្នា មកលើគ្រូបង្រៀន ជាពិសេសមកលើនាយករងរបស់ខ្លួន និងមកលើគ្រូរបស់ខ្លួនច្រើននាក់ទៀតនោះ។
អ.ប.ព បានលម្អិតករណីទាំង ២នេះ បន្ថែមថា៖
* ករណីទី៖ ឈ្មោះ អ៊ុ សេដ្ឋី ភេទប្រុស អាយុ ៤០ឆ្នាំ មុខងារ នាយកសាលាបឋមសិក្សា ហ៊ុន សែន ចម្រើនជាតិ បានក្លែងឋានៈជាមន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីជំរិតទារប្រាក់ពីជនរងគ្រោះជាច្រើននាក់ ក្នុងនោះរួមមានទាំងលោកគ្រូអ្នកគ្រូនៅក្រោមឱវាទរបស់ខ្លួនផ្ទាល់ និងខ្លះទៀតជានាយិកាផងដែរ។ ឈ្មោះ អ៊ុ សេដ្ឋី បានបំភិតបំភ័យជនរងគ្រោះទាំងនោះតាមទូរស័ព្ទ (071 99 71 013) ដោយបានប្រាប់ទៅជនរងគ្រោះទាំងនោះថា ត្រូវគេបានប្តឹងមកកាន់ អ.ប.ព. ហើយពេលនេះសំណុំរឿងកំពុងនៅក្នុងដៃរបស់ខ្លួន (អ៊ុ សេដ្ឋី) ប្រសិនបើខ្លួនចុះហត្ថលេខាបញ្ជូនសំណុំរឿងជូន ប្រធានអង្គភាពប្រឆាំងអំពើពុករលួយនោះ ជនរងគ្រោះ អាចប្រឈមមុខនឹងតុលាការ បាត់បង់តួនាទីជាគ្រូ ហើយត្រូវចាប់ខ្លួនដល់ផ្ទះជាដើម។ ក្នុងអំពើនេះឈ្មោះ អ៊ុ សេដ្ឋី បានបង្ខំឲ្យជនរងគ្រោះវេរប្រាក់តាមប្រព័ន្ធ Wing ចាប់ពី ៥០០ដុល្លារ ទៅ ១,០០០ដុល្លារ។ អ.ប.ព បានតាមដានយ៉ាងគៀក ដោយឈ្មោះ អ៊ុ សេដ្ឋី ទារប្រាក់បានសម្រេចចំនួន ៤ដង សរុបចំនួន ១៩០០ដុល្លារ និង ២.០០០.០០០រៀល ចាប់តាំងពីថ្ងៃទី២២ ខែ កក្កដា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី ១១ ខែសីហា ឆ្នាំ២០២១ ហើយក៏ត្រូវបានមន្ត្រីនគរបាលយុត្តិធម៌ អ.ប.ព. នាំខ្លួនពីបញ្ជារបើកប្រាក់វីងមួយកន្លែងមក អ.ប.ព. ដើម្បីស្តាប់ចម្លើយ និងកសាងសំណុំរឿង
បញ្ជូនទៅតុលាការ។ អំពើរបស់ជនសង្ស័យ អ៊ុ សេដ្ឋី ដែលបានក្លែងឋានៈជាមន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយ និងឆបោកមានស្ថានទម្ងន់ទោស ដើម្បីជំរិតទារប្រាក់ពីជនរងគ្រោះជាច្រើននាក់ បានធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់កិត្តិយស កិត្យានុភាព និងជំនឿទុកចិត្តរបស់ប្រជាជន ព្រមទាំងមហាជនមកលើ អ.ប.ព។
អង្គភាពប្រឆាំងអំពើពុករលួយបានបញ្ជូនជនសង្ស័យឈ្មោះ អ៊ុ សេដ្ឋី ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ ២០២១ ដើម្បីបន្តនីតិវិធី។
*ករណីទី២៖ ឈ្មោះ ហ៊ុម ភាព ហៅ ជា សុវណ្ណារិទ្ធ ភេទប្រុស អាយុ ៥១ឆ្នាំ មុខរបរ អ្នករត់ម៉ូតូឌុប និងជាអតីតសមាជិកក្រុមប្រឹក្សាសង្កាត់ចោមចៅទី១ បានក្លែងឋានៈជាមន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីជំរិតទារប្រាក់ពីជនរងគ្រោះជាច្រើននាក់។ ឈ្មោះ ហ៊ឹម ភាព បានបំភិតបំភ័យជនរងគ្រោះទាំងនោះតាមទូរស័ព្ទ (061 940 464) ដោយបានប្រើឈ្មោះថ្នាក់ដឹកនាំ អ.ប.ព. និងបានអះអាងថា ខ្លួន (ហ៊ឹម ភាព) មានឋានៈជា អនុប្រធាន អ.ប.ព. បានប្រាប់ទៅជនរងគ្រោះទាំងនោះថា ត្រូវគេបានប្តឹងមកកាន់ អ.ប.ព. ប៉ុន្តែខ្លួន (ហ៊ឹម ភាព) អាចជួយសម្រួល ឬ បិទពាក្យប្តឹងបាន ហើយឈ្មោះ ហ៊ុម ភាពនេះ ក៏បានទារប្រាក់ពីជនរងគ្រោះ ដោយឲ្យជនរងគ្រោះវេរតាមវីងមកខ្លួន (ហ៊ឹម ភាព) ។
បន្ទាប់ពីទទួលបានព័ត៌មានករណីខាងលើ អ.ប.ព. បានតាមដានយ៉ាងគៀក ដោយឈ្មោះ ស៊ឹម ភាព ទារប្រាក់បានសម្រេចចំនួន ៤ដង ដែលមានទឹកប្រាក់សរុបចំនួន ៥០០ដុល្លារ និង ៧០០.០០០រៀល ចាប់តាំងពីថ្ងៃទី ០៦ ដល់ថ្ងៃទី ១០ ខែសីហា ឆ្នាំ២០២១ ហើយក៏ត្រូវបាន អ.ប.ព. នាំខ្លួនឈ្មោះនេះពីបញ្ជាបើកប្រាក់វីងមួយកន្លែងនៅក្នុងខណ្ឌពោធិ៍សែនជ័យ មក អ.ប.ព. ដើម្បីស្តាប់ចម្លើយ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ។ អំពើរបស់ជនសង្ស័យ ហ៊ឹម ភាព ដែលធ្លាប់ជាប់ពន្ធនាគារក្នុងឆ្នាំ ២០១១ ម្តង ហើយមិនរាងចាល បានក្លែងឋានៈជាមន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយ និងឆបោកមានស្ថានទម្ងន់ទោស ដើម្បីជំរិតទារប្រាក់ពីជនរងគ្រោះជាច្រើននាក់ ហើយធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់កិត្តិយស កិត្យានុភាព និងជំនឿទុកចិត្តរបស់ ប្រជាជន ព្រមទាំងមហាជនមកលើ អ.ប.ព. ។
អង្គភាពប្រឆាំងអំពើពុករលួយបានបញ្ជូនជនសង្ស័យឈ្មោះ ហ៊ឹម ភាព ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី ១២ ខែ សីហា ឆ្នាំ ២០២១ ដើម្បីបន្តនីតិវិធី។
បើតាមអ្នកនាំពាក្យ, មុននឹងបញ្ជូនទៅតុលាការ អ.ប.ព. បានរកគ្រប់វិធីដើម្បីឱ្យជនល្មើសទាំង ២ ករណីនេះសងលុយមកដល់អ្នករងគ្រោះបាន យ៉ាងមានប្រសិទ្ធភាពផងដែរ៕