(ភ្នំពេញ)៖ អភិបាលខណ្ឌបឹងកេងកង លោក ធឹម សំអាន បានអំពាវនាវដល់ប្រជាពលរដ្ឋ ចូលរួមអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣កុំនិង ៣ការពារ របស់ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាវិធានការនានារបស់ក្រសួងសុខាភិបាល ដើម្បីបញ្ជៀសបាននូវការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ជាពិសេសមេរោគបម្លែងថ្មី ដែលតា (Delta) ដែលកំពុងតែឆ្លងចូលក្នុងសហគមន៍នៅក្នុងប្រទេសកម្ពុជា ក៏ដូចជានៅរាជធានីភ្នំពេញនេះផងដែរ។
លោកអភិបាលខណ្ឌបឹងកេងកង ថ្លែងអំពាវនាវបែបនេះ ក្នុងឱកាសលោកនាំយកអំណោយ ចែកជូនដល់ប្រជាពលរដ្ឋខ្វះខាតជីវភាព ចំនួន ៤០គ្រួសារ រស់នៅក្នុងសង្កាត់ទួលស្វាយព្រៃ២ នាព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១នេះ។
អភិបាលខណ្ឌបឹងកេងកង ក៏បានសំណូមពរដល់ពលរដ្ឋនៅក្នុងមូលដ្ឋានខណ្ឌ ពិសេសក្នុងមូលដ្ឋានសង្កាត់ទួលស្វាយព្រៃ២ គោរព និងអនុវត្តនូវបម្រាមគោចរ ដែលបានដាក់ចេញដោយរដ្ឋបាលរាជធានីភ្នំពេញ ព្រោះថាមកដល់ពេលនេះ អាជ្ញាធរអនុវត្តតាមនីតិវិធី មិនមានការណែនាំទៀតឡើយ។ ចំពោះអ្នកដែលល្មើសនឹងបំរាម ក៏ដូចជាវិធានការនានា ដែលដាក់ចេញដោយរដ្ឋបាលរាជធានី ដូចជាការជួបជុំផឹកស៉ីជាដើម គឺអាជ្ញាធរមានសមត្ថកិច្ចនៅពេលដែលល្បាតឃើញ នឹងធ្វើការឃាត់ខ្លួន រួចយកសំណាក និងចាត់ការទៅតាមផ្លូវច្បាប់ ដោយកសាងសំណុំរឿងបញ្ជូនទៅតុលាការតែម្ដង។
នៅក្នុងឱកាសនេះដែរ លោកអភិបាលខណ្ឌ បាននាំនូវការផ្ដាំផ្ញើសួរសុខទុក្ខ ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជា ជូនដល់បងប្អូនពូមីងនៅក្នុងឱកាសនេះផងដែរ។
អំណោយដែលបានផ្ដល់ជូនដល់ពួកគាត់ទីទ័លក្រនាឱកាសនោះ ដោយក្នុងមួយគ្រួសារៗទទួលបានអង្ករ ២៥គីឡូក្រាម មី១កេស និងថវិកា ២ម៉ឺនរៀល។
នាឱកាសនោះផងដែរ ប្រជាជនទីទ័លក្រ ដែលទទួលបានអំណោយថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោក ធឹម សំអាន ថ្នាក់ដឹកនាំខណ្ឌបឹងកេងកង ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ចំពោះជីវភាពរស់នៅរបស់ប្រជាជនក្នុងមូលដ្ឋាន ពិសេសអ្នកជួបការលំបាកផ្នែកជីវភាពប្រចាំថ្ងៃ តួយ៉ាងដូចថ្ងៃជាដើម។
ក្នុងព្រឹកថ្ងៃដដែលនេះដែរ លោក ធឹម សំអាន បានបន្តដំណើរដោយយកនូវអំណោយជាអង្ករចំនួន ៦០បាវ ក្នុងមួយៗបាវមាន ទម្ងន់ ២៥គីឡូក្រាម ទៅប្រគេនដល់ព្រះសង្ឃ គង់ចាំព្រះវស្សានៅវត្តមហាមន្រ្តី៕