(ប៉ាគីស្ថាន)៖ មន្រ្តីរបស់រដ្ឋាភិបាលប៉ាគីស្ថាន បានបញ្ជាក់ឲ្យដឹងថា អ្នកស្លាប់ដោយសារករណីបំផ្ទុះគ្រាប់បែកអត្តឃាត នៅក្បែរសួនសាធារណៈមួយកន្លែង ក្នុងទីក្រុង Lahore ប្រទេសប៉ាគីស្ថាន បានកើនឡើងដល់៦៥នាក់ និងអ្នករបួសជាង ២៨០នាក់។
ក្នុងនោះអ្នកស្លាប់ភាគច្រើនជាស្ត្រី និងកូនក្មេង នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters ចេញផ្សាយ Update នាយប់ជ្រៅចូលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៦។
រហូតមកដល់ពេលនេះ ពាក់ព័ន្ធនឹងករណីបំផ្ទុះគ្រាប់បែកនេះ មិនទាន់មានក្រុមណាមួយចេញមុខមកអះអាងថា ជាអ្នកបង្កករណីនេះទេ។
សូមជំរាបថា នៅក្នុងសួន Gulshan-e-Iqbal Park ថ្ងៃនេះ សម្បូរដោយមនុស្សយ៉ាងកុះករ ព្រោះវាជាថ្ងៃបុណ្យ Easter ដែលជាបុណ្យធំនៅក្នុង សាសនាគ្រិស្ត ដូច្នេះហើយទើបបណ្ដាលឲ្យមានមនុស្សស្លាប់ និងរបួសច្រើន។ នៅថ្ងៃសៅរ៍ម្សិលមិញនេះ រដ្ឋាភិបាលតួកគី បានព្រមានដល់បណ្ដាប្រទេស ជាពិសេសអ្នកកាន់សាសនាគ្រិស្តទាំងអស់ ឲ្យប្រុងប្រយ័ត្ន ព្រោះក្រុមឧទ្ទាម ISIS នឹងធ្វើការវាយប្រហារទៅលើសាលាជុំនំ និងវិហារគ្រិស្ដ។
បច្ចុប្បន្នប្រទេសប៉ាគីស្ថាន មានប្រជាជនចំនួនជាង១៩០លាននាក់។ ប្រធានាធិបតីឈ្មោះ Mamnoon Hussain និងនាយករដ្ឋមន្រ្តីឈ្មោះ Nawaz Sharif ។ ប្រទេសប៉ាគីស្ថាន ស្ថិតនៅជាប់ប្រទេស India, China, Iran, Afghanistan៕