(កំពង់ឆ្នាំង)៖ លោក អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត អភិបាលស្រុកបរិបូណ៌ និងនាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង បានចុះពិនិត្យទីតាំងតំបន់ព្រៃលិចទឹកចំណុចត្រពាំងត្រស់ ក្នុងភូមិល្បើក នៅភូមិពោធិ៍ ឃុំខុនរ៉ង ស្រុកបរិបូណ៌ ដើម្បីត្រៀមដាំកូនឈើឡើងវិញ បន្ទាប់ពីបានរងនូវការបំផ្លាញពីជនខិលខូច។
លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង ដែលបានចូលរួមក្នុងការងារចុះពិនិត្យដីព្រៃលិចទឹក ត្រូវបានគេឈូសបំផ្លាញខាងលើនេះដែរ បានបញ្ជាក់ថា តំបន់ព្រៃលិចទឹកត្រពាំងត្រស់នេះ ត្រូវបានជនខិលខូចលួចឈូសឆាយបំផ្លាញអស់ប្រមាណ ២៥ហិកតា ក្នុងពេលថ្មីៗនេះ។ ក្នុងករណីនេះដែរ សមត្ថកិច្ចជំនាញបានចុះមកស្រាវជ្រាវរកឃើញជនសង្ស័យចំនួន៣នាក់ ជាអ្នកឈូសឆាយបំផ្លាញយកជាកម្មសិទ្ធិ និងបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការបន្តតាមនិតិវិធី។
ក្នុងពេលនោះដែរ លោក អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង បានលើកឡើងថា ដើម្បីកុំឱ្យជនខិលខូចចូលកាន់កាប់ដីដែលបានឈូសឆាយហើយនេះ មន្ត្រីជំនាញត្រូវរកកូនឈើព្រៃលិចទឹកមកដាំដុះក្នុងតំបន់នេះឡើងវិញក្នុងពេលឆាប់ៗ ខាងមុខនេះ ដើម្បីរួមគ្នាបង្កើនការថែរក្សាការ ពារព្រៃលិចទឹក ដែលជាជម្រកត្រីពងកូនឱ្យបានគង់វង្ស។
ទាក់ទងនឹងករណីនេះដែរ លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា តាមរបាយការណ៍របស់ជំនាញ ចាប់តាំងពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២១នេះ សមត្ថកិច្ចជំនាញបានកសាងសំណុំរឿងបទល្មើសឈូសឆាយដីព្រៃលិចទឹកនៅទូទាំងខេត្ត ចំនួន៨០ករណី បញ្ជូនទៅតុលាការ ក្នុងនោះដែរសមត្ថកិច្ចបានចាប់ឃាត់ទុកត្រាក់ទ័របទល្មើសចំនួន ២៩គ្រឿង ក៏បានកសាងសំណុំរឿងបញ្ជូនទៅតុលាការផងដែរ។
រីឯចំណាត់ការយ៉ាងណាទៅលើជនសង្ស័យ និងគ្រឿចក្រទាំងអស់ខាងលើនេះលោកមិនបានដឹងនោះទេ អាស្រ័យទៅលើឆន្ទានុសិទ្ធិរបស់តុលាការ ចំណែកដីព្រៃលិចទឹកដែលជនសង្ស័យបានឈូសបំផ្លិចបំផ្លាញត្រូវដកហូតយកមកទុកជាសម្បត្តិរដ្ឋវិញ ហើយដីមួយចំនួន មន្ត្រីជំនាញ និងសហការជាមួយអាជ្ញាធរ យកកូនឈើប្រភេទឈើព្រៃលិចទឹកយកមកដាំឡើងវិញនៅរដូវសម្រកនេះផងដែរ។
លោកបានបញ្ជាក់ថា ករណីថ្មីៗកន្លងទៅពាក់ព័ន្ធនឹងការលួចឈូសឆាយដីព្រៃលិចទឹករបស់រដ្ឋនៅចំណុចឃុំផ្លូវទូក ដែលរកឃើញដីព្រៃលិចទឹកចំនួន២០ហិកតា ចំណុចភូមិកំពង់អួរ ឃុំខុនរ៉ង១២ហិកតា, ចំណុចភូមិល្បើក និងភូមិពោធិ៍ ឃុំខុនរ៉ង់ ទាំងចាស់ទាំងថ្មីចំនួន៥៦ហិកតា ក៏បានកសាងសំណុំរឿងបញ្ជូនទៅតុលាការរួចរាល់ហើយដែរ។
ជុំវិញករណីខាងលើនេះប្រជាពលរដ្ឋ សំណូមពរដល់ស្ថាប័នអនុវត្តន៍ច្បាប់ មេត្តាដាក់ទោសទណ្ឌ ទៅតាមបញ្ញត្តិច្បាប់ឱ្យបានម៉ឺងម៉ាត់ចំពោះជនសង្ស័យ ដែលបានឈូសឆាយដីព្រៃលិចទឹករបស់រដ្ឋ ដែលបច្ចុប្បន្ននៅសេសសល់តែបន្តិចបន្តួច ត្រូវនាំគ្នាជួយថែរក្សាទុកសម្រាប់ជម្រកត្រីពងកូន ដើម្បីបន្តពូជពង្សតទៅថ្ងៃមុខទៀត។
សូមបញ្ជាក់ថា ព្រៃលិចទឹកមានតួនាទីយ៉ាងសំខាន់ណាស់ក្នុងវិស័យជលផល និងវិស័យជាច្រើនទៀត ដែលយើងទាំងអស់គ្នាត្រូវការពារយ៉ាងម៉ឹងម៉ាត់បំផុត ដើម្បីធានាកុំឱ្យវិនាសបាត់បង់ ពីព្រោះព្រៃលិចទឹកជាប្រភពផ្ដល់ចំណី និងជាកន្លែងបង្កកូនយ៉ាងកក់ក្តៅរបស់ហ្វូងមច្ឆាជាតិ និងវារីសត្វផ្សេងៗទៀត ដែលជាធនធានជលផល ព្រោះនៅក្នុងព្រៃលិចទឹក មានចំណីធម្មជាតិយ៉ាងសំបូរបែបដែលអា ចបំប៉នជីវចម្រុះធនធានជលផលខាងលើនេះឱ្យមានការរីកចម្រើនច្រើនយ៉ាងឆាប់រហ័ស។
ព្រៃលិចទឹកក៏ជារបាំងខ្យល់ព្យុះការពារលំនៅដ្ឋានរបស់ប្រជានេសាទ ឬប្រជាពលរដ្ឋដែលមានទីលំនៅបណ្ដែតទឹកឬក៏ផ្ទះនៅតាមជួរមាត់ទន្លេ ព្រៃលិចទឹកក៏ជាកត្តាស្លាប់រស់របស់វិស័យជលផលទៀតផង និងមានតួនាទីយ៉ាងសំខាន់ជាច្រើនទៀត ទីណាមានព្រៃលិចទឹក ទីនោះសម្បូរត្រី និងប្រជាពលរដ្ឋរស់នៅយ៉ាងសុខសាន្ត៕