(ភ្នំពេញ)៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ច ចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានអំពាវនាវ ដល់ប្រជាពលរដ្ឋ និងពលករ អាយុចាប់ពី១៨ឆ្នាំឡើង ដែលមិនទាន់បានចាក់រ៉ាក់សាំងបង្ការជំងឺកូវីដ១៩ សូមរួសរាន់ទៅចាក់វ៉ាក់សាំង នៅតាំងដែលកំពុងធ្វើយុទ្ធនាការ ដោយភ្ជាប់ទៅជាមួយនូវអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែន ឬសៀវភៅគ្រួសារ។
នេះបើតាមសេចក្តីជូនដំណឹង របស់លោកស្រី ឱ វណ្ណឌីន នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។
សេចក្តីជូនដំណឹងខាងលើ បានឲ្យដឹងថា គណៈកម្មការចំពោះកិច្ច ចាក់វ៉ាក់សាំងកូវីដ-១៩ បាននឹងកំពុងបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋ និងពលករ ដែលមានអាយុចាប់ពី ១៨ឆ្នាំឡើង នៅទូទាំងប្រទេស ដោយមានការចូលរួមពីប្រជាពលរដ្ឋ ក្នុងការមកចាក់វ៉ាក់សាំងកូវីដ-១៩ បានយ៉ាងផុសផុល។
រហូតមកដល់បច្ចុប្បន្ននេះ គណៈកម្មការចំពោះកិច្ច ចាក់វ៉ាក់សាំងកូវីដ-១៩ សង្កេតឃើញថា នៅមានប្រជាពលរដ្ឋ និងពលករមួយចំនួន មិនទាន់បានមកចាក់វ៉ាក់សាំងកូវីដ-១៩ នៅឡើយ ដោយមូលហេតុផ្សេងៗ (ជាពលករ ឬប្រជាពលរដ្ឋ ឬនិស្សិតដែលបានវិលត្រឡប់មកពីបរទេស ហើយទើបបានបញ្ចប់ការធ្វើចត្តាឡីស័ក ស្ត្រីទើបសំរាលកូនរួច និងមូលហេតុផ្សេងៗទៀត)។
គណៈកម្មការចំពោះកិច្ច ចាក់វ៉ាក់សាំងកូវីដ-១៩ សូមរំលឹកផងដែរថា កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២១ គណៈកម្មការចំពោះកិច្ច ចាក់វ៉ាក់សាំងកូវីដ-១៩ បានរៀបចំទីតាំងនៃមន្ទីរពេទ្យចំនួន២កន្លែង (មន្ទីរពេទ្យព្រះអង្គឌួង និងមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក) សម្រាប់ចាក់វ៉ាក់សាំងកូវីដ-១៩ ជូនដល់បងប្អូនទាំងជនជាតិខ្មែរ រួមទាំងពលករ និងជនបរទេស ដែលនៅសេសសល់មិនទាន់បានចាក់វ៉ាក់សាំងកូវីដ-១៩ ហើយកំពុងរស់នៅក្នុងរាជធានីភ្នំពេញ។ ដោយឡែក ប្រជាពលរដ្ឋ និងពលករ ដែលកំពុងរស់នៅតាមបណ្តាខេត្តនានា សូមអញ្ជើញទៅចាក់វ៉ាក់សាំងកូវីដ-១៩ នៅតាមទីតាំងដែលកំពុងធ្វើយុទ្ធនាការ ដោយភ្ជាប់ទៅជាមួយនូវអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែន ឬសៀវភៅគ្រួសារ។
«អាស្រ័យដូចបានជម្រាបជូនខាងលើ គណៈកម្មការចំពោះកិច្ច ចាក់វ៉ាក់សាំងកូវីដ-១៩ សូមអំពាវនាវដល់ប្រជាពលរដ្ឋ និងពលករមានអាយុចាប់ពី១៨ឆ្នាំឡើងទាំងអស់ ដែលនៅសេសសល់មិនទាន់បានចាក់វ៉ាក់សាំងកូវីដ-១៩ សូមអញ្ជើញរួសរាន់ទៅចាក់វ៉ាក់សាំងកូវីដ-១៩ឱ្យបានគ្រប់គ្នា ស្របពេលជាមួយរដ្ឋបាលរាជធានី-ខេត្ត កំពុងតែបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ នៅទូទាំងប្រទេស»។ នេះបើតាមសេចក្តីជូនដំណឹងដដែល។
សូមជម្រាបថា គិតត្រឹមយប់ថ្ងៃទី១៣ ខែសីហាឆ្នាំ២០២១ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ៨,៧៤៩,៩០៦នាក់ ក្នុងចំណោមប្រជាជនគោលដៅ ១០លាននាក់៕