(សៀមរាប)៖ ខេត្តសៀមរាប ក៏ជាខេត្តមួយដែលទទួលបានចាក់វ៉ាក់សាំងសម្រាប់ដូសទី១រួចរាល់ហើយសម្រាប់ប្រជាពលរដ្ឋប្រមាណជា ៥០ម៉ឺននាក់ ខណៈដូសទី២ ក៏ចាប់ផ្តើមចាក់ជាបណ្តើរៗផងដែរ។ ការសម្រេចបាននូវការចាក់វ៉ាក់សាំងក្នុងល្បឿនមួយឆាប់រហ័សនេះ ធ្វើឱ្យប្រជាពលរដ្ឋបង្ហាញនូវការត្រេកអរ និងបង្ហាញការនឹកស្មានមិនដល់នោះឡើយថាកម្ពុជាធ្វើបានល្អជាងប្រទេសនៅក្នុងតំបន់អាស៊ាន លើការងារវ៉ាក់សាំងនេះ។
ខេត្តសៀមរាប ជាខេត្តមួយដែលកំពុងរងការរាតត្បាតខ្លាំងពីមេរោគកូវីដ១៩។ គិតត្រឹមថ្ងៃទី១២ ខែសីហា រដ្ឋបាលខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ១៩ រហូតដល់ទៅ ៥,៩៥៦នាក់។ ក្នុងនោះអ្នកព្យាបាលជាសះស្បើយចំនួន ៣,៧១៤នាក់ ស្លាប់ ៦៥នាក់។ មកដល់បច្ចុប្បន្នខេត្តសៀមរាប នៅតែមានអត្រាឆ្លងជំងឺកូវីដ១៩ខ្ពស់នៅឡើយ បើទោះបីរដ្ឋបាលខេត្តដាក់ចេញវិធានការទប់ស្កាត់យ៉ាងស្វិតស្វាញយ៉ាងណាក្តី។
ចំពោះមុខនៃការរីករាលដាលនេះធ្វើឱ្យពលរដ្ឋរស់នៅក្នុងខេត្តតំបន់ទេសចរណ៍វប្បធម៌ល្បាញល្បីមួយនេះ មានការព្រួយបារម្ភខ្លាំងចំពោះសុខភាពរបស់ពួកគេ។ កញ្ញា ហោ ស៊ីវឡាង អាយុ ២៧ឆ្នាំ ជាប្រជាពលរដ្ឋមួយរូបរស់នៅក្នុងក្រុងសៀមរាប។ កញ្ញា បានរៀបរាប់ថា ស្ថានភាពនៃការរីករាលដាលជំងឺកូវីដ១៩ ក្នុងខេត្តនាពេលបច្ចុប្បន្នធ្វើឱ្យកញ្ញាមានអារម្មណ៍ច្របូកច្របល់មិនហ៊ានចេញពីផ្ទះនោះឡើយ។ តែទន្ទឹមនឹងអារម្មណ៍ខ្លាច និងព្រួយបារម្ភ ក៏កញ្ញា ស៊ីវឡាង នៅតែប្រកាន់ខ្ជាប់នូវស្មារតីប្រុងប្រយ័ត្នដោយអនុវត្តន៍នូវវិធានការនានាតាមការណែនាំរបស់ក្រសួងសុខាភិបាល។
«ច្រួលច្របល់ណាស់ និយាយទៅអត់ហ៊ានចេញក្រៅផ្ទះទេ។ បើទៅណាត្រូវមានដបអាល់កុលបាញ់ជាប់រហូត ព្យាយាមប្រយ័ត្នឱ្យបានខ្ពស់មែនទែន»។ នេះជាការបញ្ជាក់របស់ ស៊ីវឡាង។
ក្នុងកំលុងពេលនៃការរីករាលដាលជំងឺកូវីដ១៩នេះ ប្រជាពលរដ្ឋម្នាក់ៗបានយកចិត្តទុកដាក់ខ្ពស់អនុវត្តន៍តាមការណែនាំនានារបស់ក្រសួងសុខាភិបាល ដើម្បីការពារខ្លួនពួកគេកុំឱ្យឆ្លងជំងឺកូវីដ១៩ ឬក៏ចម្លងទៅក្រុមគ្រួសារ។ សម្រាប់កញ្ញា ស៊ីវឡាង ក៏បានយកចិត្តទុកដាក់ខ្ពស់លើការការពារខ្លួនពីជំងឺកូវីដ១៩ នៅពេលចេញទៅខាងក្រៅផងដែរ។
កញ្ញា ហោ ស៊ីវឡាង បានចែករំលែកពិសោធន៍របស់ខ្លួនក្នុងការការពារជំងឺកូវីដ១៩ រាល់ពេលចេញទៅក្រៅ ឬដើរផ្សារ ត្រូវពាក់ម៉ាស់កាន់អាល់កុលតាមខ្លួនជាប់ជាប្រចាំ។ ពេលត្រឡប់មកផ្ទះត្រូវដោះសម្លៀក និងងូតទឹកសំអាតខ្លួន។
កញ្ញា ស៊ីវឡាង បានរៀបរាប់យ៉ាងដូច្នេះ «ធម្មតានៅពេលខ្ញុំចេញក្រៅ គឺដបអាល់កុលដឹងតែមានជាប់ខ្លួន រួចហើយលាងដៃឱ្យញឹកញាប់ នៅពេលចេញទៅក្រៅពេលប៉ះអ្វីមួយត្រូវបាញ់អាល់កុល។ ពេលមកផ្ទះវិញ ត្រូវលាងដៃឱ្យស្អាត បាញ់អាល់កុល។ ពេលមកដល់ផ្ទះភ្លាមខ្ញុំដោះខោអាវដាក់មួយកន្លែង ហើយងូតទឹកឱ្យស្អាតបានប្រាស្រ័យទាក់ទងជាមួយអ្នកផ្ទះ»។
ក្រៅតែពីការអនុវត្តន៍នូវវិធានការនានាហើយនោះ ខេត្តសៀមរាប ក៏បាននិងកំពុងសម្រុកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនដល់ប្រជាពលរដ្ឋ ដើម្បីជួយទប់ទល់ការឆ្លងជំងឺកូវីដ១៩ផងដែរ។ ប្រជាពលរដ្ឋក្នុងខេត្តប្រមាណ ៥០ម៉ឺននាក់បានចាក់វ៉ាក់សាំង។ ក្នុងនោះអ្នកខ្លះចាក់រួចទាំងពីរដូស ខ្លះចាក់រួចដូសទៅ១ និងខ្លះទៀតកំពុងបន្តចាក់ដូសទី២។
កញ្ញា ហោ ស៊ីវឡាង ក៏ដូចជាប្រជាពលរដ្ឋក្នុងខេត្តដទៃទៀតដែរ គឺបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩រួចរាល់ហើយ។ កញ្ញា បានលើកឡើងថា ការចាក់វ៉ាក់សាំងនេះ មានសារសំខាន់សម្រាប់សុខភាពក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ហើយបានអំពាវនាវដល់ប្រជាពលរដ្ឋមិនទាន់បានចាក់អញ្ជើញទៅចាក់ឱ្យបានគ្រប់គ្នា។
កញ្ញា ស៊ីវឡាង បានរៀបរាប់យ៉ាងដូច្នេះ «ខ្ញុំគិតថា ប្រជាជនទាំងអស់គ្នា គួរតែនាំគ្នាមកចាក់វ៉ាក់សាំង បើអាចធ្វើបានកាន់តែឆាប់កាន់តែល្អ។ ចាក់វ៉ាក់សាំងនេះ អាចធ្វើឱ្យយើងការពារកុំឱ្យឆ្លង ហើយបើជំងឺចូលក្នុងខ្លួនយើង វាអាចជួយការពារយើងកុំឱ្យមានភាពធ្ងន់ធ្ងរ អត់ធ្វើឱ្យយើងមានគ្រោះថ្នាក់ដល់ជីវិត។ អ៊ីចឹងការចាក់វ៉ាក់សាំងនេះ គឺពិតជាសំខាន់សម្រាប់យើង»។
ដំណើរការចាក់វ៉ាក់សាំងនៅក្នុងខេត្តសៀមរាប ត្រូវបានរ៉ាប់រងដោយកងទ័ពមកពីយោធភូមិភាគទី៤។ កញ្ញា ស៊ីវឡាង បានកោតសរសើរក្រុមការងារចាក់វ៉ាក់សាំងនៃយោធភូមិភាគទី៤ថាធ្វើបានល្អ និងមានការយកចិត្តទុកដាក់ខ្ពស់ចំពោះអ្នកមកចាក់វ៉ាក់សាំង។
«ខ្ញុំគិតថា ពួកគាត់ធ្វើការបានល្អ។ ខ្ញុំគិតថា សេវារដ្ឋឥឡូវពិតជាល្អ មិនថាតែពេទ្យទាហាន ពេទ្យស៊ីវិល ឬស្ថាប័នផ្សេងៗ គាត់រៀបចំពិតជាល្អ»។ នេះជាការបញ្ជាក់របស់កញ្ញា ស៊ីវឡាង។
ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ គឺជាកិច្ចការដែលរាជរដ្ឋាភិបាលកម្ពុជា មានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខបានយកចិត្តទុកដាក់ខ្ពស់បំផុតក្នុងបេសកកម្មប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដើម្បីការពារសុខមាលភាពរបស់ប្រជាពលរដ្ឋ។ មកដល់ពេលនេះកម្ពុជា ចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋសរុបជាង ៩លាននាក់ហើយ។ លទ្ធផលនេះ បាននាំឱ្យគេវាយតម្លៃថា កម្ពុជាធ្វើបានល្អ លឿនរហ័ស ហើយធ្វើបានល្អបើធៀបនឹងបណ្តាប្រទេសនានាដែលជាសមាជិកអាស៊ាន។
កញ្ញា ស៊ីវឡាង ក៏បានកោតសរសើរចំពោះចំណាត់ការរបស់រាជរដ្ឋាភិបាលផងដែរ។ កញ្ញា បានលើកឡើងយ៉ាងដូច្នេះ «និយាយទៅសម្រាប់ការរៀបចំចាក់វ៉ាក់សាំង។ សូមអរគុណសម្តេចដែលបានស្វះស្វែង ខ្ញុំអត់នឹកស្មានថា ប្រទេសកម្ពុជា គឺជាប្រទេសមួយ បើធៀបទៅនឹងប្រទេសផ្សេងនៅក្នុងតំបន់អាស៊ានពាក់ព័ន្ធការអភិវឌ្ឍយើងនៅក្រោយគេបន្តិច ប៉ុន្តែពាក់ព័ន្ធការចាក់វ៉ាក់សាំង គាត់ [សម្តេចតេជោ] ធ្វើបានល្អមែនទែន។ ប្រជាពលរដ្ឋមួយចំនួនបានចាក់វ៉ាក់សាំងរួចហើយ ហើយខាងមុខអាចឈានទៅចាក់ដូសទី៣ទៀត។ បើយើងធៀបទៅថៃ និងវៀតណាម យើងឈ្នះគេលើការចាក់វ៉ាក់សាំង»។
ពលរដ្ឋខេត្តសៀមរាបរូបនេះ បានថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលបានស្វះស្វែងរកវ៉ាក់សាំង ក៏ដូចជាដាក់ចេញផែនការនានា ដើម្បីឱ្យពលរដ្ឋទទួលបានវ៉ាក់សាំងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ កញ្ញា ស៊ីវឡាង ក៏បានថ្លែងអំណរគុណអ្នកពាក់ព័ន្ធទាំងអស់ ដែលបានប្រឹងប្រែងចាក់វ៉ាក់សាំង ដើម្បីការពារអាយុជីវិតប្រជាពលរដ្ឋ៕